ត្បូងឃ្មុំ ៖ គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការឱ្យដឹងពី លោគ ស៊ូ ជីន (zhu chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ែនឡែន គ្រុប(Mainland Group) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក លើកឡើងក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ូ ជីន (zhu chen) បានលើកឡើងថា ដោយមើលឃើញពីសក្តានុពលវិនិយោគវិស័យកៅស៊ូនៅកម្ពុជា ក្រុមហ៊ុនបានសម្រេចបោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា កាលពីឆ្នាំ២០២៤ ក្នុងបំណងលើកកម្ពស់ និងរួមចំណែកអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដាសហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។
សម្រាប់ការវិនិយោគនៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក សាងសង់រោងចក្រនៅលើផ្ទៃដី ១៥ហិកតា មានសមត្ថភាពផលិតកៅស៊ូបានចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំ និងអាចផ្តល់ការងារដោយផ្ទាល់ដល់ពលរដ្ឋចំនួន ៣០០នាក់ និងបុគ្គលិកកម្មករជៀរជ័រកៅស៊ូដោយប្រយោលចំនួន ៥០ ០០០នាក់ថែមទៀត។
បច្ចុប្បន្ន ក្រុមហ៊ុន មានរោងចក្រកំពុងវិនិយោគនៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី ប្រទេសឡាវ ប្រទេសកូឌីវ័រនៃទ្វីបអាហ្វ្រិក និងប្រទេសតាន់ហ្សានៀ ដែលមានទុនវិនិយោគសរុបចំនួនទឹកប្រាក់ប្រមាណ ៣៧៥ លានដុល្លារអាម៉េរិក។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងស្វាគមន៍ចំពោះក្រុមហ៊ុនជាតិ និងអន្តរជាតិដែលមានបំណងចូលមកបោះទុនវិនិយោគនៅក្នុងខេត្តត្បូងឃ្មុំ និងបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។ ការបោះទុនវិនិយោគរបស់ក្រុមហ៊ុនខាងលើ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការរួមចំណែកក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថា ផ្ទៃដីដាំដំណាំកៅស៊ូក្នុងខេត្តត្បូងឃ្មុំមានចំនួន ៨៨ ១៤៥ហិកតា ក្នុងនោះ កៅស៊ូគ្រួសារមានចំនួន ៦៦% នៃផ្ទៃដីសរុប។ ទិន្នផលកៅស៊ូក្នុងខេត្តត្បូងឃ្មុំផ្តល់ផលកម្រិតល្អប្រសើរក្នុងរង្វង់ ១,៥តោនក្នុងមួយហិកតា បើធៀបនឹងខេត្តផ្សេងទៀតដែលមានទិន្នផលចន្លោះពី ១,១ ឬ ១,៣ តោនប៉ុណ្ណោះក្នុងមួយហិកតា។ ក្នុងឆ្នាំ២០២៥ កន្លងទៅ ខេត្តត្បូងឃ្មុំមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦ ០៣៦ហិកតា ផ្តល់ផលជ័រកៅស៊ូប្រមាណ ៩៩ ០៥៤តោន និងមានតម្លៃសរុបចំនួន ១៧៦ លានដុល្លារអាម៉េរិក។
តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូកសិ-ឧស្សាហកម្មមានចំនួន ២២៣ ៣៤០ហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួន ២២៤ ៧១១ហិកតា ស្មើនឹងប្រមាណ ៥០% នៃផ្ទៃដីសរុប៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content