ព័ត៌មាននានាដែលពាក់ព័ន្ធទៅនឹងប្រធានបទពិភពសិប្បនិម្មិត (Metaverse) ហាក់ដូចជាស្ងប់ស្ងាត់បន្តិច ប៉ុន្តែពិភពលោកហាក់ដូចជាគេចមិនផុតពីបច្ចេកវិទ្យារស់នៅ និងប្រកបអាជីវកម្មនៅពិភពដ៏អស្ចារ្យនេះទេ។
ថ្មីៗនេះរបាយការណ៍ស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ABI Research បានរកឃើញថា ទីក្រុងចំនួនទៅដល់ជិត ៧០០នៅត្រឹមឆ្នាំ២០៣០ នឹងកសាង និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងពិភពសិប្បនិម្មិត (Metaverse Infrastructure) ។
យ៉ាងណាក៏ដោយ ទោះបីជាទីក្រុងជាច្រើនមិនទាន់មានសូម្បីតែចាប់ផ្តើមគិតគូរអំពីបញ្ហានេះក្តី ប៉ុន្តែបច្ចុប្បន្នមានទីក្រុងធំៗរបស់ពិភពលោកចំនួន៣មកហើយដែលបានរៀបចំបណ្តាញ Metaverse Infrastructure រួចរាល់ដែលអនុញ្ញាតឲ្យសកម្មភាពទេសចរណ៍មកពីតំបន់នានាអាចធ្វើដំណើរកំសាន្តជាមួយនឹងទិដ្ឋភាព និងទេសភាពដែលចម្លងចេញពីទីក្រុងទាំងនោះបាន។
នៅទីក្រុងសេអ៊ូល អ្នកប្រើប្រាស់ពិភពលោក Metaverse អាចធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋានទាំងឡាយ ទីតាំងរដ្ឋបាល អគារពាណិជ្ជកម្មធំៗ ព្រមទាំងទីសាធារណៈទាំងឡាយរបស់ទីក្រុង។ ដោយឡែក នៅសហរដ្ឋអាមេរិក ទីក្រុងសាន់តាម៉ូនីកា ពលរដ្ឋទីក្រុងអាចចូលទៅក្នុងពិភពលោកសិប្បនិម្មិតដើម្បីរៀបចំឯកសារបណ្តឹងនានា និងឯកសារផ្លូវច្បាប់ជាច្រើនដោយមិនចាំបាច់ធ្វើដំណើរទៅផ្ទាល់ឡើយព្រមទាំងមានមុខងារសំខាន់ៗផ្សេងទៀត។
នៅទីក្រុងឌុបៃ ប្រទេសអារ៉ាប់រួមវិញ Metaverse Infrastructure ក៏បានរៀបចំរួចរាល់ដែលនៅទីនោះក្រុមហ៊ុនជាង១០០០រួចមកហើយបានចុះឈ្មោះត្រៀមបម្រើសេវាកម្ម និងលក់ផលិតផល ហើយត្រឹមឆ្នាំ២០៣០ វានឹងអាចបង្កើតការងារថ្មីជូនពលរដ្ឋដល់ទៅ ៤០ ០០០កន្លែង។
អ្នកជំនាញមើលឃើញថាការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធបែបពិភពសិប្បនិម្មិត ឬ Metaverse Infrstructure នឹងបម្រើអត្ថប្រយោជន៍ដល់មនុស្សលោកបានយ៉ាងច្រើនជាពិសេសកាត់បន្ថយការបំពុលអាកាសតាមរយៈការកាត់បន្ថយការធ្វើដំណើររបស់ពួកគេស្ទើរតែទាំងស្រុងនាពេលអនាគត។ បន្ថែមពីនោះវានឹងជួយកាត់បន្ថយចំណាយថ្លៃដើម ការសន្សំសំចៃក្នុងការបង្កើតអាជីវកម្ម ការកាត់បន្ថយចំណាយក្នុងការសាងសង់រចនាសម្ព័ន្ធក្រុមហ៊ុនប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពពីតំបន់មួយទៅតំបន់មួយលើពិភពលោកហើយជាពិសេសនឹងជួយបានយ៉ាងខ្លាំងដល់កិច្ចការងារនយោបាយសម្រាប់ក្រុមមេដឹកនាំនយោបាយ ពីព្រោះថាមនុស្សកាន់តែច្រើនឡើងនឹងចូលរួមប្រើប្រាស់បច្ចេកវិទ្យា Metaverse៕