បរទេស ៖ កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត ប៉ុន្តែបែរជារងសម្ពាធពីអន្តរជាតិទៅវិញជុំបញ្ហាលើសសមត្ថភាពផលិត។
ផ្អែកតាមសេចក្ដីរាយការណ៍ពី The Business Times បានឱ្យដឹងថា ការនាំចេញរបស់ចិនកាលពីអំឡុងខែឧសភា កន្លងទៅនេះ មានការកើនឡើង ១៩,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០២៥ និងកើនឡើងពី ១៤,១ ភាគរយធៀបទៅនឹងខែមេសា ខណៈអត្រាកើនឡើងក្នុងល្បឿនលឿននេះបានលើសពីការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចប្រមាណ ១៥ ភាគរយ។ កំណើននៃការនាំចេញទាំងនេះត្រូវបានជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ជាសកល ដែលធ្វើឲ្យមានតម្រូវការដ៏ច្រើនទៅលើបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត បើទោះបីជាកំពុងមានសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ។
ប្រភពដដែលបានបង្ហាញថា ការនាំចេញឧបករណ៍ដែលដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ (កុំព្យូទ័រ, ស៊ែវើរផ្ទុកទិន្នន័យ, និងឧបករណ៍បច្ចេកវិទ្យាសម្រាប់គាំទ្រប្រព័ន្ធទិន្នន័យធំៗ) បានហក់ឡើងខ្ពស់រហូតដល់ ៦៦.១ ភាគរយ ខណៈដែលផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់កើនឡើង ៥០,៩ ភាគរយ ហើយការនាំចេញរថយន្តកើនឡើង ៣៩ ភាគរយ។
លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់របស់ធនាគារ ANZ បានលើកឡើងថា ការឡើងថ្លៃនៃតម្លៃបន្ទះឈីបបន្តគាំទ្រដល់ទំហំនៃតម្លៃនាំចេញកើនឡើង ដោយត្រឹមតែរយៈពេល ១ខែប៉ុណ្ណោះ តម្លៃឈីបបានឡើងថ្លៃរហូតដល់ប្រមាណ ២០ ភាគរយ ស្របពេលដែលតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំងក្លារហូត ១១១ ភាគរយនៅក្នុងខែឧសភា បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចចិនបានព្រមានថា ភាពរីកចម្រើនលើការនាំចេញលើសការរំពឹងទុកនៅក្នុងត្រីមាសទី១ អាចនឹងធ្លាក់ចុះនៅត្រីមាសបន្ទាប់ ដោយសារតម្រូវការក្នុងស្រុកចុះខ្សោយ។ ជាលទ្ធផល រដ្ឋាភិបាលទីក្រុងប៉េកាំង និងធនាគារកណ្តាលចិន អាចនឹងត្រៀមបញ្ចេញវិធានការគាំទ្រផ្នែកគោលនយោបាយបន្ថែមទៀតដើម្បីអាចទប់ស្ថានការណ៍អវិជ្ជមានលើសេដ្ឋកិច្ចរបស់ខ្លួន។

ងាកទៅកាន់ទីក្រុងប៉េកាំង កំពុងស្ថិតនៅក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញការពង្រឹងលើការប្រើប្រាស់ក្នុងស្រុក ដោយពួកគេរិះគន់ និងព្រមានថា ការពឹងផ្អែកខ្លាំងរបស់ចិនលើការនាំចូលវត្ថុធាតុដើម និងពាក់កណ្តាលសម្រេចយកមកកែច្នៃ រួចនាំចេញ កំពុងធ្វើឲ្យខូចទ្រង់ទ្រាយពាណិជ្ជកម្មសកល និងរុញប្រទេសសេដ្ឋកិច្ចកំពុងចម្រើនផ្សេងទៀតឱ្យធ្លាក់ចេញពីខ្សែចង្វាក់ផលិតកម្មដែលមានតម្លៃខ្ពស់។
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានលើកឡើងនៅក្នុងរបាយការណ៍មួយថា ជិត ៦០ ភាគរយនៃចំណែកទីផ្សារពិភពលោកដែលក្រុមហ៊ុនចិនដណ្តើមបាន គឺដោយសារការឧបត្ថម្ភធនពីរដ្ឋាភិបាលដែលធ្វើឲ្យទំនិញចិនមានតម្លៃថោក។ ស្របពេលជាមួយគ្នានេះ របាយការណ៍ថ្មីមួយរបស់ធនាគារកណ្តាលអាម៉េរិក (Federal Reserve) ក៏បានរកឃើញដែរថា អតិរេកពាណិជ្ជកម្មរបស់ចិន (ការនាំចេញច្រើនជាងការនាំចូល) បានហក់ឡើងខ្ពស់ជាងកម្រិតកំពូលដែលជប៉ុន និងអាល្លឺម៉ង់ធ្លាប់បានឈានដល់កាលពីចុងសតវត្សរ៍ទី២០ ទៅទៀត ហើយវាគ្មានសញ្ញាថានឹងថយចុះនោះទេ។ នេះបញ្ជាក់ថា បញ្ហាលើសសមត្ថភាពផលិតក្នុងវិស័យឧស្សាហកម្មរបស់ចិននឹងបន្តកែប្រែទម្រង់វិស័យផលិតកម្មសកលលោកក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។ ការសម្រុកផលិតទំនិញយ៉ាងគំហុករបស់រោងចក្រចិនរហូតដល់ជន់ជោរពេញទីផ្សារពិភពលោកបែបនេះ អាចនឹងបង្កហានិភ័យធ្វើឱ្យរោងចក្រនៅក្នុងប្រទេសដទៃទៀតដួលរលំ ព្រោះមិនអាចប្រជែងតម្លៃជាមួយទំនិញចិនបាន៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content