បរទេស ៖ ខណៈដែលស្ថានការណ៍សេដ្ឋកិច្ចមិនទាន់ច្បាស់លាស់វិញនៅឡើយដោយសារបញ្ហាវិបត្តិសកលជាច្រើននោះ ពិភពលោកក្នុងឆ្នាំ២០២៤នេះនឹងមានព្រឹត្តិការណ៍មិនធ្លាប់កើតមានមួយដែលក្នុងនោះមនុស្សដល់ទៅជាង៤ពាន់លាននាក់នឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គេរៀងៗខ្លួន។
កាសែត The Economist បានរកឃើញថាមនុស្សនៅជុំវិញពិភពលោកដល់ទៅ ៤,២ពាន់លាននាក់នឹងត្រូវចូលរួមការបោះឆ្នោតនៅក្នុងឆ្នាំ២០២៤នេះចាប់រាប់តាំងពីបង់ក្លាដេសនៅខែមករា រហូតទៅដល់ អាមេរិក នៅខែវិច្ឆិកា។ វាគឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់កើតមាននៅឡើយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ដោយសារតែកាលពីឆ្នាំ១៩២២ នៅពេលដែលពិភពលោកអាចមានសិទ្ធិសេរីភាពដំបូងក្នុងការទទួលយកការបោះឆ្នោតជាសកលដែលកាលពីគ្រានោះមានពលរដ្ឋរស់នៅលើពិភពលោកត្រឹមតែ៩ភាគរយប៉ុណ្ណោះដែលបានចូលរួមការបោះឆ្នោត។
មកដល់ឆ្នាំ២០២២កន្លងទៅថ្មីនេះ កំណើននៃការបោះឆ្នោតជាសកលនៅជុំវិញពិភពលោកក៏មានត្រឹមតែ ១ ភាគ ៣ ប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២៤នេះវាគឺជាលើកដំបូងដែលប្រជាជាតិដល់ទៅ ៤៣ក្នុងចំណោមប្រជាជាតិសរុប៧១នឹងរៀបចំការបោះឆ្នោតតាមប្រទេសរបស់គេ។
ទោះបីជាយ៉ាងណា ប្រព័ន្ធនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យក្នុងសម័យបច្ចេកវិទ្យាទំនើបនេះក៏កំពុងទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងក្លាផងដែរ ដោយសារបញ្ហាទំនុកចិត្តទៅលើបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយជាដើម ជាពិសេសការកើនឡើងនៃបច្ចេកវិទ្យា AI ដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងបានត្រឹមត្រូវនៅឡើយនោះទេ។
គួរឲ្យដឹងដែរថា ក្នុងឆ្នាំដែលវិបត្តិសេដ្ឋកិច្ចកំពុងបន្តកើតមានឡើងនៅឡើយនេះ ពិភពលោកទាំងមូលគឺកំពុងទន្ទឹងរង់ចាំមើលខ្លាំងជាងគេទៅលើលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆកា ឆ្នាំ២០២៤ខាងមុខនេះ៕