ក្នុងពេលដែលអាមេរិក និងមហាអំណាចសេដ្ឋកិច្ចពិភពលោកផ្សេងទៀតនៅលោកខាងលិចកំពុងជួបប្រទះបញ្ហាវិបត្តិអតិផរណាដែលទំនិញ និងសេវាកម្មបានបន្តឡើងថ្លៃឥតឈប់ឈរនោះ ចិនកំពុងជួបវិបត្តិផ្សេងដែលមានទិសដៅផ្ទុយគ្នា ប៉ុន្តែមានលក្ខណៈធ្ងន់ធ្ងរជាងនោះគឺបរិត្តផរណា ឬហៅថា Deflation។
បរិត្តផរណាផ្ទុយពីអតិផរណាត្រង់ថា ទំនិញ និងសេវាកម្មទាំងអស់បានចុះថ្លៃខ្លាំង ហើយក្នុងពេលជាមួយគ្នាទំនុកចិត្តអតិថិជនក៏ធ្លាក់ចុះតាមនោះដូចគ្នា ដែលបណ្តាលឲ្យប្រតិបត្តិការទិញលក់មានការធ្លាក់ចុះខ្លាំងបណ្តាលឲ្យមានអត្រាពលរដ្ឋអត់ការងារធ្វើមានសន្ទុះកើនឡើងខ្លាំងពិបាកទប់ស្កាត់។
សំណួរជាច្រើនបាននាំគ្នាចោទសួរថា តើវិបត្តិនៅចិនមួយនេះនឹងធ្វើឲ្យប៉ះពាល់ដល់កម្ពុជា ឬទេ ?
តាមការស្រាវជ្រាវរបស់អ្នកជំនាញអន្តរជាតិកន្លងមក និងត្រូវបានយកមកចេញផ្សាយតាមបណ្តាញសារព័ត៌មានដូចជា BBC ជាដើមបានពន្យល់ថា រយៈពេលនៃការធ្លាក់ចុះតម្លៃទំនិញ និងសេវាកម្មនៅក្នុងប្រទេសចិនក៏អាចប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន និងការចំណាយរបស់អ្នកប្រើប្រាស់ផងដែរ។

បញ្ហានេះអាចនាំឱ្យមានភាពអត់ការងារធ្វើកាន់តែខ្ពស់នៅចិនដោយសារតែសង្វាក់ផលិតកម្មនឹងចាប់ផ្តើមបិទ ឬផ្អាកប្រតិបត្តិការជាបន្តបន្ទាប់ ហើយវាអាចបណ្តាលឱ្យមានការធ្លាក់ចុះនៃតម្រូវការនៅទូទាំងប្រទេស ដែលជាទីផ្សារធំបំផុតរបស់ពិភពលោក ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ពិភពលោកជាមួយនឹងវិស័យជាច្រើនដូចជាថាមពល វត្ថុធាតុដើម អាហារ និងផលិតផលជាច្រើនផ្សេងទៀត។
ដូនេះ ចម្លើយដែលយើងអាចនិយាយបានថា ផលប៉ះពាល់ពិតជាមានសម្រាប់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក។ ដោយឡែកសម្រាប់តែប្រេទេសកម្ពុជា បើមានផលប៉ះពាល់ក៏ស្ថិតក្នុងកម្រិតមួយទាបបំផុត ខណៈដែលអ្នកជំនាញសេដ្ឋកិច្ចក្នុងស្រុកបានលើកឡើងថា ក្នុងបរិបទនេះកម្ពុជាបែរជាអាចទទួលបានផលចំណេញទៅវិញ ខណៈដែលផលិតផល និងទំនិញជាច្រើនដែលចរាចរណ៍នៅក្នុងប្រទេសភាគច្រើនគឺនាំចូលពីប្រទេសចិន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS ថា ស្ថិតនៅក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ស្ទើរតែគ្រប់បណ្តាប្រទេសនៅលើសកលលោកកំពុងទទួលរងនូវផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច ដែលក្នុងនោះសូម្បីប្រទេសជឿនលឿន និងមហាអំណាចសហរដ្ឋអាមេរិក ចិន ក៏ជួបវិបត្តិសេដ្ឋកិច្ចដូចគ្នា។
លោកបណ្ឌិតបានបន្តថា ៖ ដោយឡែកសម្រាប់តែប្រទេសចិន កំពុងកើតមានវិបត្តិបរិត្តផរណា ផ្ទុយពីសហរដ្ឋអាមេរិកដែលកើនឡើងអតិផរណាយ៉ាងធ្ងន់ធ្ងរដែលធ្វើឱ្យតម្លៃមុខទំនិញ ក៏ដូចជាសេវាកម្មផ្សេងៗឡើងថ្លៃ ខណៈដែលពលរដ្ឋរបស់ខ្លួនធ្លាក់នូវប្រាក់ចំណូល។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍បញ្ជាក់ថា ៖
