សម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន ជាពិសេសការបង្កើតនូវយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម ជាកញ្ចប់ទេសចរណ៍ប្រទេស៣ គោលដៅតែមួយ (Three Countries One Destination Package)។
សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងអំពីយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍រួមគ្នារវាងប្រទេសទាំង៣។
សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានរដ្ឋ និងបានបញ្ជាក់ថា ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ានដែលសម្តេចធិបតីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ។ ទន្ទឹមនោះដែរ កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ដែលពិធីប្រកាសជាផ្លូវការ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម ។ល។
ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ កម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត និងស្វាគមន៍ចំពោះការបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយនឹងក្តីសោមនស្សរីករាយដែលបានជួប សម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
បើតាមការឱ្យដឹងពីឯកឧត្តម ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់កាលពីដើមខែធ្នូ ឆ្នាំ២០២៣នេះ អ្នកដំណើរតាមផ្លូវអាកាស ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមចំនួន៤១០០នាក់ក្នុងមួយថ្ងៃ ស្របពេលជើងហោះហើរបានកើនឡើងដល់ ៤២ជើងក្នុងមួយថ្ងៃ (ទ្វេទិស)។ ភាគច្រើនហោះហើរ គឺពីតំបន់អាស៊ាន និងចិន ដោយមាន ៥៦សញ្ជាតិ ចូលមកកម្ពុជា។
ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៩ ធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៨ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ១៕