ភ្នំពេញ ៖ ថាមពលស្អាត ជាថាមពលដែលប្រើប្រាស់ហើយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសថាមសូឡា ដែលអ្នកជំនាញកំពុងលើកទឹកចិត្តឱ្យប្រជាកសិករងាកមកអនុវត្តដោយសារតែមានផលប្រយោជន៍ច្រើនក្នុងវិស័យកសិកម្ម និងអាចទទួលបានផលចំណេញច្រើន។
ឯកឧត្ដមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញភូមិមួយផលិតផលមួយបានមានប្រសាសន៍ប្រាប់ AMS ថា កសិករ គួរងាកមកប្រើថាមពលសូឡាក្នុងការដាំដំណាំដោយសារវាចំណាយតិច ប្រើកម្លាំងពលកម្មតិច ងាយស្រួលសម្រាប់កសិករសម័យថ្មី និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។
ឯកឧត្ដមបន្តថា ៖
“ថាមពលស្អាតបច្ចុប្បន្នដែលគេប្រើច្រើនគឺសូឡាបូមទឹកស្រោចដំណាំ ដែលអាចផ្ដល់ប្រយោជន៍ធំជាងគេគឺកាត់បន្ថយថ្លៃដើម ដោយសារតម្លៃប្រេងឥន្ទនៈមានតម្លៃខ្ពស់ក្នុងការប្រើម៉ាស៊ីនបូមទឹកធម្មតា ហើយការប្រើម៉ាស៊ីននេះទៀតសោត ត្រូវការកម្លាំងពលកម្មច្រើនដែលត្រូវមានអ្នកបញ្ឆេះម៉ាស៊ីនពេលព្រឹក និងមានអ្នកពន្លត់ពេលល្ងាច ខណៈដែលសូឡាបូមទឹកអាចដំណើរការបានដោយខ្លួនឯងយ៉ាងងាយស្រួល”
ឯកឧត្តមបានបន្តឱ្យដឹងថា បច្ចុប្បន្ននេះ នៅតាមចំការដំណាំនានាកំពុងប្រើប្រាស់ថាមពលសូឡា ទាំងសូឡាបូមទឹក កាមេរ៉ាប្រើថាមពលសូឡា និងអំពូលសូឡា ដែលគេនិយមប្រើស្ទើរគ្រប់ទីកន្លែង។ កំណើននៃការប្រើប្រាស់សូឡាបូមទឹក ជាទូទៅមានអ្នកប្រើប្រាស់លើសពី ៦០ភាគរយ ហើយអនាគតទៅក៏កាន់តែកើនឡើងបន្តទៀតផងដែរ។
លោក ហ៊ុន ហួរ ជាកសិកររស់នៅខេត្តសៀមរាប និងកំពុងប្រើប្រាស់សូឡាបូមទឹកសម្រាប់ស្រោចដំណាំក្នុងចំការដែលមានទំហំប្រមាណមួយហិកតា និងមានដាំដំណាំចម្រុះដូចជា ពោត ប៉េងប៉ោះ ត្រប់ ដំឡូងជាដើម។
លោកបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីប្រើប្រាស់សូឡាបូមទឹកបានមួយរយៈលោកបានមើលឃើញថា ការប្រើប្រាស់សូឡានេះគឺងាយស្រួល មិនចំណាយកម្លាំងច្រើន ជាពិសេសគឺមិនបាច់ចំណាយលើថ្លៃប្រេងចាក់ម៉ាស៊ីនបូមទឹកផ្ទាល់ដូចពេលមុនទៀតនោះទេ។
លោក ហ៊ុន ហួរ បានផ្តាំផ្ញើផងដែរថា កសិករដែលមានចំការដំណាំគួរតែដំឡើងប្រព័ន្ធសូឡាបូមទឹកដើម្បីស្រោចដំណាំ ដែលអាចទទួលបានផលចំណេញច្រើន មិននឿយហត់ក្នុងការបញ្ឆេះម៉ាស៊ីន ទោះបីការដំឡើងត្រូវចំណាយខ្ពស់ តែអាចកាត់បន្ថយថ្លៃដើមបានជាបន្តបន្ទាប់ ដូចជាមិនចាំបាច់ទិញប្រេងចាក់ម៉ាស៊ីនរាល់ថ្ងៃនោះឡើយ។
ទន្ទឹមគ្នានេះដែរ កញ្ញា ជិន អុល ជាអ្នកជំនាញនៃ Solar Green Energy ដែលកំពុងផ្គត់ផ្គង់បន្ទះសូឡាឱ្យកសិករបានបញ្ចេញមតិដែរថា សម្រាប់បងប្អូនកសិករគួរពិចារណាមកប្រើថាមពលសូឡា ពិសេសបងប្អូនដែលរស់នៅតំបន់ដាច់ស្រយាលដែលត្រូវចំណាយថ្លៃអគ្គិសនី និងតម្លៃប្រេងខ្ពស់ ដែលត្រឹមរយៈពេល ៣ទៅ៤ឆ្នាំទៀត គឺថ្លៃចំណាយលើសថ្លៃនៃការដំឡើងប្រព័ន្ធសូឡាទៅទៀត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content