កំពង់ធំ ៖ ក្នុងរយៈពេល៦ថ្ងៃ នៃពិធីបុណ្យទន្លេ មានភ្ញៀវទេសចរ រួមទាំងប្រជាពលរដ្ឋក្នុងតំបន់ប្រមាណជាង ១លាន២សែន៥ម៉ឺននាក់ បានចូលទស្សនាលេងកម្សាន្តមុននិងក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ។ ចំនួននេះ គឺបូកបញ្ចូលទាំងរយៈពេលនៃការប្រារព្ធពិធីបុណ្យទន្លេចំនួន៣ថ្ងៃ (ថ្ងៃទី៨-១០មីនា) ការចាប់ផ្ដើមលេងមុន១ថ្ងៃ និងការបន្តលេងពីរថ្ងៃបន្ថែមទៀត។
បើតាមការបញ្ជាក់ឱ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ថ្ងៃនីមួយមានភ្ញៀវចូលទស្សនាដូចជា៖ ថ្ងៃទី៧មីនា មានប្រមាណ១៨,៥០០នាក់ ថ្ងៃទី៨មីនា ប្រមាណ៣៨៥,០០០នាក់ ថ្ងៃទី៩មីនា ម្រមាណ៤០៥,០០០នាក់ ថ្ងៃទី១០មីនា មានប្រមាណ៣២០,០០០នាក់ ថ្ងៃទី១១មីនា មានប្រមាណ១១០,០០០នាក់ និងថ្ងៃទី១២មីនា មានប្រមាណ២០,០០០នាក់។ សរុបចំនួន៦ថ្ងៃនេះ គឺមានភ្ញៀវចូលទស្សនាចំនួន១,២៥៨,៥០០នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ គឺលោក សេង អាន បានបន្តទៀតថា ភាគច្រើននៃអ្នកទេសចរ គឺជាប្រជាពលរដ្ឋមកពីក្រុង-ស្រុកទាំង៩ទូទាំងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ពិសេសខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះជាដើម។
គួរជម្រាបថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីពេលកន្លងទៅ បានប៉ានស្មានថា ពិធីបុណ្យទន្លេ នៅក្នុងខេត្តកំពង់ធំនេះ នឹងអាចទាក់ទាញភ្ញៀវបានក្នុងរង្វង់១លាននាក់។ រីឯសកម្មសំខាន់ៗ ដែលរួមចំណែកក្នុងការទាក់ទាញភ្ញៀវដ៏ច្រើនកន្លងទៅនេះ រួមមានដូចជា៖ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។

អ្វីដែលគួរកត់សម្គាលផងដែរនោះ ពិធីបុណ្យទន្លេក៏មាននូវសកម្មភាព កីឡារត់ប្រណាំងកម្សាន្ត៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលជាការបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់ជាង ៥០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content