បរទេស ៖ យោងតាមប្រភពព័ត៌មានពី Hellen Shipping News បានរាយការណ៍ថា សហភាពអឺរ៉ុបនៅតែបន្តនាំចូលប្រេងម៉ាស៊ូតច្រើនជាង ២៥ ភាគរយពីរុស្ស៊ី បើទោះបីជាពួកគេបានដាក់ការហាមឃាត់ថ្មីៗក្នុងការរារាំងការផ្គត់ផ្គង់ផលិតផលប្រេងពីរុស្ស៊ីក៏ដោយ ។

យោងតាមទិន្នន័យពី S&P Global Commodities at Sea បានបង្ហាញថា ការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ីមកកាន់សហភាពអឺរ៉ុប ន័រវេស និងចក្រភពអង់គ្លេស ជាមធ្យមមានចំនួន ៤៤៨ ០០០ បារ៉ែលក្នុងមួយថ្ងៃនៅដើមខែមករានេះ ដែលធ្លាក់ចុះពី ៦៦៣ ០០០ បារ៉ែលក្នុងមួយថ្ងៃកាលពីមុនមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ជាលទ្ធផល ប្រេងម៉ាស៊ូតរបស់រុស្ស៊ីនាំចេញទៅកាន់អឺរ៉ុបជាសរុបមាន ២៧ ភាគរយ ឬ ចំនួន ១,៦៩ លានបារ៉ែលក្នុងមួយថ្ងៃ។

ការរឹតបន្តឹងរបស់សហភាពអឺរ៉ុបលើការនាំចូលផលិតផលចម្រាញ់ពីរុស្ស៊ី ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ៥ ខែកុម្ភៈ នឹងធ្វើឲ្យអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងតំបន់ប្រឈមមុខនឹងបញ្ហាដ៏ធំក្នុងការស្វែងរកប្រេងម៉ាស៊ូតជំនួស ដោយសាររុស្ស៊ីគឺជាអ្នកនាំចេញប្រេងឥន្ធនៈដ៏ធំបំផុតទៅកាន់តំបន់នេះ។ ដូចនេះហើយ សហភាពអឺរ៉ុបនៅតែបន្តទិញប្រេងម៉ាស៊ូតពីរុស្ស៊ីមុនពេលទណ្ឌកម្មថ្មីមកដល់ ហើយទាំងការដឹកជញ្ជូន និងការទូទាត់សម្រាប់ផលិតផលរុស្ស៊ីចាំបាច់ត្រូវបញ្ចប់មុនថ្ងៃទី ៥ ខែកុម្ភៈខាងមុខនេះ។

ចាប់តាំងពីមានជម្លោះរុស្ស៊ី-អ៊ុយក្រែនមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់អាមេរិកបានក្លាយជាប្រភពដ៏ធំបំផុតរបស់អឺរ៉ុប ដោយទិន្នន័យនាវាដឹកប្រេងបានបង្ហាញថា ការដឹកជញ្ជូនទៅកាន់អឺរ៉ុបមានចំនួន ២៣៧ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដែលកើនឡើងពី ៣៤ ០០០ បារ៉ែលក្នុងមួយថ្ងៃនៅដើមឆ្នាំ២០២២ កន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការពឹងផ្អែករបស់អឺរ៉ុបលើប្រេងម៉ាស៊ូតនៅមជ្ឈិមបូព៌ា ក៏ត្រូវបានគេរំពឹងថានឹងកើនឡើងផងដែរ រួមមានការនាំចូលពីរោងចក្រចម្រាញ់ប្រេង Al Zour នៅប្រទេសគុយវ៉ែត រោងចក្រ Jazan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រោងចក្រ Karbala ក្នុងប្រទេសអ៊ីរ៉ាក់ និង រោងចក្រចម្រាញ់ Duqm ក្នុងប្រទេសអូម៉ង់។
ស្របពេលនេះដែរ ការនាំចូលប្រេងម៉ាស៊ូតរបស់អឺរ៉ុបពីប្រទេសផ្សេងៗដូចជា ការនាំចូលប្រេងម៉ាស៊ូតពីចិន និងម៉ាឡេស៊ីបានកើនឡើងយ៉ាងខ្លាំងដល់ ៧៧ ០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលការនាំចូលប្រេងម៉ាស៊ូតពីឥណ្ឌាមានចំនួន ១០៥ ០០០ បារ៉ែលក្នុងមួយថ្ងៃ កាលពីខែធ្នូកន្លងទៅនេះ ។ សរុបជារួម ការនាំចេញប្រេងម៉ាស៊ូតពីអាស៊ីទៅកាន់អឺរ៉ុប មានប្រហែល ១៥០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។
យោងទៅតាមអ្នកវិភាគនៅ S&P Global Commodity Insights បានប៉ាន់ប្រមាណថា ការរឹតបន្តឹងថ្មីរបស់សហភាពអឺរ៉ុប នឹងធ្វើឲ្យបរិមាណផលិតកម្មប្រេងរបស់រុស្ស៊ីអាចនឹងធ្លាក់ចុះ ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ហើយការផ្គត់ផ្គង់របស់រុស្ស៊ីអាចនឹងខាតបង់ដល ៩០០ ០០០ បារ៉ែលក្នុងមួយថ្ងៃផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content