កម្មវិធីចំណេះដឹង​ហិរញ្ញវត្ថុ​របស់ធនាគារ​ ABA​ ធ្វើឱ្យប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិចក្នុង​ខេត្តរតនគិរី​ ចៀសផុតពីបំណុលលើសលប់

រតនគិរី ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ជាពិសេសជនជាតិដើមភាគតិច ក្រោយពីទទួលបានការផ្សព្វផ្សាយអំពីចំណេះដឹងខាងហិរញ្ញវត្ថុ ពួកគាត់​បានយល់ដឹងពីលុយជាអ្វី អ្វីជាកម្ចី អ្វីជាបំណុល ការគ្រប់គ្រងចំណូលចំណាយ ការសន្សំ ហើយពួកគាត់បានដឹងទៀតថាការខ្ចីលុយត្រូវតែសង​គេ​វិញ និងមុនខ្ចីលុយត្រូវតែគិតពិចារណាថាតើគួរខ្ចី ឬមិនគួរខ្ចី ខ្ចីយកទៅធ្វើអ្វី មានលទ្ធភាពសងគេវិញឬអត់ និងត្រូវធ្វើដូចម្តេចដើម្បីចៀសផុត​ពី​បំណុលលើសលប់ ខណៈដែលចំណេះដឹងទាំងនេះ ពីមុនពួកគាត់មិនធ្លាប់ទទួលបានឡើយ ដោយពួកគាត់គិតថាការផ្តល់កម្ចី គឺជាអំណោយ ចង់សងក៏បាន មិន​សង​​ក៏បាន។

គួរឱ្យដឹងថា នៅ​ក្នុងស្រុក​ដាច់​ស្រយាល​មួយ​ចំនួន​នៅ​ខេត្តរតនគិរី​ ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​ ដែល​ប្រកប​របរ​ដាំ​ដំណាំ​សម្រាប់​ចិញ្ចឹមជីវិត​ដូច​ជា​ ស្វាយចន្ទី​ ស​ណែ្ដ​ក​សៀង​ សណ្ដែកខៀវ​ ដំណាំ​ស្រូវ​ និង​ដំឡូងឈើ​ជាដើម​។ ​ការ​ដាំ​ដំណាំ​ទាំងនេះ​គឺជា​ប្រភព​ចំណូល​បន្ថែម​លើ​ចំណូល​ដែល​បាន​មក​ពី​ការ​អាស្រ័យ​អនុ​ផល​ព្រៃឈើ​ កសិកម្ម​ពនេចរ​ និង​ការ​ចិញ្ចឹមសត្វ​ ដែល​ជា​មុខរបរ​ប្រពៃណី​របស់​ពួក​គាត់​។​ ​
កាលពីប៉ុន្មានឆ្នាំមុន ជា​ធម្មតា​ ប្រភព​ចំណូល​ពី​មុខរបរ​ទាំងនេះ​ អាច​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ពួក​គាត់​បាន​គ្រប់គ្រាន់​ ប៉ុន្ដែ​មក​ទល់​បច្ចុប្បន្ន​ គ្រប់យ៉ាង​បាន​ផ្លាស់​ប្ដូរ​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ភាគច្រើន​ប្រាថ្នា​ចង់​បានការ​រស់នៅ​បែប​សម្ភារ​និយម​ដូច​អ្នក​រស់នៅ​ទីប្រជុំជន​ដែរ​។​ ​ពួក​គាត់​ចាប់ផ្ដើម​ចំណាយ​ប្រាក់​កាស​លើ​សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ ម៉ូតូ​ ឡាន​ និង​សម្លៀក​បំពាក់​ម៉ូ​ដ​ថ្មីៗ​ ហើយ​តែង​មានការ​ជួបជុំ​ជប់លៀង​ជា​ញឹកញាប់​។​ ដូច្នេះនៅ​ពេល​ពួក​គាត់​ខ្វះខាត​លុយកាក់​ ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​បែប​ថ្មី​នេះ​ ពួក​គាត់​បាន​ចាប់ផ្ដើម​ខ្ចីបុល​ពី​អ្នក​ចងការ​ប្រាក់​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ស្រុកភូមិ​។​

សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​ទាំងនេះ​មាន​លក្ខណៈ​បែប​គ្រួសារ​សាមញ្ញ​ ដែល​មិនសូវ​ចាយវាយ​ប្រាក់​កាស​ច្រើន​ប៉ុន្មាន​ទេ​ ដូច្នេះ​ពួក​គាត់​មាន​បទ​ពិសោធ​ន៍ និង​ការ​យល់​ដឹង​តិចតួច​អំពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​។​ ជា​លទ្ធផល​ ពួក​គាត់​មាន​បំណុលច្រើនលើសលប់​ ដែល​មិន​អាច​រ៉ាប់រងការ​ទូទាត់​ការ​ប្រាក់​ប្រចាំខែ​បាន​ឡើយ។​ បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ ខ្វះ​ទាំង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ទាំង​ជំនាញ​ក្នុង​ការ​រៀបចំ​ផែនការ​រយៈពេល​វែង​ និង​ទាំង​ជំនាញ​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ​ ដែល​នាំ​ឲ្យ​ពួក​គាត់​ជំពាក់​បំណុល​ច្រើន​ ហើយ​ត្រូវ​បង្ខំចិត្ត​លក់​ដីធ្លី​ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ ដើម្បី​ទូទាត់​សងបំណុល​ទាំងនោះ​។​ ​

ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​របស់​កា​ណា​ដា​ Angkor​ Resources​ Corp.​ ដែល​ជា​ដៃគូ​អនុវត្ត​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​ (CSR)​ របស់​ ABA​ បាន​រៀបចំ​ និង​បង្កើត​ “​កម្មវិធី​ពង្រឹងសមត្ថភាព​ប្រជា​សហគមន៍​នៅ​តំបន់​ដាច់​ស្រយាល​ តាម​រយៈ​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​”​ ក្នុង​គោលបំណង​អភិវឌ្ឍ​ចំណេះដឹង​ និង​ជំនាញ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងនោះ​ ហើយ​អាច​ឲ្យ​ពួក​គាត់​ពង្រឹង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​គ្រួសារ​ ប្រកបដោយ​ភាព​ឈ្លាសវៃ​ និង​ក្នុង​ឥរិយាបថ​ល្អ​ប្រសើរ​។

​តាម​រយៈ​កម្មវិធី​នេះ​ ABA​ បាន​បង្ហាញ​អំពី​បេសកកម្ម​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ដំណើរការ​ធុរកិច្ច​ ដែល​យកចិត្តទុកដាក់​លើ​អនាគត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សង្គម​ជាតិ​។​ ABA​ មាន​ប្រវត្តិ​ដ៏​ល្អ​ក្នុង​ការ​អនុវត្ត​វិធីសាស្ដ្រ​ផ្ដល់​ជូន​តែ​កម្ចី​ណា​ដែល​មាន​ផលិតភាព​ល្អ​ ហើយ​គាំទ្រ​ដល់​វិស័យសេដ្ឋកិច្ច​ពិតប្រាកដ​ និង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​កម្ចី​។​ ការ​ជំពាក់​បំណុល​ច្រើន​ គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ ដែល​ត្រូវការ​ដំណោះស្រាយ​ ស្រប​ទៅ​នឹង​គុណ​តម្លៃ​របស់​ ABA​ ហើយ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ធនាគារ​ចូលរួម​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​នេះ​ផង​ដែរ​។​ ​

