ភ្នំពេញ ៖ មួយរយៈមុននេះ មានការវែកញែកច្រើនអំពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងមានការតវ៉ាពីសំណាក់អ្នកជាប់ពន្ធទៅអគ្គនាយកដ្ឋានពន្ធដារ ហើយពន្ធប្រភេទនេះក៏ឃើញថាមានសកម្មភាពប្រមូលពីអគ្គនាយកដ្ឋានផុសផុលនៅឆ្នាំ២០២៣នេះ ។ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញអន្តរាគមន៍ និងកំណត់ជាថ្មីលើពន្ធមួយប្រភេទនេះ។ នៅថ្ងៃនេះដែរ AMS Economy នឹងលម្អិតពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ជូនដូចខាងក្រោម។
បើតាមប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យបានដឹងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំ។ ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ។ ប៉ុន្តែបើតាមប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រីបានកំណត់ពន្ធលើដីធ្លីមិនប្រើប្រាស់សម្រាប់តំបន់ក្រៅពីក្រុងវិញ និងមានទំហំចាប់ពី៥ហិកតាឡើងទៅ ។

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានគោលបំណងដើម្បីទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស , ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ, បង្កើនសកម្មភាពសេដ្ឋកិច្ច និងកម្លាំងការងារ, រួមចំណែកដល់ប្រយោជន៍ និងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ។
ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករនៃដីជាប់ពន្ធ និងអ្នកជួលដីពីរដ្ឋ ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅអគ្គនាយកដ្ឋានពន្ធដារ ចំពោះដីដែលស្ថិតនៅរាជធានីភ្នំពេញ និងនៅខេត្ត ឬនៅសាខាពន្ធដារខេត្តដែលដីនោះស្ថិតនៅ ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
អត្រាពន្ធនេះត្រូវកំណត់តាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ ។ មូលដ្ឋានគិតពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារ តាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

កម្មវត្ថុត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាដីទាំងឡាយណាដែលពុំមានលក្ខណៈណាមួយនៃលក្ខណៈទាំង៥ ដូចខាងក្រោម ៖
១. ដីមានសំណង់ស្ថិតក្នុងតំបន់លំនៅដ្ឋាន ដែលកម្មសិទ្ធិករប្រើប្រាស់ជាកន្លែងស្នាក់នៅជាគោល និងបានស្នាក់នៅកន្លែងនោះចំនួន ១៨៣ថ្ងៃ ឬច្រើនជាង គិតចាប់ពីថ្ងៃទី០១ ខែតុលា នៃឆ្នាំកន្លងទៅរហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ ។ សម្រាប់ការកំណត់ពន្ធនេះ កម្មសិទ្ធិករម្នាក់ពុំអាចមានទីកន្លែងស្នាក់នៅជាគោលសំខាន់លើសពីមួយកន្លែងបានទេ។
២. ដីជួលដែលមានសំណង់មានការកាន់កាប់ជាដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ឬស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច ដែលបានជួលឱ្យទៅអតិថិជនដើម្បីយកឈ្នួលប្រចាំខែ ប្រចាំឆ្នាំ ឬក្រោមកិច្ចសន្យារយៈពេលវែង ហើយលាភប្រចាំខែទទួលបានពីការជួលលើសពី ៨០% នៃចំនួនមួយភាគដប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។
៣.ដីដែលមានសកម្មភាពសេដ្ឋកិច្ច ជាដីដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ចដូចជា ដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ស្របតាមការកំណត់តំបន់របស់រដ្ឋ និងប្រាក់ចំណូលប្រចាំខែបានមកពីសកម្មភាពសេដ្ឋកិច្ចទាំងនោះលើសពីចំនួន ៨០% នៃចំនួនមួយភាគដប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

៤. ដីជាកម្មសិទ្ធិរដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬជារូបវន្តបុគ្គល ជាដីសាធារណៈ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ទោះបីមានក្នុងបញ្ជីសារពើភណ្ឌ ឬក្រៅបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋក្តី ហើយដីនោះមានលក្ខណៈណាមួយនៃចំណុចទាំង៣ខាងលើ។
៥. ដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ជាដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគនិងដីសម្បទាន ដែលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យធ្វើវិនិយោគលើវិស័យអ្វីមួយ ឬដីសម្បទាន រយៈពេលខ្លី មធ្យម ឬវែង ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យអនុវត្តនូវគម្រោងអ្វីមួយ។ ប្រសិនបើដីវិនិយោគ ឬសម្បទាននោះពុំបាន ឬពុំទាន់ដំណើរការដោយមូលហេតុប្រធានសក្តិ ឬដោយមូលហេតុអសន្តិសុខផ្សេងៗនោះពុំត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ ប៉ុន្តែលុះណាតែការអាក់ខាន ឬពន្យារពេលនោះ មានការបញ្ជាក់ទទួលយល់ព្រមពីស្ថាប័នជំនាញមានសមត្ថកិច្ច និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content