បរទេស ៖ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទំនាក់ទំនងយោធារវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ហាក់ដូចជាមានភាពមមាញឹក និងស្អិតរមួតខ្លាំងណាស់។ ជាក់ស្ដែង កាលពីប៉ុន្មានខែមុននេះ អាមេរិកទើបតែបានបញ្ជូនឧបករណ៍បាញ់មីស៊ីលចំងាយឆ្ងាយជាលើកដំបូងទៅឲ្យរដ្ឋាភិបាលទីក្រុងម៉ានីលដោយសង្ឃឹមថាប្រទេសក្នុងតំបន់អាស៊ីមួយនេះមានលទ្ធភាពប្រជែងក្នុងជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។
កាលពីខែឧសភាកន្លងទៅនេះ សហរដ្ឋអាមេរិក និងហ្វីលីពីន បានរៀបចំធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយគ្នាបន្ថែមទៀតទាំងដែលដឹងថាចិននឹងមិនសូវសប្បាយចិត្តទៅលើសកម្មភាពបែបនេះក្តី។ មកដល់ដើមខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសហ្វីលីពីន និងបានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យរីករាយបំផុតចំពោះទំនាក់ទំនងដ៏ផ្អែមល្ហែមនៃវិស័យការពារជាតិ។

នាយប់ថ្ងៃចុងក្រោយដែលលោក Austin បានជួបជាមួយនឹងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានថ្លែងចំៗដោយស្នើសុំឲ្យមានការជួយបង្កើនកិច្ចការពារទៅលើបន្ទាត់ក្រហមរវាងហ្វីលីពីន និងចិនបន្ថែមទៀតពីសំណាក់អាមេរិក ហើយសង្ឃឹមថារដ្ឋាភិបាលវ៉ាស៊ីនតោននឹងជួយគាំទ្រចំពោះកិច្ចការងារនេះ។
ដូចដែលអ្វីលោក Marcos បានស្នើសុំនៅសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកដដែលបានវិលត្រឡប់មកកាន់ទីក្រុងម៉ានីលសាជាថ្មី ហើយថែមទាំងបានប្រកាសផ្តល់ជំនួយផ្នែកយោធាក្នុងទំហំដល់ទៅ៥០០លានដុល្លារទៀតផងជូនរដ្ឋាភិបាលហ្វីលីពីន។
យ៉ាងណាក្តី គេសង្កេតឃើញថាការសម្រេចចិត្តនេះបានធ្វើឡើងនៅក្រោយពេលដែលភាពតានតឹងដាក់គ្នាសាជាថ្មីរវាងចិន និងហ្វីលីពីន តាមរយៈហេតុការណ៍ប៉ះទង្គិចកាលពីថ្ងៃទី១៧ ខែមិថុនា រវាងនាវាឆ្មាំសមុទ្រចិន និងនាវារបស់ហ្វីលីពីន ហើយបានបង្កឲ្យមានអ្នកស្លាប់ និងរងរបួសមួយចំនួនផងដែរ។
គួរឲ្យដឹងដែរថា បន្ថែមពីលើកិច្ចព្រមព្រៀងជាជំនួយយោធា៥០០លានដុល្លារហើយនោះ ភាគីទាំង ២ ក៏បានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវ Roadmap រវាងគ្នា ដើម្បីអាចជួយឲ្យហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបង្កើនកម្លាំងយោធារបស់ខ្លួនបន្ថែមទៀតក្នុងរយៈពេល១០ឆ្នាំខាងមុខ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content