យោងតាមធនាគារ ABA បានឱ្យដឹងថា កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​បាន​ចាប់ផ្ដើម​ដោយ​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ (ToT)​ ចំនួន​១៤ រូប​ ក្រោម​ការ​គាំទ្រ​ពី​ក្រុមការងារ​ឥណទាន​របស់​ ABA​។​ ការ​បណ្ដុះបណ្ដាលដំណាក់កាល​ទី​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែកញ្ញា​ ឆ្នាំ២០២២ ដោយ​មាន​ ៩​ វគ្គ​ ចូលរួម​ដោយ​ក្រុម​ជនជាតិ​ភាគតិច​ចំនួន​ ៤ ក្រុម​ (​គ្រឹ​ង​,​ ព្រៅ​,​ ទំពួន​ និង​ចា​រ៉ា​យ​)​។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ បាន​ធានា​ឲ្យ​មានការ​ចូលរួម​ និង​ការ​យល់​ដឹង​ជា​អតិបរមា​ ពិសេស​ពី​ស្ដ្រី​ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ដែល​ពុំ​សូវ​មានឱកាស​ទទួល​បានការ​រៀនសូត្រ​។​ អ្នកចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​សរុប​មាន​ចំនួន​ ២០៤​រូប​ ដែល​ក្នុង​នោះ​ជាង​ ៥០%​ គឺជា​ស្ដ្រី​។

​ការ​បណ្ដុះបណ្ដាល​កន្លង​ទៅ​ បាន​ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​។​ ជំនួស​ឲ្យ​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​កម្ចី​ដើម្បី​បាន​ប្រាក់​យ៉ាង​ឆាប់រហ័ស​នោះ​ ពួក​គាត់​បាន​រក​ឃើញ​មធ្យោបាយ​សម្រាប់​បង្កើន​ចំណូល​ជា​ច្រើន​ផ្សេង​ទៀត​ និង​ចេះ​អំពី​របៀប​គ្រប់គ្រង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គាត់​។​ ឥឡូវនេះ​ អ្នក​ភូមិ​ចាប់ផ្តើម​ស្វះ​ស្វែងរក​វិធីសាស្ដ្រ​ដើម្បី​បង្កើន​ចំណូល​ជា​ជាង​អង្គុយ​រង់ចាំ​ប្រមូល​ផល​តែ​ពី​ដំឡូងឈើ​ និង​ស្វាយចន្ទី​តែ​មួយ​មុខ​។​ គ្រួសារ​ខ្លះ​បាន​ផ្លាស់​ទីលំនៅ​បណ្ដោះអាសន្ន​ ដើម្បី​ធ្វើស្រែ​ប្រវាស់​ និង​ស្វែងរក​ឱកាស​ការងារ​បន្ថែម​ ហើយ​អ្នក​ភូមិ​ខ្លះ​ទៀតចាប់​ផ្តើម​បង្កបង្កើន​ផល​បន្ថែម​ ដូច​ជា​ដំណាំ​កា​កាវ​ និង​ទុរេន​ជាដើម​។​ ​

ការ​តាំងចិត្ត​របស់​អ្នក​ភូមិ​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ពិតជា​មាន​ខ្ពស់​ ហើយ​ដើម្បី​ឲ្យ​ឆន្ទៈ​នេះ​នៅ​តែ​បន្ដ​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Angkor​ Resources​ Corp.​ បានបើក​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដំណាក់កាល​ទី​៣​ នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តរតនគិរី​។​ ​គោលបំណង​ចម្បង​នៃ​ការ​បើកថ្នាក់​នេះ​ គឺ​ដើម្បី​ផ្តល់​ចំណេះដឹង​ចាំបាច់​មួយ​ចំនួន​ដល់​អ្នកចូលរួម​ ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ​,​ លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ​,​និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សហគមន៍​ទាំងមូល​។ ​កម្មវិធី​នេះ​នឹង​ជួយ​ដល់​អ្នកចូលរួម​ឲ្យ​មានឱកាស​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថានភាព​ហិរ​ញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​របស់​ពួក​គាត់​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​បង្កើន​ស្ថិរភាព​ និង​ភាព​ម្ចាស់​ការ​ក្នុង​ការ​គ្រប់គ្រង​លុយ​កាក់​​ ។

