ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្តលើកដំបូងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា មានក្រុមហ៊ុនចិន និងក្រុមហ៊ុនមកពីប្រទេសជាច្រើនទៀតមានបំណងចូលមកដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលនឹងបង្កើតឱកាសការងារជាច្រើនដល់កម្មករកម្មការិនី។
សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជានិច្ចជាកាលរួមគ្នាថែទាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងពង្រឹងតំបន់សេដ្ឋកិច្ចពិសេសមួយនេះឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញដ៏មានសក្ដានុពល និងបានផ្ដល់ការងារធ្វើ និងផលិតនូវផលិតផលសម្រាប់នាំចេញទៅក្រៅប្រទេសរាប់ទាំងប្រទេសចិនខ្លួនឯងផងដែរ។
សម្ដេចតេជោបានបន្តថា ៖
“ការពារព្រៃបានមិនខ្វះអុសដុតទេ ការពារសន្តិភាពបាន មិនខ្វះការងារធ្វើទេ ហើយអ្នកដែលមានសមត្ថភាពការពារសន្តិភាពនោះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដូច្នេះអ្នកដែលមានសមត្ថភាពការពារឆ្នាំងបាយរបស់កម្មករក៏មានតែគណបក្សប្រជាជនដូចគ្នា ។ គ្មានប្រទេសណាដែលមានការអភិវឌ្ឍទៅដោយនៅក្នុងស្ថានភាពប្រទេសមានសង្គ្រាមនោះទេ។”
សម្ដេចតេជោបន្ថែមថា សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីមុននេះ មានរោងចក្រចំនួន១០០បានដាក់ទីតាំងវិនិយោគ ហើយកាលនោះ សម្ដេចក៏មកចូលរួមក្នុងការអបអររោងចក្រទី១០០នោះដែរ ប៉ុន្តែមកដល់ពេលនេះ មានរោងចក្រដល់ទៅ១៧៥រោងចក្រ និងបានផ្ដល់ឱកាសការងារជូនកម្មករ-កម្មការិនីចំនួនជាង២ម៉ឺននាក់ និងអាចមានការបណ្ដាក់ទុនវិនិយោគពីសំណាក់រោងចក្រជាច្រើនទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ៕