ព្រះវិហារ ៖ កសិករជាច្រើនគ្រួសារនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បានចាប់ផ្ដើមដាំដំណាំគម្របដី ដើម្បីកែប្រែគុណភាពដីដែលបានបាត់បង់ឱ្យប្រសើរឡើងវិញ និងទទួលបានទិន្នផលដំណាំកាន់តែប្រសើរឡើង។ ជាក់ស្ដែងកសិករនៅក្នុងឃុំរីករាយ ស្រុករវៀង ខេត្តបន្ទាយមានជ័យ បានអនុវត្តន៍សាកល្បងដំាដំណាំគម្របដីឃើញថាទិន្នផលដំណាំដូចជាស្រូវ និងដំណាំផ្សេងទៀតទទួលបានទិន្នផលខ្ពស់ជាងមុន ។

លោកបណ្ឌិត គង់ រ៉ាដា អ្នកសម្របសម្រួលគម្រោង Asset ប្រចាំខេត្តព្រះវិហារ បានមានប្រសាសន៍ថា ជាទូទៅដីស្រែ ចំការ បើកាលណាដាំដុះរាល់ឆ្នាំនឹងធ្វើឱ្យគុណភាពដីកាន់តែបាត់បង់ដោយសារតែដំណាំដែលដាំដុះនោះ វាត្រូវស្រូបយកជីវជាតិទៅចិញ្ចឹម និងលូតលាស់ជារៀងរាល់ឆ្នាំ ។ ដូច្នេះការដែលមិនដាក់ជី ឬមិនឱ្យចំណីទៅដល់ដី ដំណាំក៏នឹងហុចទិន្នផលឱ្យកាន់តែតិចពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកបណ្ឌិតបន្តថា ការដាំដំណាំគម្របដីនឹងកែប្រែដីដែលមិនមានជីវជាតិ ឱ្យមានជីវជាតិឡើងវិញ នឹងធ្វើឱ្យទិន្នផលដំណាំកើនឡើងវិញ ដែលអាចរក្សាបានសុវត្ថិភាពស្បៀងអាហារ ជាពិសេសទទួលបានអាហារដែលមិនមានសារធាតុគីមី ។ លោកថា កត្តាដែលអ្នកជំនាញអះអាងថា ការដាំដំណាំគម្របដីធ្វើឱ្យដីមានគុណភាព និងជីវជាតិឡើងវិញនោះ ដោយសារតែដំណាំគម្របដីដែលដាំវាជាប្រភេទដំណាំដែលចាក់ឬសបានជ្រៅ ធ្វើឱ្យដីផុសបានជ្រៅ ហើយវាក៏ស្រូបយកសារធាតុចិញ្ចឹមផ្សេងពីបរិកាសទៅរក្សាទុកក្នុងដី ដូច្នេះនៅពេលភ្ជួរសម្លាប់ដំណាំគម្របដីនោះ ហើយមកដាំស្រូវ ឬដំណាំផ្សេងៗទៀត នឹងធ្វើឱ្យទិន្នមានការលូតលាស់ល្អ។

លោក ហេង ហួរ កសិករមួយរូបក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ បានឱ្យដឹងថា ដីស្រែរបស់លោកមានរយៈកាលយូរមកហើយ គឺមិនក្រោម៦០ឆ្នាំទេ ពីព្រោះថាពេលលោកកើតមកឃើញដូនតាបានដាំដុះស្រូវលើដីនេះរួចទៅហើយ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលស្រូវក្នុងស្រែនោះកាន់តែថមថយជាបន្តបន្ទាប់ តែក្រោយមកក៏មានអង្គការមួយ បានមកពន្យល់ និងណែនាំឱ្យកសិករកែប្រែគុណភាពដី ដើម្បីបង្កើនទិន្នផលស្រូវឡើងវិញ ដោយដាំដំណាំគម្របដី ។
លោកបន្តថា ការដាំដំណាំគម្របដីនេះ គឺធ្វើឡើងនៅក្រោយពេលកសិករប្រមូលផលស្រូវរួច មានន័យថាច្រូតកាត់ហើយកាលណាក៏ចាប់ផ្ដើមព្រួសគ្រាប់ពូជដំណាំគម្របដី ដែលមានច្រើនប្រភេទ ប៉ុន្តែសម្រាប់រូបលោកគឺជ្រើសរើសយកប្រភេទស្តាយឡូ ដែលជាប្រភេទស្មៅអាចឱ្យគោស៊ីផង និងទុកជាជីកំប៉ុសផង ។ លោកថា មុនចាប់ផ្ដើមដាំដំណាំគម្របដី ទិន្នផលស្រូវក្នុងមួយហិកតាបានត្រឹម១តោន តែពេលដាំដំណាំគម្របដីក្នុងឆ្នាំដំបូងក៏ចាប់ផ្ដើមទទួលបាន១,៥តោនក្នុងមួយហិកតា ។ ដោយឃើញថាទិន្នផលចាប់ផ្ដើមកើនឡើងបែបនេះ កសិករជាច្រើនចាប់ផ្ដើមអនុវត្តន៍តាម ហើយរហូតមកដល់ពេលនេះ ទិន្នផលស្រូវក៏ចេះតែកើនឡើង រហូតដល់ ១ហិកតា ជិត៣តោនឯណោះ ។

លោក ស្រី ជុន កសិករមួយរូបរស់នៅក្នុងឃុំជាមួយគ្នាដែរនោះក៏បានឱ្យដឹងផងដែរថា លោកបានអនុវត្តន៍ដាំដំណាំគម្របដីលើដីចំការរបស់លោកក្រោយទទួលបានការណែនាំពីអង្គការកសិកម្មនៅក្នុងខេត្តព្រះវិហារ ហើយក្នុងឆ្នាំដំបូងនេះ លោកមើលឃើញថាដំណាំគម្របដីនោះមានការលូតលាស់ល្អណាស់ ដោយមិនចាំបាច់ប្រើប្រាស់ជីនោះឡើយ ដូច្នេះនៅឆ្នាំក្រោយៗ លោកនឹងបន្តដាំដំណាំគម្របដីលើដីចំការរបស់លោកបន្ថែមទៀត ដើម្បីបង្កើនគុណភាពដីឡើងវិញ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content