ភ្នំពេញ ៖ យោងតាមការសិក្សាស្រាវជ្រាវរបស់ U.S News & World Report បានយកមកផ្សព្វផ្សាយបន្តដោយ Asian Speech បង្ហាញឱ្យដឹងថា កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានសហរដ្ឋអាមេរិកបានឱ្យដឹងថា របាយការណ៍ដែលបានចាត់ចំណាត់ថ្នាក់លើប្រទេសនៅក្នុងពិភពលោកជាប្រទេសដែលមានិរន្តរភាពដីធ្លី និងធនធាល្អជាងគេ ដោយផ្អែកលើសូចនាករសំខាន់ៗដែលវិជ្ជមាន រួមទាំងការកាត់បន្ថយបំភាយឧស្ម័នកាបូន ការទប់ស្កាត់កាប់បំផ្លាញព្រៃឈើ មានតំបន់ធម្មជាតិដែលស្ថិតនៅក្នុងដែនការពារ ការអនុវត្តពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងធនធានទឹក ។
តាមការវាយតម្លៃ និងដាក់ចំណាត់ថ្នាក់ប្រទេសដែលមាននិរន្តរភាពដីធ្លី ក៏បានផ្អែកលើរបាយការណ៍នៃការវាស់វែង និងចុះបញ្ជីដីធ្លី ផងដែរ ហើយជាក់ស្ដែង កម្ពុជាបានសម្រេចការវាស់វែងដីធ្លីបញ្ចប់ជាស្ថាពរ និងកំពុងដំណើរការចុះបញ្ជី និងត្រៀមចេញបណ្ណជូនម្ចាស់កម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នា មិនថាកម្មសិទ្ធិឯកជន ជាកម្មសិទ្ធិសមូហភាព និងជាកម្មសិទ្ធិឯកជនរបស់រដ្ឋនោះទេ ។
នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិការបស់អង្គការសហប្រជាជាតិ នាទីក្រុងបាគូ ប្រទេសអាល់ស៊ែបៃហ្សង់ កាលពីដើមសប្ដាហ៍នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កម្ពុជា រំពឹងថានឹងដោះស្រាយបញ្ហានៃការតាំងទីលំនៅក្រៅផ្លូវការទាំងស្រុងនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ ក្នុងន័យនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស នឹងទទួលបានលំនៅឋានជាក់លាក់មួយសមរម្យ ក្នុងពេលដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងចុះបញ្ជីដីធ្លីជូនពលរដ្ឋទូទាំងប្រទេសឱ្យអស់ទាំងស្រុងនាពេលឆាប់ៗនេះដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីកសិកម្ម និងលំនៅដ្ឋានដល់ប្រជាពលរដ្ឋរាប់ច្រើនម៉ឺននាក់ និងបានប្រែជីវភាពរបស់ពលរដ្ឋក្រីក្រចំនួន ៥សែនគ្រួសារផ្លាស់ប្តូរទៅជាគ្រួសារដែលមានជីវភាពមធ្យម ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងជួយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់តាំងទីលំនៅក្រៅផ្លូវការ ឱ្យទទួលបានការងារធ្វើ អាចទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប រួមជាមួយនឹងកម្មវិធីសន្សំ និងលំនៅដ្ឋានថ្មី ។
ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍នៅក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះឱ្យដឹងថា កម្ពុជាគ្រោងនឹងបញ្ចប់ការចុះបញ្ជីដីធ្លីទាំងស្រុងនៅអំឡុងឆ្នាំ២០២៧ ហើយចាប់ពីពេលនោះតទៅ កម្ពុជានឹងលែងមានវិវាទដីធ្លី និងលែងមានការទិញដីអត់ប្លង់ទៀតហើយ ។
ឯកឧត្តមបន្តថា ចាប់តាំងពីឆ្នាំ២០២៧ តទៅ រាជរដ្ឋាភិបាលនឹងអាចគ្រប់គ្រងដីធ្លីបានកាន់តែល្អ និងជាការសម្រួលដល់ការវិនិយោគលើវិស័យដីធ្លី ដោយអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស អាចដឹងអត្តសញ្ញាណម្ចាស់ដីបានយ៉ាងងាយស្រួលែងពិបាកទៀតហើយ ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងដែរថា បច្ចុប្បន្នកម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន ៧៣ទីតាំង សរុបជាផ្ទៃដីរហូតដល់ ៧លានហិកតា ឬស្មើនឹងប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេស ដែលមានអត្រាខ្ពស់បំផុតបើប្រៀបធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី និងលើពិភពលោក ។
ឯកឧត្តមមានប្រសាសន៍ថា តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋានតាមរយៈការទទួលបានចំណូលពីអនុផលព្រៃឈើ និងការផ្តល់សេវាទេសចរណ៍ ជាពិសេសអាចរក្សាបាននូវប្រភពទឹក ធ្វើឱ្យដីមានសំណើមអនុគ្រោះដល់ការដាំដុះ និងអាចទប់ទល់ការបម្រែបម្រួលអាកាសធាតុបានយ៉ាងប្រសើរ ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content