ភ្នំពេញ ៖ «កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!» នេះ ជាការលើកឡើងដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុង «ទិវាសហគ្រិនភាពកម្ពុជា ២០២៥» លើកទី១៣ ឆ្នាំ២០២៥ ដែលត្រូវបានរៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា នៅរោងភាពយន្តលេជេន អូឡាំព្យាម៉ល។ ព្រឹត្តិការណ៍នេះត្រូវបានបើកជាអធិបតីដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការថ្លែងសុន្ទរកថាអបអរសាទរពិធីទាំងមូល។

ក្នុងឱកាសដ៏សំខាន់នៃ «ទិវាសហគ្រិនភាពកម្ពុជា ២០២៥» នេះ ជាកិច្ចចាប់ផ្តើម ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖
«កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលវិស័យឯកជន និងរដ្ឋ ជាម្ចាស់ភាគហ៊ុន! យើងត្រូវរួមគ្នាអភិវឌ្ឍក្រុមហ៊ុនដ៏ធំនេះឲ្យរីកចម្រើនកាន់តែខ្លាំង និងមានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ»។
លោកឧកញ៉ាបានបន្តទៀតថា ៖ ក្នុងនាមជាសហគ្រិន ត្រូវតែបន្តអភិវឌ្ឍខ្លួនជានិច្ច ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា និងចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូវិនិយោគ គឺរាជរដ្ឋាភិបាល ក្នុងការសម្រេចនូវទិសដៅរួមមួយនេះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ៖ វិស័យសាធារណៈ និងឯកជន គឺជាដៃគូមិនអាចខ្វះបានដើម្បីអាចសម្រេចគោលដៅជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ៖
«វិស័យសាធារណៈនិងវិស័យឯកជន គឺជាដៃគូដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសក្នុងការចូលរួមសម្រេចឲ្យបាននូវទិសដៅ ឆ្នាំ២០៣០ ដើម្បីកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ខាងមុខ។ ទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នាដើម្បីសម្រេចនូវទិសដៅដ៏សំខាន់មួយនេះ»។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយនេះគឺជាការផ្តល់ឱកាសពិសេសដល់ម្ចាស់អាជីវកម្ម សហគ្រិន និងក្រុមហ៊ុនបង្កើតថ្មីទាំងអស់ ក្នុងការចែករំលែកគន្លឹះយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហការ ជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគធំៗនៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការរៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា ប្រព្រឹត្តទៅនៅរោងភាពយន្តលេជេន អូឡាំព្យាម៉ល៕














វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content