បរទេស ៖ បដិវត្តនៃឧស្សាហកម្មផលិតបន្ទះឈីប (Semiconductor) បានក្លាយទៅជាទីផ្សារដ៏ធំ និងសំខាន់បំផុតក្នុងគ្រាដែលពិភពលោកកំពុងពឹកផ្អែកលើវិស័យបច្ចេកវិទ្យាស្ទើរគ្រប់ទីកន្លែង។
ចុងក្រោយនេះ បណ្តាអ្នកវិនិយោគ ក៏ដូចជាមនុស្សជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្ទុះឡើងនៃបណ្តាក្រុមហ៊ុនអ្នកផលិតបន្ទះឈីបធំៗលើពិភពលោក ដោយក្នុងនោះ Nvidia បានជាប់ឈ្មោះជាអ្នកផលិតបន្ទះឈីបដែលទទួលបានប្រាក់ចំណូលច្រើនជាងគេ ហើយក៏ជាក្រុមហ៊ុនទទួលបានទំនុកចិត្តវិនិយោគខ្លាំងជាងគេ ដោយជាលទ្ធផលទំហំទីផ្សាររបស់ Nvidia បានហោះខ្ពស់ឡើងជាបន្តបន្ទាប់រហូតវ៉ាដាច់ក្រុមហ៊ុន Alphabet និង Amazon ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារខ្ពស់បំផុត។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជំនាន់មុនបាននាំគ្នាងាកទៅលើការវិនិយោគលើកិច្ចការងារដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា AI ប៉ុន្តែក្នុងរូបភាព២ផ្សេងគ្នា ដោយក្រុមហ៊ុនធំៗខ្លះធ្វើការពឹងផ្អែកតែទៅលើការផលិតបន្ទះឈីបប៉ុណ្ណោះ។ ដោយឡែកក្នុងរូបភាពមួយផ្សេងទៀតក្រុមហ៊ុនបច្ចេកវីទ្យាផ្សេងអាចនឹងស្វែងរកដៃគូដទៃ ហើយមួយចំនួនកំពុងពិចារណាក្នុងការវិនិយោគទៅលើសមត្ថភាពផលិតបន្ទះឈីបដោយខ្លួនជាដើម។

ជាក់ស្ដែង ដូចជា Microsoft និង OpenAI ពេលនេះពួកគេកំពុងរៀបចំគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយដែលជាផ្នែកនៃការប្រកួតប្រជែងទីផ្សារបច្ចេកវិទ្យា ហើយក្នុងនោះក៏មានគម្រោងអភិវឌ្ឍជាច្រើនដែលអាចរួមបញ្ជូលគ្នា ជាពិសេស ការអភិវឌ្ឍកំពូលកំព្យូទ័រដ៏មានថាមពលមួយដែលត្រូវបានហៅឈ្មោះថា Stargate។
គម្រោងដ៏គួរឲ្យចាប់អារម្មណ៍មួយនេះបានធ្វើឲ្យ OpenAI ទាមទារចាំបាច់ស្វែងរកដៃគូថ្មីក្នុងការរៀបចំ និងផលិតបន្ទះឈីបផ្ទាល់ខ្លួនយ៉ាងពិសេសមួយ ហើយគិតមកទល់ពេលនេះមានប្រតិបត្តិករដែលជាអ្នកផលិតជាច្រើនដែលបានចូលរួមពិភាក្សាលើគម្រោងមួយនេះ ខណៈដែល Broadcom គឺកំពុងនាំមុខគេនៅក្នុងកិច្ចសហប្រតិបត្តិការលើកនេះពីព្រោះថាវានឹងក្លាយទៅជាបច្ចេកវិទ្យាក្នុងការប្រកួតប្រជែងជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Nvidia។
ក្រុមហ៊ុន Broadcom ថ្វីត្បិតតែមិនសូវមានភាពល្បីល្បាញក្នុងទីផ្សារ ប៉ុន្តែវាត្រូវបានគេស្គាល់ថាជាអ្នកជំនាញរចនាល្អបំផុត ហើយក៏ជាអ្នកជំនាញផលិត និងផ្គត់ផ្គង់នូវដំណោះស្រាយផ្នែកទន់នៃបន្ទះឈីប semiconductor រួមទាំងហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ ជាមួយនឹងផលិតផលដែលប្រើក្នុងបណ្តាញមជ្ឈមណ្ឌលទិន្នន័យ ការតភ្ជាប់តាមផ្ទះ ការចូលប្រើអ៊ីនធឺណិតតាមបណ្តាញ ឧបករណ៍ទូរគមនាគមន៍ និងស្មាតហ្វូន ដែលបច្ចុប្បន្នវាជាក្រុមហ៊ុនមានតម្លៃថ្លៃលំដាប់ទី១៣លើពិភពលោក ពោលគឺមានទ្រព្យសរុបដល់ទៅជាង៧០០ពាន់លានដុល្លារ។
គួរឲ្យដឹងដែរថា ទីផ្សារនៃផលិតផលបន្ទះឈីប ( Semiconductor ) របស់សកលលោកនៅពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំងជាងគេបំផុតក្នុងចំណោមទីផ្សារផ្សេងៗ ដែលគិតត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះវាមានតម្លៃដល់ទៅ ៥៤៤ពាន់លានដុល្លារ ហើយរំពឹងទុកថានឹងកើនឡើងទៅដល់ជាង ១១៣០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣៣ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជិត៨ភាគរយ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content