បរទេស៖ យោងតាមប្រភពព័ត៌មានពី Oil Price បានរាយការណ៍ថា ចិនទំនងជាចំណេញរាប់ពាន់លានដុល្លារពីការនាំចូលប្រេងឆៅនៅឆ្នាំនេះ ដោយសារការទិញប្រេងក្នុងតម្លៃទាបពីប្រទេសជាប់ទណ្ឌកម្ម។
បើតាមការវិភាគរបស់រ៉យទ័របានបង្ហាញថា ចិនប្រហែលជាចំណេញ ១០ ពាន់លានដុល្លារ ដោយសារការទិញប្រេងតម្លៃទាបពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ដែលប្រទេសទាំង ៣ កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។ ស្របពេលដែលតម្លៃស្តង់ដារអន្តរជាតិបានកើនឡើងដោយសារតែការរឹតបន្តឹងការផ្គត់ផ្គង់ ចិនសល់លុយរាប់ពាន់លានដុល្លារពីការនាំចូលប្រេងឆៅចំនួន ២,៧៦ លានបារ៉ែលក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាក្នុងចន្លោះខែមករា និងខែកញ្ញា។
ប្រសិនបើប្រទេសចិនបានទិញបរិមាណទាំងនោះពីអ្នកនាំចេញប្រេងដែលមិនស្ថិតនៅក្រោមទណ្ឌកម្មនោះទេ ចិននឹងចំណាយប្រាក់ចំនួន ១០ ពាន់លានដុល្លារបន្ថែមទៀតលើការនាំចូលប្រេងឆៅរបស់ខ្លួន។ គេប៉ាន់ប្រមាណថា ការនាំចូលទាំងនោះមានចំនួន ២៥ ភាគរយនៃការទិញប្រេងឆៅសរុបរបស់ចិនក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡា មានចំណែកប្រហែល ២១ ភាគរយនៃការនាំចូលប្រេងឆៅរបស់ចិនក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និង ១២ ភាគរយប៉ុណ្ណោះកាលពីឆ្នាំ ២០២០។
ទោះបីជាតម្លៃប្រេងឡើងថ្លៃក្នុងប៉ុន្មានខែថ្មីៗនេះ និងការបញ្ចុះតម្លៃប្រេងឆៅរបស់រុស្ស៊ីកាន់តែតូចចង្អៀតទៅនឹងស្តង់ដារអន្តរជាតិក៏ដោយ ប៉ុន្តែរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតតែមួយគត់ដល់ប្រទេសចិន។ ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៣ នេះ ការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ីជាមធ្យម ២,១៣ លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានជួយរុស្ស៊ីយកឈ្នះអារ៉ាប៊ីសាអូឌីតដែលជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។
លើសពីនេះ ចិនក៏បានជំរុញការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយឥណ្ឌាក្នុងការទិញប្រេងរុស្ស៊ីដែលមានតំលៃថោក និង ការអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាន់តែធូរស្រាលលើពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ក្នុងឆ្នាំនេះ។
ការនាំចូលតម្លៃទាបជាងស្តង់ដារ គឺជាអត្ថប្រយោជន៍មួយក្នុងការជំរុញទិន្នផល និងចំណេញដល់ចិនដែលជាអ្នកប្រើប្រាស់ និង អ្នកចម្រាញ់ប្រេងធំជាងគេទីពីររបស់ពិភពលោក ជាពិសេសក្រុមហ៊ុនតូចៗ។ លើសពីនេះ វាសម្រួលដល់ការនាំចេញរបស់ក្រុមហ៊ុនចម្រាញ់ប្រេងម៉ាស៊ូត និងប្រេងសាំងដែលគ្រប់គ្រងដោយរដ្ឋក្នុងការរកប្រាក់ចំណេញ នៅពេលដែលប្រទេសប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច។ បន្ថែមពីលើនេះ ការទិញរបស់ចិនក៏ជាប្រភពចំណូលសម្រាប់ទីក្រុងមូស្គូ តេហេរ៉ង់ និងការ៉ាកាស ខណៈដែលសេដ្ឋកិច្ចរបស់ពួកគេត្រូវបានធ្លាក់ចុះដោយទណ្ឌកម្មរបស់លោកខាងលិច និង ការធ្លាក់ចុះនៃការវិនិយោគ៕