ក្រុមហ៊ុនគីរីសួគ៍ (Kirisu Farm) ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅកម្ពុជា បាននាំចូលមេគោពូជ ២២០ ក្បាល បន្ថែមទៀតពីប្រទេសអូស្រ្តាលី ក្នុងផែនការផលិតទឹកដោះគោស្រស់ឱ្យបានបរិមាណកាន់តែច្រើនសម្រាប់ផ្គង់ផ្គង់លើទីផ្សារក្នុងប្រទេស។
លោក សៅ ណារ៉ុង នាយកប្រតិបត្តិស្ដីទី កសិដ្ឋានគិរីសួគ៌ នៃក្រុមហ៊ុន Khmer Fresh Milk បានប្រាប់បណ្ដាញព័ត៌មាន AMS Economy ឱ្យដឹងថា មេគោពូជ Holstein ចំនួន ២២០ ក្បាលខាងលើ ត្រូវបាននាំចូលមកដល់ប្រទេសកម្ពុជាហើយ នៅក្នុងសប្តាហ៍នេះ ដើម្បីចិញ្ចឹម និងផលិតយកទឹកដោះគោស្រស់ដែលមានគុណភាព អនាម័យ និងរសជាតិឆ្ងាញ់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានចំនួនកាន់តែច្រើន ខណៈដែលកម្ពុជាធ្វើពហិការឈប់ប្រើប្រាស់ទឹកដោះគោស្រស់នាំចូលពីប្រទេសថៃ។
បច្ចុប្បន្នកសិដ្ឋានគីរីសួគ៍ ចិញ្ចឹមគោយកទឹកដោះមានចំនួន ១១០០ ក្បាល ដែលក្នុងនោះមានប្រមាណជាង ៥០% ស្មើនឹង ៦០០ក្បាលដែលបានកំពុងផ្តល់ផលក្នុងបរិមាណជាមធ្យមចន្លោះពី ១៧,០០០លីត្រទៅ ១៨,០០០លីត្រក្នុងមួយថ្ងៃ។
លោកថា៖
“ក្រោយនាំចូលមេគោថ្មី បូករួមជាមួយពូជគោក្នុងកសិដ្ឋានដែលទើបផ្ដល់ផលថ្មីៗបន្ថែមទៀត នឹងបង្កើនការផលិតទឹកដោះគោស្រស់កើនឡើងចន្លោះពី ២៥ ទៅដល់ ៣០ ភាគរយ បន្ថែមពីលើទឹកដោះគោផ្តល់ផលសរុបក្នុងបរិមាណខាងលើ។”
កសិដ្ឋានគិរីសួគ៌ ត្រូវគេដឹងថាមានរោងចក្រកែច្នៃទឹកដោះគោស្រស់ និងផលិតយ៉ាអួរ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ លើផ្ទៃដីចំនួន ៣០០ ហិកតាស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលបានឆ្លងកាត់ការពិនិត្យគុណភាពច្រើនដំណាក់កាល មុនដាក់លក់នៅលើទីផ្សារដែលធានាថាមិនចាញ់ផលិតផលនាំចូលពីក្រៅប្រទេសនោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Derek Yip បានទៅទស្សនាកសិដ្ឋានគិរីសួគ៍ ក្នុងខេត្តតាកែវ ដើម្បីស្វាគមន៍មេគោអូស្ត្រាលីទាំងនោះ។
លោកថា ការមកដល់របស់មេគោទាំងនេះ ធ្វើឱ្យហ្វូងគោសរុបនៅក្នុងកសិដ្ឋានកើនឡើងដល់ប្រមាណ ១,៤០០ ក្បាល។ កត្តានេះនឹងជួយឱ្យកសិដ្ឋានអាចផលិតទឹកដោះគោស្រស់បានកាន់តែច្រើននៅក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើនឡើង កាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងបង្កើតឱកាសការងារ និងលទ្ធភាពថ្មីៗនៅក្នុងផលិតកម្មទឹកដោះគោទាំងមូល។
ស្ថានទូតអូស្រ្តាលីចាត់ទុកថា ភាពជាដៃគូរបស់អូស្រ្តាលីជាមួយកសិដ្ឋានគិរីសួគ៍ គឺជាគំរូដ៏ជោគជ័យមួយដែលស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗ ពង្រីកទំហំពាណិជ្ជកម្ម លើកកម្ពស់សន្តិសុខស្បៀង និងរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែទទួលបានសុខមាលភាពល្អ និងវិបុលភាព។
កាលពី ៦ ឆ្នាំមុន មេគោពូជ Holstein របស់អូស្ត្រាលីចំនួន ៥៥០ ក្បាលបានមកដល់កម្ពុជា ដើម្បីចាប់ផ្តើមផលិតទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេបង្អស់ គឺកសិដ្ឋានគិរីសួគ៍ Kirisu Farm។ នៅពេលនេះមេគោចំនួន ២២០ ក្បាលបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជា ដែលនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់កសិដ្ឋានគិរីសួគ៍ ក្នុងការពង្រីកផលិតកម្មរបស់ខ្លួន។
តាមរយៈបរិមាណប្រមូលផល នៃកសិដ្ឋានគីរីសួគ៍ដែលផ្តល់ផលជាមធ្យម ១៨,០០០លីត្រក្នុងមួយថ្ងៃនេះ នឹងអាចរួមចំណែកផ្គត់ផ្គង់លើទីផ្សារបានចំនួនចន្លោះពី ២៥ទៅ៣០ភាគរយ នៃតម្រូវការទឹកដោះគោស្រស់សរុបប្រមាណជា ៣០ម៉ឺនលីត្រក្នុងមួយថ្ងៃ។
បច្ចុប្បន្ន កម្ពុជាមានកសិដ្ឋានផលិតគោយកទឹកដោះចំនួន ៤ ទីតាំង គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋាន មូមូ ហ្វាម កសិដ្ឋានឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋានអូម៉៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content