ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមវេទិកាទឹក និងការអភិវឌ្ឍទីក្រុងឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ដោយបានចែករំលែកជូនអង្គវេទិកាអំពីបទពិសោធ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងបរិវត្តកម្មសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Scott Morris ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការបន្តគាំទ្ររបស់ ADB ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសហគមន៍ដែលងាយរស់នៅ និងមានភាពធន់ ដោយបន្ស៊ីយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់ ADB ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖
«ធនាគារអភិវឌ្ឍន៍អាស៊ី អាចដើរតួនាទីគន្លឹះក្នុងការជំរុញលើកកម្ពស់សហគមន៍ដែលងាយរស់នៅ និងមានភាពធន់នៅកម្ពុជា ដោយប្រកាន់យកអភិក្រមពហុវិមាត្រ រួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងភាពធន់ នវានុវត្តន៍បច្ចេកវិទ្យា ការស្រាវជ្រាវ និងអភិវឌ្ឍន៍»។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាកម្រិតខ្ពស់ស្តីពី “លើសពីហិរញ្ញប្បទាន៖ ភាពជាដៃគូយុទ្ធសាស្ត្រជាស្នូលសម្រាប់ការអភិវឌ្ឍជាតិ “។

ឯកឧត្តមបានបន្ថែមថា៖
«កម្ពុជាប្រើប្រាស់ភាពជាដៃគូយុទ្ធសាស្ត្រ មិនមែនហិរញ្ញវត្ថុ ដូចជា កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពកាន់តែច្រើនឡើង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ក្នុងបរិការដែលធនធានហិរញ្ញវត្ថុមានកម្រិត»។
នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Fatima Yasmin និងនាយកប្រតិបត្តិ លោកស្រី Rachel Thompson ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីអាទិភាពរបស់កម្ពុជា ក្នុងការកសាងសហគមន៍ដែលមានភាពធន់ និងទីក្រុងដែលងាយរស់នៅ ដោយរួមមានការពង្រីកការផ្គត់ផ្គង់ និងការផ្តល់តម្លៃដល់ទឹកស្អាត ការជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ការលើកកម្ពស់ភាពជាដៃគូវិស័យសាធារណៈ និងឯកជន និងការបង្កើនភាពធន់ទៅនឹងអាកាសធាតុ៕







វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content