ភ្នំពេញ ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដោយមួយចំនួនបានដាក់ដំណើរការរួចរាល់ ហើយមួយចំនួនទៀតកំពុងសាងសង់រោងចក្រដែលនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ដែលកាន់តែធ្វើឱ្យតម្រូវការកៅស៊ូនៅកម្ពុជាមានកំណើនខ្ពស់។
លោក គិន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុនផលិតសំបកកង់ឡាន Sailun ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu Special Economic Zone) ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ក្នុងចំណោមរោងចក្រផលិតសំបកកង់ឡានទាំងអស់នៅក្នុងប្រទេសកម្ពុជា មានតែរោងចក្រផលិតសំបកកង់ឡានសៃលុនប៉ុណ្ណោះដែលប្រើកៅស៊ូខ្មែរច្រើនជាងគេ រហូតដល់ប្រមាន ៩៦ភាគរយនៃតម្រូវការកៅស៊ូសរុបរបស់ក្រុមហ៊ុន ដោយឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៣ហើយដែលក្រុមហ៊ុនសៃលុនបានដំណើរការរោងចក្រ ដោយឆ្នាំទី១ រោងចក្រសៃលុនបានប្រើកៅស៊ូខ្មែរអស់ប្រមាណ៥ម៉ឺនតោន ឆ្នាំទី២អស់ប្រមាណជាង១០ម៉ឺនតោន និងគ្រោងប្រើឱ្យអស់១៥ម៉ឺនតោនក្នុងឆ្នាំ២០២៦នេះ ។

តាមរយៈខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រសៃលុន និងរោងចក្រផលិតសំបកកង់រថយន្តផ្សេងទៀតនៅកម្ពុជា នឹងធ្វើឱ្យតម្រូវការកៅស៊ូនៅកម្ពុជាកាន់តែមានកំណើនខ្ពស់ជាមួយនឹងតម្លៃល្អប្រសើរ ដោយលែងនៅបារម្ភពីកង្វះទីផ្សារទៀតហើយ ។ អ្វីដែលពិសេស នៅពេលដែលរោងចក្រទាំង៨ មានដំណើរការពេញលេញ តម្រូវការជ័រកៅស៊ូសម្រាប់ផលិតជាសំបកកង់រថយន្តនឹងកាន់តែកើនឡើងខ្ពស់ជាងពេលបច្ចុប្បន្ន។
លោក គិន ឧត្តមមុនីស៊ីណាត បានបន្ថែមថា រោងចក្រសៃលុន អាចចាត់ទុកជារោងចក្រោលិតសំបកកង់ឡានដែលធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នាំ២០២៦នេះ ក្រុមហ៊ុនបានបោះទុនវិនិយោគសរុបប្រមាណ១ពាន់លានដុល្លារអាម៉េរិកហើយ ដោយបានផលិតសំបកកង់ឡានប្រមាណជិត២៣លានសំបកសម្រាប់នាំចេញ និងចែកចាយក្នុងស្រុក ។
ដោយឡែក លោក Chen Gang នាយកគ្រប់គ្រងរោងចក្រផលិតសំបកកង់ឡាន DoubleStar នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល នៅស្រុកស្នួល ខេត្តក្រចេះ ធ្លាប់បានលើកឡើងថា រោងចក្រផលិតសំបកកង់មួយនេះ បានប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរទាំងស្រុង ដោយជំហានដំបូងក្នុងមួយឆ្នាំ មានតម្រូវការប្រើប្រាស់ជ័រកៅស៊ូពី ៥ ទៅ ៦ម៉ឺនតោន ហើយនឹងបង្កើនការប្រើប្រាស់ជ័រកៅស៊ូឱ្យបានដល់១០ម៉ឺនតោនក្នុងមួយឆ្នាំ ។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យកសិករខ្មែរដែលជាម្ចាស់ចម្ការកៅស៊ូបង្កើនផ្ទៃដីដាំដុះបន្ថែមស្របពេលក្រុមហ៊ុនក៏មានគម្រោងពង្រីកខ្សែសង្វាក់ផលិតកម្មកាន់តែធំ ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោក ជា សាយិន ម្ចាស់ចម្ការកៅស៊ូនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ AMS ឱ្យដឹងថា ចាប់តាំងពីមានរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជាឃើញថា ទីផ្សារជ័រកៅស៊ូនៅកម្ពុជាមិនពិបាកដូចមុនទេ ។
លោកថា ៖
«កាលមុនយើងត្រូវលក់ជ័រទឹកទៅឱ្យរោងចក្រកែច្នៃជាជ័រកៅស៊ូក្រែប តែក្រោយពេលមានរោងចក្រផលិតសំបកកង់រថយន្តមក ក៏មានអ្នកដើរប្រមូលទិញជ័រកកដើម្បីដឹកទៅកែច្នៃផលិតជាសំបកឡាន ។ ពីមុនតម្លៃជ័រកៅស៊ូក៏មិនមានភាពនឹងនរដែរ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ តម្លៃជ័រកៅស៊ូមានភាពល្អប្រសើរ អត់ពិបាកដូចមុនទៀតនោះទេ»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៥ ផ្ទៃដីដំណាំកៅស៊ូក្នុងប្រទេសកម្ពុជាមានទំហំសរុប ៤៤៨ ០៥១ហិកតា ហើយផ្ទៃដីដែលអាចជៀរជ័របានមានទំហំ ៣៤៦ ៨៤២ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤១ ៩៧៨ ហិកតា (ស្មើនឹង ៧៦%, ផ្ទៃដីថែទាំ មានចំនួន ១០៦ ០៧៣ ហិកតា (ស្មើនឹង ២៤%)។ ដោយឡែក ក្នុងឆ្នាំ២០២៥នេះដែរ ទិន្នផលជ័រកៅស៊ូទូទាំងប្រទេសមានចំនួន ៤២២ ៨៤២តោន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content