​​ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នេះ​កន្លង​មក​ កម្មវិធី​ដំណាក់កាល​ទី​៣នេះ​នឹង​បន្ត​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ពេញលេញ​លើ​ប្រធាន​​បទ​ហិរញ្ញវត្ថុ​ជា​ច្រើន​ទៀត​។​ អ្នកចូលរួម​នឹង​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​គោល​គំនិត​មេរៀន​ជា​មូលដ្ឋាន​ ដូច​ជា​ ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​,​ការ​ចាត់ចែង​លុយកាក់​,​ ការ​កំណត់​គោលដៅ​ហិរញ្ញវត្ថុ​ និង​សន្សំ​,​និង​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ចៀសវាង​បំណុល​ច្រើនលើសលប់ជាដើម​។

​​ក្នុង​ដំណាក់កាល​ថ្មី​នេះ​ ABA​ បាន​ពង្រឹង​ប្រសិទ្ធភាព​ និង​កម្មវិធី​សិក្សា​ធ្វើ​យ៉ាងណា​ឲ្យ​ថ្នាក់រៀន​នេះ​ផ្ដល់​ប្រយោជន៍​ និង​ជះ​ឥទ្ធិពល​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ដល់​អ្នកចូលរួម​។​ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ (TOT)​ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​គ្រូ​បង្គោល​ប្រចាំ​សហគមន៍​ចំនួន​ ២២ នាក់​ ដោយ​ពង្រឹងសមត្ថភាព​ពួក​គាត់​ក្នុង​ការ​បង្រៀន​មេរៀន ​និង​ខ្លឹមសារ​ជា​ភាសា​កំណើត ​ឬ​គ្រាមភាសា​ (​ភាសា​តំបន់​)​ ប្រកបដោយ​ប្រសិទ្ធ​ភា​ព​ទៅ​កាន់​សហគមន៍​។​ វិធីសាស្ត្រ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដែល​ធ្វើ​ឲ្យ​មានការ​យល់​ដឹង​ និង​ការ​ចូលរួម​កាន់តែ​ប្រសើរ​​ឡើង​នៅ​ក្នុង​សហគមន៍​។​ ​

កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ​ នឹង​មាន​ថ្នាក់​សរុប​ចំនួន​ ២២ ដែល​មាន​អ្នកចូលរួម​ចំនួន​ ៥០០នាក់​នៅ​តាម​ភូមិ​ស្រុក​ដាច់​ស្រយាល​មួយ​ចំនួន​។​ តាម​រយៈ​ការ​ពង្រីក​វិសាលភាព​ទៅ​កាន់​ភូមិ​ស្រុក​ថ្មី​ ABA​ ធានា​បាន​ថា​ ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ក្នុង​ខេត្តរតនគិរី​ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់​ និង​ចាំបាច់​នេះ​។​ ​កាល​នៅ​ឆ្នាំ​ ២០២២ ABA​ បាន​បើក​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​ជា​លើក​ដំបូង​ដោយ​ជោគជ័យ​ ដោយ​ពេល​នោះ​មាន​អ្នក​ភូមិ​ចូលរួម​ប្រមាណ​ ២០០​ នាក់​ មក​ពី​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តរតនគិរី​ ដើម្បី​អភិវឌ្ឍ​ចំណេះដឹង​ និង​ជំនាញ​របស់​សហ​គមន៍​ ព្រមទាំង​លើកកម្ពស់​ជីវភាព​ និង​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ និង​មាន​ស្ថិរភាព​។​

លោក​ Gordon​ Paterson​ ប្រធាន​អភិវឌ្ឍន៍​គម្រោង​ឯករាជ្យ​ក្នុង​ខេត្តរតនគិរី​មាន​ប្រសាសន៍​ថា​ កាលពី​ដំបូងឡើយ​ ប្រជាពលរដ្ឋ​ជា​ច្រើន​មិន​បានដឹង​អំពី​សារៈសំខាន់​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ទេ​។​ ប៉ុន្ដែ​ក្រោយមក​ ពួក​គាត់​បាន​ប្រាប់​គ្រូ​បណ្តុះបណ្តាល​ថា​ អ្នក​ភូមិ​ទាំងឡាយ​បាន​យល់​ជ្រួតជ្រាប​ពី​ខ្លឹមសារ​មេរៀន​ ហើយ​ពួក​គាត់​ពិតជា​សប្បាយចិត្ត​ណាស់​​។​ ​