«ក្នុងបរិបទនេះ ប្រទេសណាក៏ដូចជាប្រទេសដែរ គឺភាគច្រើនទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល។ ប៉ុន្តែបើសួរថា តើប្រទេសកម្ពុជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិបរិត្តផរណាប្រទេសចិនកម្រិតណានោះ? ជាចម្លើយឆ្លើយរបស់ខ្ញុំ គឺមិនមាននោះទេ ផ្ទុយទៅវិញ កម្ពុជាអាចទទួលបានផលចំណេញ ព្រោះវិបត្តិបរិត្តផរណានៅប្រទេសបានធ្វើឱ្យតម្លៃទំនិញធ្លាក់ចុះ ខណៈដែលទំនិញ និងផលិតផលជាច្រើនដែលចរាចរណ៍នៅកម្ពុជាគឺនាំចូលពីប្រទេសចិន»។
លោកបណ្ឌិតបន្តថា ៖
«ទំនិញភាគច្រើនដែលជាវត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា គឺត្រូវបាននាំចូលពីប្រទេសចិន ហើយផលិតចេញជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ ដូច្នេះយើងអាចចំណេញ ត្បិតតម្លៃវត្ថុធាតុដើមធ្លាក់ចុះ។ ប៉ុន្តែអ្វីដែលជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាគឺការធ្លាក់ចុះនូវការបញ្ជាទិញ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប។ ដូច្នេះ វិបត្តិបរិត្តផរណា ឬ Deflation នេះ ហាក់មិនប៉ះពាល់ដល់កម្ពុជានោះទេ»។
គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគី ចិន-កម្ពុជា ក្នុងឆ្នាំ២០២២ ធ្វើបានប្រមាណជា ១១,៦៨ ពាន់លានដុល្លារកើនជាង ៤ ភាគរយបើធៀបឆ្នាំ២០២១ ខណៈដែលទំហំពាណិជ្ជកម្មរវាងចិន-ថៃ មានទៅដល់ ១៣៥ពាន់លានដុល្លារស្ថិតនៅក្នុងអត្រាកំណើន ៣ភាគរយ ពោលគឺទំហំពាណិជ្ជកម្មរវាងកម្ពុជា ថៃ ជាមួយចិន គឺមានភាពខុសគ្នាទៅដល់ជាង១០ដង។

ងាកទៅមើលពាណិជ្ជកម្មរវាងចិន និងវៀតណាមមានទំហំដល់ទៅ ១៤៦,៩៦ពាន់លានដុល្លារកាលពីពេលវេលាដូចគ្នាពោលក៏មានទំហំច្រើនជាងពាណិជ្ជកម្មជាមួយនឹងកម្ពុជាដល់ទៅជាង១០ដងដូចគ្នាដែរ។ ដោយឡែក សម្រាប់ប្លុកអាស៊ានទាំងមូលទំហំពាណិជ្ជកម្មជាមួយនឹងចិនមានការកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០២២ ក្នុងអត្រាដល់ទៅ១៥ភាគរយ ឬប្រមាណជា ៩៧៥,៣ពាន់លានដុល្លារធៀបទៅនឹងទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ដែលមានត្រឹមតែ៦៤១,៥ពាន់លានដុល្លារ។
កាន់តែអាចបញ្ជាក់ច្បាស់ទៀតថា វិបត្តិសេដ្ឋកិច្ចនៅចិន គឺជាក្តីពួ្រយបារម្ភរបស់បណ្តាប្រទេសនានាជាច្រើនទាំងក្នុងតំបន់ និងសកល ពោលគឺមិនមែនតែនៅកម្ពុជានោះទេ ខណៈដែលទំហំពាណិជ្ជកម្ម និងឥទ្ធិពលចិននៅអឺរ៉ុប គឺមានកម្លាំងខ្លាំងមិនចាញ់នៅតំបន់អាស៊ីអាគ្នេយ៍នោះដែរ។
នៅឆ្នាំ២០២២ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់សហភាពអឺរ៉ុបបន្ទាប់ពីសហរដ្ឋអាមេរិក ហើយបើយោងតាមទិន្នន័យរបស់ Eurostat បានបង្ហាញពីទំហំពាណិជ្ជកម្មកាលពីឆ្នាំមុនរវាង ប្លុកអឺរ៉ុប និងចិនបានឈានដល់ ៨៥៦,៣ ពាន់លានអឺរ៉ូ ឬត្រូវជា ៩៣៨ពាន់លានដុល្លារ ដែលស្មើនឹង ១៥,៣ភាគរយនៃពាណិជ្ជកម្មសរុបរបស់អឺរ៉ុប៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content