គិតមកទល់សប្តាហ៍នេះ អ៊ីស្រាអែល នៅតែបន្តជំហរបស់ខ្លួនថាត្រូវតែកំចាត់ឲ្យអស់នូវក្រុមសកម្មភាពប្រយុទ្ធហាម៉ាសដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងហេតុការណ៍វាយប្រហារដោយភេវរកម្មគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលាកន្លងមក និងបានបណ្តាលឲ្យភាគីខាងអ៊ីស្រាអែលបាត់បង់ជីវិតដល់ទៅ១៤០០នាក់។
ក្រុមមន្ត្រីយោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារបានអះអាងថាមិនមានសញ្ញាណាមួយដែលអាចធ្វើឲ្យមានបទឈប់បាញ់រវាងគ្នានៅឡើយ ហើយសហភាពអឺរ៉ុបកំពុងព្យាយាមពង្រីកច្រករបៀងបន្ថែមទៀតដើម្បីអាចឲ្យពលរដ្ឋស៊ីវិលប៉ាឡេស្ទីនអាចចាកចេញពីទឹកដីហ្គាហ្សា។
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលចូលក្នុងទឹកដីហ្គាហ្សាមិនត្រូវបានគេមើលឃើញម្តងណាឡើយគិតចាប់តាំងតែពីឆ្នាំ២០១៤ ប៉ុន្តែលើកនេះកងកម្លាំងអ៊ីស្រាអែលហៅកាត់ថា IDF ទំនងជានឹងប្រើប្រាស់សព្វាវុធធុនធ្ងន់តាមផ្លូវគោក និងអាកាសយ៉ាងទំនើបបូករួមទាំងរថក្រោះ យន្តហោះចម្បាំងផងដែរ ដែលរដ្ឋាភិបាលធ្លាប់បានបញ្ជាទិញពីសម្ព័ន្ធមិត្តរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ជាពិសេសគឺសហរដ្ឋអាមេរិក។

អ្នកវិភាគរបស់ The Insider បានធ្វើការប្រៀបធៀបគ្នានៃកម្លាំងអាវុធរបស់ភាគីទាំងពីរនៅពេលដែលប្រតិបត្តិការវាយលុកតាមផ្លូវគោករបស់អ៊ីស្រាអ៊ែលបានចាប់ផ្តើមនៅក្នុងតំបន់ហ្គាហ្សាប្រឆាំងនឹងក្រុមហាម៉ាស។
ទោះបីជាធ្លាប់បានបំពេញបេសកកម្មជូនកងកម្លាំងអ៊ីស្រាអែលតាំងតែពីទសវត្សឆ្នាំ១៩៨០ក្តី ប៉ុន្តែរថក្រោះប្រយុទ្ធជួរមុខ Merkava នៅតែជាអាវុធពេញនិយមសម្រាប់អ៊ីស្រាអែលក្នុងប្រតិបត្តិការដ៏សំខាន់នេះ បូករួមទាំងបទពិសោធន៍ក្នុងកិច្ចការពារតំបន់ព្រំដែនជាមួយនឹងហ្គាហ្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយស្រាប់។
អ៊ីស្រាអែលវិនិយោគលើវិស័យយោធារបស់ខ្លួនខ្លាំងក្លាណាស់ចាប់រាប់តាំងតែពីគ្រាប់មីស៊ីលកាំភ្លើងធំរហូតទៅដល់អាវុធទំនើបបំផុតគឺជាយន្តហោះចម្បាំង F-35 របស់អាមេរិក។ អ៊ីស្រាអែលបានបញ្ជាទិញ F-35 សរុបដល់ទៅ៥៥គ្រៀងពីអាមេរិក ហើយតាមផែនការនឹងត្រូវដឹក់ជញ្ជូនឲ្យបានទាំងអស់នៅត្រឹមឆ្នាំ២០២៤ ប៉ុន្តែគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក អ៊ីស្រាអែលបានទទួលយន្តហោះចម្បាំងប្រភេទនេះចំនួនប្រមាណជា៣៦គ្រឿង។

បើក្រឡេកទៅមើលក្រុមហាម៉ាសវិញ សព្វាវុធរបស់ខ្លួនភាគច្រើនគឺសុទ្ធតែជាសព្វាវុធដែលបានមកពីការសន្សំទុកជាច្រើនឆ្នាំមកហើយតាមរយៈជំនួយពីអ៊ីរ៉ង់ផង និងអាវុធដែលសល់ពីបណ្តាប្រទេសក្នុងតំបន់អាស៊ីដែលធ្លាប់មានទំនោរជាមួយនឹងប្រទេសចិនកម្មុយនីសពីអតីតកាល និងសហភាពសូវៀតផង។
ក្រុមអ្នកអង្កេតការណ៍របស់ CNN ដែលបានតាមឃ្លាំមើលក្រុមហាម៉ាសកាលពីពេលប្រតិបត្តិការកាលពីដើមខែតុលានោះបានរកឃើញថា ក្រុមសកម្មប្រយុទ្ធបានប្រើប្រាស់អាវុធចាស់ៗដូចជា Ak-47, គ្រាប់បែកដៃ ហើយខ្លះទៀតប្រើប្រាស់រថយន្តដឹកទំនិញចាស់ៗព្រមទាំងគ្រឿងចក្រសម្រាប់ការដ្ឋានសំណង់ផងក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
មិនមានប្រភពបញ្ជាក់ថាគ្រាប់រ៉ូក្កែតដែលហាម៉ាសបានបាញ់ស្រោចលើអ៊ីស្រាអែលនោះជាប្រភេទគ្រាប់រ៉ូក្កែតដែលអាចបញ្ជាគោលដៅ Guided Missiles បាននោះទេ ។ មានន័យថា សុទ្ធតែជាគ្រាប់រ៉ូក្កែតចាស់ៗដូចគ្នា ហើយទំនងជាអាវុធដែលពួកគេបានកែច្នៃពីអាវុធដែលសល់ពីសហភាពសូវៀត និងចិនជាដើម។
ក្រៅពីនោះគេអាចមើលឃើញយ៉ាង្បាស់ថា ហាម៉ាសបានប្រើប្រាស់នូវម៉ាស៊ីនយន្តហោះពីសម័យសូវៀត Degtyarvo-Shpagin Krupnokaliberny ដែលអាចបាញ់យន្តហោះក្នុងកំពស់ទាបៗព្រមទាំងមីស៊ីលប្រឆាំងរថក្រោះរបស់សូវៀត Kornet anti-tank ជាដើម៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content