លោក​ពន្យល់​បន្ថែម​ថា​ ​ឥឡូវនេះ​ ពួក​គាត់​ស្គាល់​ច្បាស់​អំពី​អនាគត​សហគមន៍​របស់​ពួក​គាត់​ ហើយ​បាន​លើកទឹកចិត្ត​ដល់​គ្រូ​បង្គោល​ឲ្យ​បន្ដ​វគ្គ​បណ្ដុះបណ្ដាល​ និង​ចែករំលែក​មេរៀន​ ក៏​ដូច​ជា​សារ​គន្លឹះ​សំខាន់ៗ​ទៅ​កាន់​សហគមន៍​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​ពួក​គាត់​កាន់តែ​មាន​ភាព​ជឿជាក់​ និង​ទំនុកចិត្ត​ ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​គាត់​កាន់តែ​ប្រសើរ​ឡើង​។

លោកបានលើកឡើងថា ៖

«ការជំពាក់បំណុលកំពុងតែមានហានិភ័យដល់សុវត្ថិភាពក្នុង​ការកាន់កាប់ដីធ្លីរបស់​ប្រជាពលរដ្ឋក្រីក្រ​ដែលភាគច្រើនជា​ជន​ជាតិ​ដើម​ភាគតិច។ ការសិក្សាអប់រំរបស់ពួកគេទាបជាងជនជាតិដទៃទៀត។ ចំណេះដឹងពីការគ្រប់គ្រងលុយកម្ចីអត់ទាន់មានបទពិសោធន៍។ កាលពី​មុន ជនជាតិមិនប្រើលុយទេ ពឹងផ្អែកទៅលើដីព្រៃ អនុផលព្រៃឈើ និងដំណាំចម្ការដាំផ្ទាល់ខ្លួន។ ប៉ុន្តែក្រោយមក ក្នុងរយៈពេលតែជាងម្ភៃឆ្នាំ​ ជីវិត​របស់​ពួក​គាត់​ផ្លាស់​ប្តូរ​ទាំងស្រុងគឺពឹងលើលុយ ។ បន្ទាប់ពឹងលើធម្មជាតិ ការដាំដំឡូង ដំឡូងមី ស្វាយចន្ទី សណ្តែកសៀង សណ្ដែកខៀវ សណ្ដែកដី ឥឡូវ​ពួក​គាត់ពឹងផ្អែកលើទីផ្សារ តែពួកគាត់អត់មានមូលដ្ឋានគ្រប់គ្រងលុយ ដូច្នេះវាជាហានិភ័យយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងកម្ចីដែលពីមុនទំនៀមទម្លាប់របស់ពួកគាត់គឺខ្ចីលុយ ខ្ចីរបស់អ្វីផ្សេងៗគឺមិនចាំបាច់សងនោះទេ ហើយការប្រាក់ក៏មិនមានដែរ»។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា មេរៀនហិរញ្ញវត្ថុដែលបង្រៀនដល់ជនជាតិភាគតិច មាន ៥ ចំណុច៖ ១-តើលុយជាអ្វី? ២- ការគ្រប់គ្រងថវិកាក្នុងគ្រួសារ ចំណាយចំណូល ៣- កម្ចីពេលណាគួរខ្ចី ពេលណាមិនគួរ ៤-មានកម្ចីហើយត្រូវគ្រប់គ្រងបែបណាចៀសវាងពីបំណុលច្រើនលើសលប់ និងទី៥- ការសន្សំ និងផែនការសន្សំសម្រាប់គ្រួសារ ។ ក្រោយពីបានរៀនអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុពួកគាត់បានដឹងពីការគ្រប់គ្រងលុយ។ អ្នកណាចង់ខ្ចីលុយទៀត ពួកគាត់ត្រូវ​គិត​ឡើង​វិញ ឬឈប់ខ្ចីតែម្តង ។ ពួកគាត់ចេះគ្រប់គ្រងចំណូលចំណាយ ពោលគឺមិនចំណាយច្រើនជាងចំណូលទេ ព្រមទាំងចេះពិចារណាអ្វីសំខាន់​ ឬមិនសំខាន់ ។ មួយទៀតបានយល់ពីអ្វីជាការធានា អ្វីជាបំណុល អ្វីជាការប្រាក់ ។
​​
លោក ឈាន វុទ្ធី ប្រធានបណ្តុះបណ្តាលឥណទានរបស់ ABA បានបញ្ជាក់ថា ពលរដ្ឋដែលមានចំណេះដឹងហិរញ្ញវត្ថុ គឺមានលទ្ធភាព​គេចផុត​ពី​ការ​ធ្លាក់ខ្លួនចូលក្នុងស្ថានភាពបំណុលច្រើនលើសលប់ ឬប្រឈមហានិភ័យហិរញ្ញវត្ថុផ្សេងៗ ។ ការណ៍ដែលពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុ នាំ​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន គ្រួសារ និងសង្គមកាន់តែរីកចម្រើន។

