មនុស្សភាគច្រើនបានស្គាល់រួចមកហើយអំពីមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Hub) ដែកមានឈ្មោះ Silicon Valley នៅសហរដ្ឋអាមេរិក។ Silicon Valley ជាបណ្តុំនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោក និងអាជីវកម្មកើតថ្មីបែបបច្ចេកវិទ្យាដ៏មានសក្តានុពល ដែលមានភាពលេចធ្លោបំផុតរបស់ពិភពលោក ។ សព្វថ្ងៃនេះ វាគឺជាទីស្នាក់ការកណ្តាលនៃសាជីវកម្មបច្ចេកវិទ្យាខ្ពស់ធំៗជាច្រើនរបស់ពិភពលោក រួមទាំងអាជីវកម្មរាប់ពាន់ដែលអាចមានតម្លៃរហូតទៅដល់រាប់រយពាន់លានដុល្លារ។
ថ្វីត្បិតតែវាមានទីតាំងស្ថិតនៅក្នុងប្រទេសអាមេរិកក្តី ប៉ុន្តែឥទ្ធិពលនៃប្រតិបត្តិការអាជីវកម្មរបស់បណ្តាក្រុមហ៊ុន និងអាជីវកម្មកើតថ្មីនៅ Silicon Valley បានចូលរួមចំណែកយ៉ាងធំផងដែរនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលស្របទៅតាមសម័យបច្ចេកវិទ្យា និងឧស្សាហកម្ម ជំនាន់ទី៤តាមរយៈការចាក់ស្រេះនូវបណ្តាញអាជីវកម្មរបស់ពួកគេជាមួយនឹងប្រទេសជាច្រើនទៀត។
តើអ្វីទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ ឬ Innovation Hub ហើយថា តើវាមានអត្ថប្រយោជន៍យ៉ាងណាសម្រាប់ប្រជាជាតិដែលបានខិតខំធ្វើកិច្ចការងារមួយនេះ?
មជ្ឈមណ្ឌលនវានុវត្តន៍គឺជាកន្លែងប្រមូលផ្តុំអ្នកស្រាវជ្រាវ អ្នកបង្កើតថ្មី និងអ្នកច្នៃប្រឌិតដើម្បីបណ្តុះគំនិតឲ្យកើតចេញទៅជាផលិតផល និងសេវាកម្មដែលអាចមានលទ្ធភាពក្នុងការផ្លាស់ប្តូរវិស័យឧស្សាហកម្មបានកាន់តែប្រសើរ និងមាននិរន្តភាព។ ទីតាំងរបស់វាត្រូវបានគេចាត់ទុកថាជាចំណុចស្នូលនៃទីក្រុង ឬជាមជ្ឈមណ្ឌលនៃសកម្មភាពនវានុវត្តន៍ ដែលលើកទឹកចិត្តដល់ការសហការផង បម្រើជាវេទិការសម្រាប់គំនិតថ្មីៗផង និងជួយអ្នកច្នៃប្រឌិតឱ្យស្វែងរកដំណោះស្រាយថ្មីៗតាមទំរង់បច្ចេកវិទ្យាផង។
បកស្រាយឲ្យងាយយល់ Innovation Hub វាគឺជាទីកន្លែងដែលគំនិតថ្មីៗដែលប្រកបដោយបច្ចេកវិទ្យា និងភាពងាយស្រួលមកប្រមូលផ្តុំគ្នា ហើយផលិតចេញជាផលិតផល និងសេវាកម្មថ្មីដែលអាចបំពេញតាមតំរូវការទីផ្សារទាំងបច្ចុប្បន្ន បន្តទៅទៅអនាគត។ ការច្នៃប្រឌិតដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គមដោយក្រៅតែពីជួយជំរុញកំណើនសេដ្ឋកិច្ចដោយការបង្កើតផលិតផល សេវាកម្ម និងឧស្សាហកម្មថ្មីៗ ប៉ុណ្ណោះទេវាថែមទាំងអាចប្រតិបត្តិការបានយ៉ាងប្រសិទ្ធភាពនូវការបង្កើនផលិតភាព និងការប្រកួតប្រជែង។
បច្ចុប្បន្នបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗរបស់ពិភពលោកបានផ្តោតសំខាន់ទៅលើកិច្ចការងារអភិវឌ្ឍមជ្ឈមណ្ឌលកែច្នៃប្រឌិតនេះដែលក្នុងនោះរួមទាំងចិនអាមេរិកជប៉ុនបារាំងអ៊ីស្រាអ៊ែលរហូតទៅដល់សិង្ហបុរីផងដែរ។ ទោះបីជាយ៉ាងណាក្តីដើម្បីអាចបង្កើតបាននូវមជ្ឈមណ្ឌលនវានុវត្តន៍មួយបានគឺមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះតាមបទពិសោធកន្លងមករបស់បណ្តាប្រទេសដែលធ្លាប់ទទួលបានជោគជ័យកិច្ចការងារនេះបានបង្ហាញនូវមូលដ្ឋានគ្រឹះចំនួន៤ក្នុងការចាប់ផ្តើមបេសកកម្មដ៏សំខាន់មួយនេះ។
ដំណើរការទាំងនោះរួមទាំងការស្វែងរក និងប្រមូលនូវភាគីដែលជាអ្នកមានគំនិតផ្តួចផ្តើម Initiate programming and services និងបន្ទាប់មកគឺការបង្កើតឲ្យបាននូវមជ្ឈដ្ឋានធ្វើការងារនៅក្នុងទីតាំងប្រកបដោយភាពច្នៃប្រឌិត និងគួរឲ្យទាក់ទាញ (Create a motivating work environment) ។
ជំហ៊ានទី៣ គឺកិច្ចការងារក្នុងការសម្របសម្រួលការស្រាវជ្រាវបែបពាណិជ្ជកម្ម (Facilitate research commercialization) ហើយចុងក្រោយគឺការងារជួយសម្រួលក្នុងការរៀបចំអាទិភាពដល់កិច្ចខិតខំប្រឹងប្រែងនៃភាពចម្រុះគ្នារបស់ក្រុមការងារ (Prioritize diversity efforts) ៕