ភ្នំពេញ ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោជាង ១ម៉ឺន៨ពាន់នាក់កាលពីថ្ងៃទី៣ តុលា ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា ក្នុងពេលសម្ដេចអញ្ជើញទៅសហរដ្ឋអាមេរិកកាលពីចុងខែកញ្ញាកន្លងទៅនេះ សម្ដេចបានជួបជាមួយក្រុមហ៊ុនអាមេរិករហូតដល់ ៥៨ក្រុមហ៊ុន ក្នុងនោះក៏មានក្រុមហ៊ុនធំៗរបស់អាមេរិកផងដែរដែលកំពុងសិក្សាពីលទ្ធភាព និងឱកាសមកវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីបានមានប្រសាសន៍ថា ថ្វីត្បិតតែសម្ដេចមិនបានជួបជាមួយលោក Elon Musk តែសម្ដេចបានជួបជាមួយក្រុមហ៊ុនអាមេរិករហូតដល់៥៨ ក្នុងនោះមានក្រុមហ៊ុនយក្សរបស់អាមេរិកជាច្រើនផងដែរ ដូចជា ក្រុមហ៊ុន Chevron ក្រុមហ៊ុន Pfizer ក្រុមហ៊ុនប៊ូអ៊ីង ក្រុមហ៊ុនវីសា ក្រុមហ៊ុនម៉ាស្ទ័រកាត និងក្រុមហ៊ុនជាច្រើនទៀត សុទ្ធតែក្រុមហ៊ុនធំៗ ។
សម្ដេចបន្តថា ក្រោយជំនួបជាមួយក្រុមហ៊ុនធំៗជាច្រើនរបស់អាមេរិករួចមក ឃើញថាក្រុមហ៊ុន Pfizer ជាក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិក បានប្រាប់ថាគេនឹងមកកម្ពុជាដើម្បីជួបជាមួយមន្ត្រីជំនាញនៃក្រសួងសុខាភិបាលដើម្បីអាចសិក្សាលើលទ្ធភាពក្នុងការវិនិយោគនៅក្នុងប្រទេស ឬធ្វើកិច្ចសហប្រតិបត្តិការណាមួយដែលអាចធ្វើទៅរួច ។
សម្ដេចបន្ថែមថា ក្នុងឱកាសដែលសម្ដេចអញ្ជើញទៅអាមេរិកនេះដែរ សម្ដេចក៏ចូលរួមផ្គូរផ្គងរវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនខ្មែរ ដើម្បីជួបតទល់គ្នាឱ្យពួកគេជួបពិភាក្សា ហើយប្រហែលជាប៉ុន្មានខែខាងមុខនេះ នឹងមានក្រុមហ៊ុនអាមេរិកជាច្រើនចូលមកកម្ពុជាដើម្បីស្វែងការវិនិយោគនៅកម្ពុជាផងដែរ ។
សម្ដេចធិបតីបានបញ្ជាក់ថា មិនមែនតែសម្ដេចទេដែលចេញទៅក្រៅប្រទេសហើយជួបជាមួយបណ្ដាក្រុមហ៊ុនធំៗនៅក្រៅប្រទេស ក៏មានរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំតាមស្ថាប័នក្រសួងនានា បានចេញទៅក្រៅប្រទេស និងជួបជាមួយវិនិយោគិន និងម្ចាស់ក្រុមហ៊ុនជាច្រើននៅតាមបណ្ដាប្រទេសជាដៃគូដើម្បីទាក់ទាញពួកគេមកវិនិយោគនៅកម្ពុជា ។