លោកបានឱ្យដឹងថា ៖

«ក្រោយបានរៀនពួកគាត់បានស្គាល់អ្វីជាឥណទានដែលពីមុនពួកគាត់គិតថាជាអំណោយ ឥឡូវពួកគាត់បានដឹងថា​ឥណទាន​ខ្ចីត្រូវតែសងគេ មានកាតព្វកិច្ចសងគេវិញ។ ឥឡូវនេះពួកគាត់មិនមែនចេះតែខ្ចីទេ ។ ​ពួកគាត់គាត់ដឹងពីផែនការ​ចំណាយចំណូល ​អ្វីគួរ​ចំណាយ ​អ្វីមិនគួរ និងចេះសន្សំប្រាក់ ។ មួយទៀតពួកគាត់ចេះជ្រើសរើសធនាគារ ឬមីក្រូហិរញ្ញវត្ថុណាគួរខ្ចី ត្រូវខ្ចីកម្រិតណាអាចសងរួច ការប្រាក់​ថ្លៃ ឬ​ថោក»។

ចំណែកលោក សូ វណ្ណធិន អភិបាលស្រុកតាវែង ខេត្តរតនគិរី បានមានប្រសាសន៍ថា តាមរយៈការបង្រៀនចំណេះដឹង​ហិរញ្ញវត្ថុនេះ​បានជួយ​ជំរុញឲ្យប្រជាពលរដ្ឋជៀសផុតពីបំណុលច្រើនលើសលប់ និងយកកម្ចីទៅប្រើប្រាស់បានចំគោលដៅ។

លោកអភិបាលស្រុកបានលើកឡើងថា ៖

«មុនការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ពួកគាត់ចាប់អារម្មណ៍តែរឿងខ្ចីលុយ​មិនថាជាធនាគារ​ ឬមីក្រូ​ហិរញ្ញវត្ថុ តូច ឬធំនោះទេ។ ពួកគាត់យល់ថា ខ្ចីស្រួល​យកមកប្រើប្រាស់ក៏​ស្រួល ​គាត់អត់បានគិតថាបន្ទាប់ពីខ្ចី​ ហើយរកទុនពីខាងណាដើម្បីសង​គេទេ។ នៅស្រុកតាវែងមានអំណោយផលពីធម្មជាតិអាចឲ្យពួកគាត់រកចំណូលបានពីអនុផលព្រៃឈើ​ តែក្រោយមកធនធានធម្មជាតិ​ថយចុះ​ធ្វើឲ្យ​ពួកគាត់មិនអាចរកចំណូលដើម្បីសងបំណុលនោះទេ»។

ជាមួយគ្នានេះផងដែរ លោកអភិបាលស្រុកតាវែងក៏បានបង្ហាញពីកិច្ចគាំទ្រការបណ្តុះបណ្តាលអក្ខរកម្មហិរញ្ញវត្ថុរបស់ ABA យ៉ាងពេញទំហឹង ព្រោះវាមានសារៈសំខាន់ដែលជាផ្នែកមួយជួយទៅដល់សង្គម ជាពិសេសជនជាតិ​ដើម​ភាគតិច ។

