បរទេស ៖ យោងតាមប្រភពពី Crescent Rating បានលើកឡើងថា ប្រជាជនមូស្លីមកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រទេសមួយចំនួនក៏កំពុងសម្លឹងមើលពីការកើនឡើងនៃភ្ញៀវទេសចរមូស្លីមផងដែរ។ ប្រជាជនមូស្លីមជាច្រើនយល់ឃើញថា ការធ្វើដំណើរជាឱកាសមួយដើម្បីយល់ដឹងពីទំនៀមទម្លាប់ និងវប្បធម៌ផ្សេងៗ។
សព្វថ្ងៃនេះ វិស័យទេសចរណ៍មូស្លីមកំពុងរីកចម្រើនទៅជាឧស្សាហកម្មដែលផ្តល់ផលចំណេញរាប់ពាន់លានដុល្លារដោយសារប្រជាជនមូស្លីមមានតម្រូវការពិសេស ដូចជា អាហារហាឡាល់ សំលៀកបំពាក់មូស្លីម និងធនាគារហាឡាល់ជាដើម។ តម្រូវការពិសេសទាំងនេះអាចបង្កើតទៅជាទីផ្សារថ្មីមួយដែលរីកចម្រើន ហើយការវិនិយោគនៅក្នុងទីផ្សារទេសចរណ៍មូស្លីមផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ ទីផ្សារអាហារហាឡាល់ គឺជាផ្នែកមួយនៃទេសចរណ៍មូស្លីម និងជាឱកាសក្នុងរកចំណូលមួយដែលមិនគួរមើលរំលង។ ប្រជាជនមូស្លីមមានវិន័យបរិភោគអាហារហាឡាល់ និងសាច់សត្វដែលត្រូវបានសំលាប់តាមរបៀបដែលបានចែងនៅក្នុងគម្ពីកូរ៉ាន និងហាឌីត។ ជាធម្មតា ភ្ញៀវទេសចរមូស្លីមដែលទៅលេងប្រទេសដែលមិនមែនជាមូស្លីម គឺពួកគេពឹងផ្អែកលើអាហារបួស ឬ បន្លែដើម្បីបំពេញតម្រូវការរបបអាហាររបស់ពួកគេ ប៉ុន្តែវាជាបញ្ហាប្រឈមមួយ ដោយសារមិនមែនគ្រប់គ្នាអាចប្រកាន់ខ្ជាប់នូវរបបអាហារជាក់លាក់នោះទេ។ ទោះយ៉ាងណាក្តី ភោជនីយដ្ឋានមួយចំនួនចាប់ផ្តើមរៀបចំអាហារហាឡាល់សម្រាប់បំពេញតម្រូវការភ្ញៀវមូស្លីម។ KFC បានចាប់ផ្តើមលក់អាហារ fast-food បែបហាឡាល់នៅចក្រភពអង់គ្លេសរួចហើយ ចំណែកឯ Pizza Hut មានភោជនីយដ្ឋានមួយនៅប្រទេសអេត្យូពី ដែលបម្រើអាហារហាឡាល់ដល់អតិថិជនមូស្លីមរបស់ខ្លួន។ ក្រុមហ៊ុនទាំងអស់នេះកំពុងព្យាយាមរកប្រាក់ចំណូលតាមរយៈវិស័យទេសចរណ៍មូស្លីម។ លើសពីនេះ អ្នកជំនួញ និងក្រុមហ៊ុនឯកជនទាំងនោះមិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃភ្ញៀវទេសចរមូស្លីមនោះទេ ប៉ុន្តែវិស័យទេសចរណ៍មូស្លីមជួយកសាងសេដ្ឋកិច្ចជាតិដ៏រឹងមាំផងដែរ។

យោងតាមសមាគមទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសតួកគីមានចំនួនភ្ញៀវទេសចរមកពីមជ្ឈិមបូព៌ាពី ២,១ លាននាក់ក្នុងឆ្នាំ២០១១ កើនឡើងដល់ប្រហែល ៣,៧ លាននាក់ក្នុងឆ្នាំ ២០១៥។ តួកគីជាប់ចំណាត់ថ្នាក់លេខ ៣ ជាគោលដៅទេសចរណ៍ល្អបំផុតទី៣ របស់ពិភពលោកដែលអនុលោមតាមគោលការណ៍សាសនាឥស្លាមក្នុងឆ្នាំ២០១៩។ មិនត្រឹមតែប៉ុណ្ណោះ ចិនក៏កំពុងវិនិយោគលើទីផ្សារអាហារហាឡាល់ផងដែរ ដោយខ្លួនកំពុងសម្លឹងមើលប្រទេសជិតខាងដែលកាន់សាសនាឥស្លាមដូចជា ប្រទេសប៉ាគីស្ថានជាដើម។ បន្ថែមពីនេះ ឧស្សាហកម្មអាហារហាឡាល់របស់ចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយគេប៉ាន់ស្មានថា ទំហំទីផ្សារនៃឧស្សាហកម្មម្ហូបអាហារហាឡាល់របស់ចិនឈានដល់ប្រហែល ១០៣ ពាន់លានដុល្លារនៅឆ្នាំ២០២៣ នេះ។

ការកើនឡើងនៃភ្ញៀវទេសចរមូស្លីមដែលមកទស្សនាប្រទេសដែលមិនមែនជាមូស្លីម អាចដើរតួជាអ្នកបង្កើតសន្តិភាពផងដែរ ដោយកាត់បន្ថយការបែងចែកពូជសាសន៍។ ប្រជាជនមូស្លីមមាននៅគ្រប់ទីកន្លែងនៅលើពិភពលោក ប៉ុន្តែបញ្ហាជាច្រើនបង្កឲ្យមានការរើសអើង និង ភាពលំអៀងកើតឡើងទៅលើពួកគេ។ ដូច្នោះហើយ ក្រៅពីការរកចំណូលពីវិស័យទេសចរណ៍មូស្លីំម ការទទួលស្វាគមន៍ភ្ញៀវទេសចរមូស្លីម ជួយកាត់បន្ថយការរើសអើងនៅក្នុងសង្គម ហើយធ្វើឲ្យជនជាតិមូស្លីមមានអារម្មណ៍សប្បាយរីករាយ និងផាសុកភាពក្នុងការទទួលសេវាកម្ម និងដំណើរទេសចរណ៍ផងដែរ។
បច្ចុប្បន្ននេះ ប្រទេស ឬអាជីវកម្មផ្នែកទេសចរណ៍ដែលផ្តល់ជូនសេវាកម្មទេសរណ៍មូស្លីមមិនត្រឹមតែទទួលបានផលចំណេញប៉ុណ្ណោះទេ ប៉ុន្តែវាជួយពួកគេឲ្យយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ឥស្លាម លើកកម្ពស់ការរួបរួមជាតិសាសន៍ និងជួយសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើនផងដែរ។ មួយវិញទៀតនោះ ពិភពលោកបច្ចុប្បន្ននេះមានការប្រកួតប្រជែងខ្លាំងណាស់ ហើយវិស័យទេសចរណ៍មូស្លីមគឺជានិន្នាការថ្មីមួយដែលមិនគួរមើលរំលង៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content