អាកាសធាតុប្រែប្រួលកាន់តែអាក្រក់ឡើងជារៀងរាល់ឆ្នាំធ្វើឲ្យរដូវក្តៅនៅអឺរ៉ុបកាន់តែក្តៅខ្លាំងឡើង ជាពិសេសនៅបារាំង ខណៈពេលដែលបញ្ហាវិបត្តិថាមពលកំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់ឡើងដោយសារជម្លោះនៅអ៊ុយក្រែនផងនោះ។
ទោះបីជាយ៉ាងណាក្តី អឺរ៉ុបបានខិតខំយ៉ាងខ្លាំងក្នុងការកែច្នៃ និងស្វែងរកប្រភពថាមពល ក៏ដូចជាបច្ចេកវិទ្យាថ្មីៗជំនួសវិញក្នុងការចូលរួមដោះស្រាយបញ្ហានេះជូនពលរដ្ឋរបស់ខ្លួនដែលក្នុងនោះបច្ចេកវិទ្យាដ៏សំខាន់មួយក្នុងការទាញយកភាពត្រជាក់នៅតាមទន្លេទៅធ្វើជាម៉ាស៊ីនត្រជាក់តាមអគារនានានៅក្នុងទីក្រុងជាដើម និងកំពុងទទួលបានភាពពេញនិយមយ៉ាងខ្លាំង។
នៅក្នុងប៉ារីស បច្ចេកវិទ្យានេះកំពុងទទួលបានភាពល្បីល្បាញខ្លាំងមែនទែនដោយអគារកាន់តែច្រើនកំពុងទទួលយកសេវាកម្មអូសបណ្តាញដែលទាញយកភាពត្រជាក់ចេញពីទន្លេ Seine river ហើយបច្ចុប្បន្នសាលាក្រុងកំពុងរៀបចំផែនការក្នុងការពង្រីកបណ្តាញរបស់ខ្លួនទៅកាន់តំបន់ជាច្រើនទៀតក្នុងទីក្រុង ជាពិសេសនៅភាគខាងត្បូងដែលជាទីកន្លែងសំបូរទៅដល់សាលារៀនមន្ទីរពេទ្យ និងអគាររដ្ឋជាច្រើនផ្សេងទៀត។
ក្រៅពីនោះអជ្ញាធរក៏កំពុងរៀបចំផែនការក្នុងការប្រើប្រាស់បណ្តាញម៉ាស៊ីនត្រជាក់បែបថាមពលច្នៃប្រឌិតមួយនេះទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងប៉ារីសនៅរដូវក្តៅក្រោយផងដែរ។
ដំណើរការផលិតជាម៉ាស៊ីនត្រជាក់ដ៏ធំមួយនេះមើលទៅមានភាពសាមញ្ញបំផុត ប៉ុន្តែទាមទារនូវបច្ចេកវិទ្យាដ៏ទំនើបនិងមានទំហំធំ ពីព្រោះថាវាត្រូវមានតួនាទីចាំបាច់ និងកម្លាំងខ្លាំងគឺការស្រូបទាញភាពត្រជាក់ចេញពីទឹកដែលស្ថិតនៅបាតទន្លេទៅចាក់ចូលតាមបំពង់ចែកចាយនានាដែលបានតភ្ជាប់តាមអាគារទាំងឡាយក្នុងទីក្រុង ហើយក្នុងនោះវាក៏មានបូកបញ្ជូលទាំងមុខងារគ្រប់គ្រងសិតុណ្ហភាព និងការគ្រប់គ្រងការចែកចាយយ៉ាងច្រើនមុខថែមទៀតផង។
គួរឲ្យដឹងដែរថា មិនត្រឹមតែប៉ារីសនោះទេដែលកំពុងអនុវត្តបច្ចេកវិទ្យានេះដោយក្នុងនោះមានទីក្រុងនៅក្នុងតំបន់អឺរ៉ុបជាច្រើនទៀតក៏កំពុងប្រើប្រាស់បច្ចេកវិទ្យានេះដូចគ្នាដែរ ប៉ុន្តែនៅប៉ារីសវាត្រូវបានគេមើលឃើញថាគឺជាទីតាំងដែលមានបណ្តាញចែកចាយម៉ាស៊ីនត្រជាក់ប្រភេទនេះធំជាងគេ។
បណ្តាញចែកចាយថាមពលដែលមានភាពនិរន្តភាពបំផុតចំពោះធម្មជាតិមួយនេះគឺជាការចូលរួមសហការគ្នា និងគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋកិច្ចការងារថាមពល Engie ដែលមានចំណែកដល់ទៅ៨៥ភាគរយ និងក្រុមហ៊ុនរដ្ឋកិច្ចការងារដឹកជញ្ជូន RATP ប្រមាណជា១៥ភាគរយ៕