ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដែលជំនួបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ដោយប្រតិភូធុរកិច្ចអាល្លឺម៉ង់មានចំណាប់អារម្មណ៍ ចំពោះការវិនិយោគនៅកម្ពុជា ដោយបរិយាកាសវិនិយោគនៅកម្ពុជា ជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។
ចំណាប់អារម្មណ៍របស់ប្រតិភូធុរកិច្ចអាល្លឺម៉ង់ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសអនុគ្រោះ និងបើកចំហ។
ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ជំងឺកូវីដ១៩ ពីការរីករាលដាល និងបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងជាពិសេស ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ ទោះបីស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកនៅប្រឈមនឹងជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយ ក៏ដោយ ក៏សម្តេចបានដឹកនាំប្រទេសកម្ពុជាជាប្រទេសនាំមុខមួយនៅក្នុងតំបន់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោផងដែរ អំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងបំណងក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ។សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ហើយកម្ពុជាអនុញ្ញាតឱ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០% ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ។ កម្ពុជា ក៏អនុញ្ញាតឱ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឱ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។
សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាសព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំង លើវិស័យសំណង់ ហើយឆ្លៀតពេលនោះដែរ សម្ដេចតេជោ បានស្នើសុំឱ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ នោះមានន័យថា ក្នុងករណីដែលការវិនិយោគអាល្លឺម៉ង់ ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយក៏ពិចារណា ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ដោយបានជម្រាបជូនប្រតិភូ អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឱ្យទាន់ការបញ្ជាទិញ ។
សម្ដេចតេជោ ក៏បានស្វាគមន៍រាល់ការវិនិយោគទាំងឡាយរបស់អាល្លឺម៉ង់ មកកាន់កម្ពុជា ជាពិសេសការវិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹតកាបោន ដោយសម្តេចបានសំដែងការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិន័យយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់នៅព្រះរាជាណាចក្រកម្ពុជា មានសារៈសំខាន់និងអត្ថន័យជាប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ កម្ពុជា និងអាល្លឺម៉ង់ នឹងបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។
ជាការកត់សម្គាល់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនជាលំដាប់ ក្នុងនោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសឈរលំ ដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា ក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មានកំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content