ស្ថិតនៅក្នុងបរិបទនៃការផ្លាស់ប្តូរទំនោរទីផ្សារសកលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់ឆ្នាំបន្ទាប់២០២៣ខាងមុខនេះនឹងក្លាយទៅជាឆ្នាំនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគស្ថិតនៅក្នុងលក្ខណៈពិសេសថ្មីមួយ ជាពិសេសបណ្តាប្រទេសដែលមានស្ថិរភាពសេដ្ឋកិច្ចរឹងម៉ាំ និងភាពធន់ខ្លាំងក្នុងអំឡុងពេលនៃវិបត្តិកន្លងមកនេះ។
The Invest Asian បានធ្វើការសិក្សាទៅលើទីផ្សារជាច្រើននៅក្នុងតំបន់អាស៊ីដើម្បីធ្វើការព្យាករណ៍អំពីភាពរីកចម្រើនឡើងវិញនៃសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ ឬចាប់ឆ្នាំ២០២៣តទៅ ហើយក្នុងនោះបានរកឃើញថាមានប្រជាជាតិអាស៊ានចំនួន៥ប្រទេសដែលនឹងអាចទទួលបានអត្ថប្រយោជន៍ខ្លាំងជាងគេតាមរយៈសកម្មភាពវិនិយោគដោយប្រទេស ឬ Foreign Directy Investment (FDI) ។
៥ប្រទេសដែល Invest Asian បានមើលឃើញថានឹងក្លាយទៅជាគោលដៅវិនិយោគដ៏មានសក្តានុពលបំផុតនៅក្នុងតំបន់អាស៊ីនោះក៏មាន
ប្រទេសកម្ពុជាយើងផងដែរបើទោះបីជាសកលលោកនៅបន្តជួបបញ្ហាវិបត្តិជាច្រើននៅឡើយបូករួមទាំងបញ្ហាថាមពលបញ្ហាអតិផរណាបញ្ហាសង្វាក់នៃការផ្គត់ផ្គង់ជាដើម។
The Invest Asian បានសរសេររៀបរាប់ពីភាពខ្លាំងនៃសេដ្ឋកិច្ចរបស់កម្ពុជា និងអំណះអំណាងជាច្រើនទៀតដែលខ្លួនបានសម្រេចចិត្តជ្រើសយកកម្ពុជាដាក់ចូលក្នុងបញ្ជីសម្រាប់ឆ្នាំ២០២៣នេះ។ The Invest Asian និយាយថា កម្ពុជាគឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសដែលមានសន្ទុះរីកចម្រើនខ្លាំងជាងគេរបស់ពិភពលោកអស់រយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ពោលគឺគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។
បច្ចុប្បន្ន កម្ពុជាគឺជាប្រទេសដែលមានការស្វាគមន៍ និងលក្ខខណ្ឌល្អបំផុតចំពោះបណ្តាក្រុមហ៊ុនអ្នកវិនិយោគទុនបរទេសទាំងឡាយ ហើយក៏ជាគោលដៅដែលអាចផ្លាស់ប្តូរខ្លួនទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងកផ្អែកលើវិស័យឧស្សាហកម្មបានលឿនជាងគេធៀបទៅនឹងបណ្តាប្រទេសផ្សេង។
ក្រៅពីនោះ កម្ពុជាក៏ជាគោលដៅដ៏ទាក់ទាញបំផុតមួយផងដែរសម្រាប់ក្រុមភ្ញៀវទេសចរបរទេសដែលជាផ្នែកមួយដ៏សំខាន់សម្រាប់សកម្មភាពវិនិយោគដោយផ្ទាល់ពីខាងក្រៅ។ ទោះបីជាយ៉ាងណាក្តី កម្ពុជាមិនផ្តោតសំខាន់តែទៅលើវិស័យទេសចរណ៍មួយមុខនោះទេ ក្រៅពីនោះក៏មានការខិតខំប្រឹងប្រែងនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រ និងផលិតកម្ម និងការកែប្រែខ្លួនបន្តិចម្តងទៅជាប្រទេសដែលអាចបម្រើឲ្យវិស័យផលិតកម្មទំនិញធន់ធ្ងន់ផងដែរ។
ជាក់ស្ដែង ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Ford និង Toyota ជាដើម ទើបតែបានប្រកាសសាងសង់រោងចក្ររបស់ខ្លួននៅកម្ពុជា ខណៈដែលយីហោល្បីៗក៏មានវត្តមាននៅក្នុងទីផ្សារស្រាប់ហើយ។ ជាមួយគ្នានេះ សម្រាប់ផ្នែកផ្គត់ផ្គង់ទំនិញ និងផលិតផលចម្រុះ 7-eleven បានបង្ហាញវត្តមាន និងដាក់ដំណើរការហាងជាច្រើនទីតាំងរបស់ខ្លួន ជាមួយនឹងការដាក់ផែនការឲ្យបាន៥០០កន្លែងនៅត្រឹមឆ្នាំ២០២៥ ដែលរូបភាពទាំងអស់នេះសុទ្ធតែបានសបញ្ជាក់ឲ្យឃើញពីភាពទាក់ទាញរបស់កម្ពុជាចំពោះក្រុមអ្នកវិនិយោគបរទេស។
គួរឲ្យដឹងដែរថា បណ្តាប្រទេសផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីជាមួយនឹងកម្ពុជាផងដែរនោះរួមមានដូចជាប្រទេសសិង្ហបុរី, ប្រទេសវៀតណាម, ប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីន។ The Invest Asian គឺជាគេហទំព័រផ្តល់ព័ត៌មាន និងទិន្នន័យស្រាវជ្រាវស្តីអំពីសកម្មភាពទីផ្សារសកល ទីផ្សារការងារ ការវិនិយោគសកល ហើយក៏ជាគេហទំព័រទិញ-លក់អចលនទ្រព្យនៅក្នុងតំបន់អាស៊ីផងដែរ ខណៈដែលវេបសាយនេះមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុងបាងកកប្រទេសថៃ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content