លោក យោល សៀម មេភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែង បានឱ្យដឹងដែរថា នៅក្នុងភូមិរៀងវិញ មានប្រជាពលរដ្ឋ១០៤គ្រួសារ។ សម្រាប់ចំណេះដឹងហិរញ្ញវត្ថុនេះ វាមានសារៈសំខាន់ណាស់សម្រាប់សហគមន៍។ ពួកគេបានយល់ដឹងពី​បញ្ហាខ្ចីប្រាក់​ការសន្សំប្រាក់ ហើយបានដឹងថាកាលណាខ្ចីគេត្រូវតែសង ជាពិសេសយកកម្ចីនេះមកប្រើចំគោលដៅ។

គ្រូបង្គោល ភឿក ត្រួក នៅភូមិផាវ ឃុំតាវែងលើ ស្រុកតាវែង ដែលទទួលបានការបណ្តុះបណ្តាលពីធនាគារ AB ក៏បានបង្ហាញពីភាពរីករាយក្នុងទទួលបានចំណេះដឹងថ្មី ដឹងពីរបៀបចាយលុយ​ និងពីរបៀបកត់ត្រាចំណូលចំណាយ។ ក្រោយពីទទួលការបណ្តុះបណ្តាលលោកបានបង្រៀនទៅដល់អ្នកភូមិទាក់ទងទៅនឹងការ​ប្រើប្រាស់លុយ ពីប្រភពលុយចូល លុយចំណាយ កម្ចីក្រៅផ្លូវការ និងផ្លូវការ ខ្ចីយកទៅធ្វើអ្វី បើខ្ចីត្រូវមានគោលបំណងច្បាស់លាស់។

លោក ភឿក ត្រួក បានឱ្យដឹងថា ៖

«ក្រោយពីទទួលបានការបណ្តុះបណ្តាល ពួកគាត់បានដឹងពីការគ្រប់គ្រងចំណាយ​ចំណូល​ចាត់ចែង​បំណុល​ និង​ដឹងពីកាតព្វកិច្ចខ្ចីត្រូវតែសង ហើយត្រូវសងដោយរបៀបណា។ តាមរយៈការបណ្ដុះបណ្ដាលនេះ ខ្ញុំបានសន្សំលុយទិញបានដីមួយកន្លែងដែលមានតម្លៃជាងមួយពាន់ដុល្លារ ដែលប្រភពចំណូលបានមកតាម​រយៈ​ការ​ដើរបេះសំរោង ផ្សិត និងអនុផលព្រៃឈើផ្សេងៗទៀតទៅតាមរដូវកាល»។

កញ្ញា ជ តាប់ អាយុ១៥ឆ្នាំជាជនជាតិដើមភាគតិចព្រៅ រស់នៅភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី​ បានទទួលការ​បណ្តុះ​បណ្តាល​ចំណេះដឹងហិរញ្ញវត្ថុចំនួនប្រាំវគ្គ ។ក្រោយពីការទទួលបាននូវការបណ្តុះបណ្តាល កញ្ញាបានដឹងពីអ្វីហៅថាជាប្រាក់កម្ចី អ្វីជាបំណុល ជាមួយនឹងចំណេះដឹងពីរបៀបគ្រប់គ្រង ការកត់ត្រាចំណូល-ចំណាយ វិធីសន្សំប្រាក់និង​ការចាយ​វាយ​តាម​ខ្ទង់។

កញ្ញា ជ តាប់ បានឱ្យដឹងទៀតថា ៖

«យើងមិនត្រូវចេះតែខ្ចីនោះទេ ព្រោះនាំឲ្យមានហានិភ័យ តែបើខ្ចីត្រូវយកប្រើឲ្យចំគោលដៅ ។ យើងត្រូវប្រុង​ប្រយ័ត្ន​​ចំពោះកម្ចី។ ការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុនេះ មានសារៈសំខាន់ណាស់។ ខ្ញុំបានចែករំលែកអ្វីដែលខ្ញុំ​បានរៀនទៅដល់​សហគមន៍​ និង​​គ្រួសាររបស់នាង ដើម្បីកុំឲ្យមានបញ្ហាជំពាក់បំណុលគេមិនអាចសងបាន»។

