បរទេស ៖ លោក Pete Hegseth ជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាម៉េរិកដែលទើបតែចូលកាន់តំណែងបន្ទាប់ពីប្រកាសតែងតាំងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ដែលគេដឹងថា ជាមនុស្សជំនិតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាយូរមកហើយ។
កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៨០ លោក Pete Hegseth បានក្លាយទៅជារដ្ឋមន្ត្រីក្រសួងការពារជាតិដែលមានវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយក៏ជាសមាជិកគណៈរដ្ឋមន្ត្រីទី២ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកផងដែរ ដែលត្រូវបានប្រកាស និងតែងតាំងដោយអនុប្រធានាធិបតីបន្ទាប់ពីលោក Betsy DeVos កាលពីឆ្នា២០១៧។
លោក Hegseth ធ្លាប់ប្រកបអាជីពជាច្រើន រួមមានជាអ្នកកាសែត ជាពិធិករ ជាអ្នកនិពន្ធ ហើយក៏ធ្លាប់បានចូលបម្រើការងារនៅក្នុងជួរទ័ពជើងទឹកអាមេរិកជាច្រើនឆ្នាំផងដែរនៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិក Guantanamo Bay និងត្រូវបានថ្នាក់ដឹកនាំចាត់បញ្ចូនទៅបំពេញបេសកកម្មនៅក្នុងប្រទេសអ៊ីរ៉ា់ក់ និងអាហ្គានីស្ថាន។

បញ្ចប់ការសិក្សាផ្នែកនយោបាយនៅសកលវិទ្យាល័យ Princeton University លោក Hegseth ដែលត្រឡប់ពីប្រទេសអ៊ីរ៉ាក់វិញក៏បានចូលបម្រើការងារក្នុងវិស័យឯកជនជាច្រើនកន្លែងមុនក្លាយទៅជាទីប្រឹក្សាផ្ទាល់របស់លោក Donald Trump តាំងតែពីយុទ្ធនាការបោះឆ្នោតលើកដំបូងឆ្នាំ២០១៦។ ខែវិច្ឆិកាឆ្នាំ២០២៤ បេក្ខភាពប្រធានាធិបតីអាមេរិក លោក Donald Trump គ្រានោះបានប្រកាសអំពីបេក្ខភាពលោក Hegseth ឲ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិប្រសិនបើលោកឈ្នះឆ្នោតអាណត្តិថ្មី។ យ៉ាងណាក្តី មុនឡើងកាន់តំណែង លោក Hegseth ត្រូវបានចូលបង្ហាញខ្លួនក្រោមការចោទសួរដេញដោលជាច្រើនពីសំណាក់គណៈកម្មការកិច្ចការងារសេវាយោធា (The Senate Armed Services Committee) ដើម្បីឈានដល់ការបោះឆ្នោតផ្តល់ទំនុកចិត្តមុនពេលចូលកាន់តំណែងដ៏សំខាន់មួយនេះ។
សំនួរមួយក្នុងចំណោមសំនួរជាច្រើន លោក Hegseth បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងនៅពេលដែលលោកមិនអាចរៀបរាប់ឈ្មោះប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន សូម្បីតែមួយ ហើយបែរជាឆ្លើយចាកប្រធានទៅជាប្រទេសនៅក្នុងតំបន់អាស៊ីផ្សេងទៅវិញ ដូចជា កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី ជាដើម។

សមាជិកសភា លោកស្រី Tammy Duckworth បានចោទជាសំនួរទៅកាន់លោក Hegseth ថា ៖ តើលោកអាចរៀបរាប់ឲ្យបានយ៉ាងហោចណាស់ប្រទេសជាសមាជិកក្នុងតំបន់អាស៊ានឲ្យបាន១ប្រទេសនិងពណ៍នាអំពីកិច្ចព្រមព្រៀងណាមួយដែលអាមេរិក និងអាស៊ានកំពុងអនុវត្តរួមគ្នា? លោក Hegseth បានឆ្លើយតបទៅនឹងសំនួរដោយឃ្លាបែបនេះថា៖ «ខ្ញុំមិនអាចប្រាប់អ្នកបានអំពីចំនួនជាក់ស្តែងនៃប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ានបានទេ ប៉ុន្តែខ្ញុំដឹងថា យើងមានសម្ព័ន្ធភាពជាមួយនឹងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងនៅក្នុងកិច្ចព្រមព្រៀង AUKUS ជាមួយនឹងអូស្ត្រាលីផងដែរ»។
ជាការឆ្លើយតបដោយមិនទុកមុខឡើយ លោកស្រី Duckworth បានពោលបែបនេះថា ៖ «គ្មានប្រទេសណាមួយដែលលោកបានរៀបរាប៉ជាសមាជិករបស់អាស៊ានឡើយ។ ខ្ញុំស្នើឲ្យលោកគួរតែចាប់ផ្តើម និងត្រឡប់ទៅធ្វើកិច្ចការងារសាលានៅផ្ទះឲ្យបានច្រើនជាងនេះ»។

គួរឲ្យដឹងដែរថា ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននាពេលបច្ចុប្បន្ននេះមានប្រទេសចំនួន១០ ដែលក្នងនោះមានដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ចំណែកឯបេក្ខភាពមួយទៀត គឺប្រទេស ទីម័រខាងកើត ដែលនឹងត្រូវប្រកាសជាផ្លុវការក្នុងនាមជាសមាជិកអាស៊ានទី១១នាពេលឆាប់ៗខាងមុខនេះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content