ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំសរុបប្រមាណ ៧ពាន់គ្រឿង បានចូលខ្លួនមកប្រកាស និងបង់ពន្ធជូនរដ្ឋ ដែលគិតជាទឹកប្រាក់បានប្រមាណ ៦០លានដុល្លារ ចូលជាថវិកាជាតិ។
នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម គុណ ញឹម បានថ្លែងថា ៖
“គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ម្ចាស់រថយន្តចំនួន ៦ ៩២២គ្រឿង បានចូលខ្លួនទៅបង់ពន្ធ ដែលធ្វើឱ្យរដ្ឋទទួលបានចំណូលជិត ៦០លានដុល្លារ ។ ក្នុងចំណោមរថយន្ត ៦ ៩២២គ្រឿងនេះ ចំនួន ៤ ៦៩០គ្រឿង បានបង់ពន្ធ និងបង្វែរប្រាក់កក់ចូលទៅក្នុងថវិកាជាតិរួចហើយ។ ដោយឡែក ក្នុងចំណោមរថយន្តចង្កូតស្តាំប្រមាណ ៤ ៥៩០គ្រឿង ដែលបានកក់ប្រាក់ក្នុងនោះ ២ ៣៥៩ គ្រឿងបានកែចង្កូតរួចហើយ នៅសល់ ២ ២៣០គ្រឿងទៀត ដែលកំពុងស្ថិតក្នុងរោងជាង ឬយានដ្ឋានកែចង្កូតផ្សេងៗ ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត ដែលគិតជាប្រាក់កក់មិនទាន់បង្វែរចូលថវិកាជាតិមានជាង ១៣លានដុល្លារ”

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធមានប្រមាណជិតមួយម៉ឺនគ្រឿង។ ប៉ុន្តែក្នុងចំណោមរថយន្តទាំងជាង១ម៉ឺនគ្រឿងនេះ តាមការប៉ាន់ប្រមាណ រហូតដល់ថ្ងៃបញ្ចប់ការប្រមូលពន្ធ រថយន្តប្រមាណតែជាង៨ពាន់តែប៉ុណ្ណោះ ដែលអាចនឹងចូលខ្លួនមកបង់ពន្ធ។ ដោយឡែករថយន្តចាស់ៗ និងរថយន្តខុសបច្ចេក(រថយន្តកាត់ត) ដែលគ្មានសុវត្ថិភាព អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងមិនអនុញ្ញាតឱ្យចូលខ្លួនប្រកាស ឬបង់ពន្ធនោះទេ។
នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ទៅប្រញាប់បង់ពន្ធ ដើម្បីជៀសការបង្រ្កាប ឬការផាកពិន័យផ្សេងៗ ព្រោះថ្ងៃឱសានវាទ នៅសល់តែជាង៥០ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺ ការប្រមូលពន្ធអាកររថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ នឹងបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content