ទាក់ទងនឹងបទពិសោធន៍ជោគជ័យលើការខ្ចី និងសង លោក សឿង ឡត ជាពលរដ្ឋរស់នៅភូមិទុន ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មានអាយុ២៩​ និងមាន​កូនក្នុងបន្ទុកចំនួន២​នាក់ បានចែករំលែកថា លោកបានស្នើកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើនលើក ដោយលើកទី១ ចំនួន២០ម៉ឺនរៀល ហើយបានសងគេរួច។ ជាបន្ត​បន្ទាប់ លោកបានខ្ចី ១លាន , ២លាន, ៣លាន , ១០លានរៀល ហើយក៏បានសងរួចទៀត។ លើកចុងក្រោយនេះ លោកបានខ្ចី ២០លានរៀល ហើយ​បានសងដើមបាន ៤លានរៀល នៅសល់១៦លានរៀលទៀត។ ការសងបំណុលរបស់លោក គឺពឹងទៅលើដំណាំកៅស៊ូរបស់លោក ដែលមួយ​ឆ្នាំ​អាចរក​ចំណូលបានប្រមាណ ២០លានរៀល។

លោកបានបញ្ជាក់ថា ៖

«ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុរបស់ធនាគារ ABA ហើយបានដឹងថា បើយើងខ្ចី​ គឺត្រូវដឹងថា​យើងយកទៅធ្វើអ្វី យើងត្រូវមានគោលដៅច្បាស់លាស់ និងដឹងពីសមត្ថភាពសងរបស់យើង និងត្រូវដឹងពីរបៀបសងយ៉ាងម៉េច។ ក្រៅពីនេះ ខ្ញុំក៏ចេះ​ពីរបៀបចាយ របៀបសន្សំ ហើយខ្ញុំបានដឹងទៀតថា ចំណូលចំណាយ កុំចាយច្រើនជាងចំណូល និងចេះរៀបចំផែនការលុយ» ។

គួរជម្រាបថា ស្រប​ជាមួយនឹង​ការ​អនុវត្ត​កម្មវិធី​ចំណេះដឹងហិរញ្ញវត្ថុនេះ​ ABA ​បាន​ និង​កំពុង​បន្ដ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​ទៀត​លើ​ផ្នែក​ចំណេះ​ដឹ​ង ​និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​ ក្នុង​ឆ្នាំ​២០២២ ធនាគារ ​ABA បាន​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​អនុវត្ត​គម្រោង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​កុមារ​ ដោយ​បោះ​ពុ​ម្ភ​សៀវភៅ​ហិរញ្ញវត្ថុ​បែប​ត្លុក​ចំនួន​ ៥០០០ក្បាល​ ចែក​ជូន​សិស្ស​កម្រិត​បឋម​សិក្សា​។​ ABA​ ក៏បាន​ឧបត្ថម្ភ​សហគ្រិន​ខ្មែរ​ ក្នុង​កម្មវិធី​ត្រៀមខ្លួន​ដើម្បី​ទទួល​បានការ​វិនិយោគ​ និង​កម្មវិធី​ការ​ប្រកួតប្រជែង​សហគ្រិន​ស្ត្រី​ ដើម្បី​គាំទ្រ​ដល់​ធុរកិច្ច​ថ្មី​ និង​សហគ្រិន​ស្ដ្រី​ក្នុង​ការ​អភិវឌ្ឍ​គំនិត​អាជីវកម្ម​របស់​ពួក​គេ​។​ ABA​ ក៏​បាន​ឧបត្ថម្ភ​កម្មវិធី​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​ដូច​ជា​ ទិវា​សន្សំ​អាស៊ាន​ ២០២២ និង​វេទិកា​បច្ចេក​វិទ្យា​​ហិរញ្ញវត្ថុ​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០​ និងលើកទី​ ៤១​ ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា ​រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/10/2026

ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​


Leave a Reply

Your email address will not be published.Required fields are marked *