បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Yahoo!News បានរាយការណ៍ថា រដ្ឋាភិបាលហុងឌូរ៉ាស់បានប្រាប់មន្ត្រីចិនថា ខ្លួនកំពុងស្វែងរកអ្នកវិនិយោគដើម្បីជួយផ្តល់មូលនិធិដល់ការសាងសង់ខ្សែរថភ្លើងដែលមានតម្លៃ ២០ ពាន់លានដុល្លារដោយតភ្ជាប់ផ្នែកនៃឆ្នេរសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិកនៅក្នុងប្រទេស ដែលជាផ្នែកមួយនៃការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ប្រទេសចិន និងហុងឌូរ៉ាស់បានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងមិនធ្លាប់មាន ដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចរវាងភាគីទាំងពីរ។ លោក Fredy Cerrato រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចហុងឌូរ៉ាស់ លើកឡើងថា ប្រទេសទាំងពីរក៏បានពិភាក្សាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងទំនប់វារីអគ្គិសនី និងការផលិតថាមពលផងដែរ។
លោករដ្ឋមន្ត្រីនិយាយថា ហុងឌូរ៉ាស់បានបង្ហាញមន្ត្រីចិនអំពីគម្រោងដែលខ្លួនចាប់អារម្មណ៍ក្នុងការទទួលបានហិរញ្ញប្បទាន ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។ ពួកគេក៏បានប្រាប់អំពីការសាងសង់ទំនប់ ការសាងសង់រថភ្លើងឆ្លងកាត់មហាសមុទ្រ ដែលពាក់ព័ន្ធនឹងប្រព័ន្ធផលិតអគ្គិសនីរបស់ហុងឌូរ៉ាស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីរបស់ចិនបានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែលត្រូវបានអភិវឌ្ឍដោយប្រើប្រាស់ទាំងមូលនិធិសាធារណៈ និងឯកជន ហើយខ្សែរថភ្លើងដែលបានស្នើឡើងអាចនឹងរួចរាល់ក្នុងរយៈពេលប្រហែល ១៥ ឆ្នាំ។ គួរឲ្យបញ្ជាក់ផងដែរថា ប្រទេសហុងឌូរ៉ាស់ និងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២របស់ពិភពលោកបានចាប់ផ្តើមទំនាក់ទំនងការទូតតាំងពីខែមីនាមកម្ល៉េះ បន្ទាប់ពីបណ្តាប្រទេសអាមេរិកកណ្តាលបានផ្តាច់ទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយនឹងតៃវ៉ាន់ និងងាកទៅរកចិនវិញដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេ៕