ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារជូនកសិករ ដោយនៅក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ១១លានតោនទៅកាន់ទីផ្សារ ៩៤ប្រទេស ។ សម្តេចធិបតី បានលើកឡើងបែបនេះតាមរយៈវេទិកាសាធារណៈ នៃពិធីសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍រំលឹកថា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ៨.៦លានតោន ទៅកាន់ប្រទេសចំនួន៧៤ ក្នុងនោះមានស្រូវចំនួន ៣.៥លានតោន។ ដោយឡែកនៅឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលចំនួន ១១លានតោន ទៅកាន់ប្រទេសចំនួន ៩៤ប្រទេស ក្នុងនោះមានស្រូវ៥លានតោន។ បើប្រៀបធៀបឆ្នាំ២០២២ និងឆ្នាំ២០២៤ កម្ពុជាបានពង្រីកទីផ្សារនាំចេញបានចំនួន ២០ប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖
«យើងគិតទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ នៅក្នុងស្រុករបស់យើងគ្រាន់តែស្រូវរបស់យើងនៅឆ្នាំ២០២៣ ការប្រមូលផលស្រូវមានប្រមាណ ១៣លានតោន ហើយប្រជាពលរដ្ឋរបស់យើង ១៧លាននាក់ ហូបអស់តែ៥លានតោនទេ សល់៧លានតោន អីចឹងបានយើងខិតខំរកទីផ្សារក្រៅស្រុកបន្ថែមទៀតជូនប្រជាកសិកររបស់យើង»។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ដរាបណាមនុស្សនៅលើពិភពលោក នៅតែមានតម្រូវការក្នុងទទួលទាន នោះបញ្ហាកសិកម្ម បញ្ហាសន្ដិសុខស្បៀង នៅតែជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ បញ្ហានេះមិនមែនជាក្ដីកង្វល់តែកម្ពុជានោះទេ ពោលបញ្ហាសន្ដិសុខស្បៀង ប្រទេសនៅលើពិភពលោកជាច្រើនសុទ្ធតែបានគិតគូរ។
ជាមួយគ្នានេះ សម្ដេចក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគនៅក្នុងវិស័យកសិកម្មដោយការលើកលែងពន្ធ ការទទួលបានអត្ថប្រយោជន៍ពីការរួមគ្នាជាសហគមន៍កសិកម្មទំនើប ការកាត់បន្ថយថ្លៃដើមនៃការផលិតតាមរយៈ ការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ ការមិនយកពន្ធអាករលើឧបករណ៍សម្ភារកសិកម្ម វត្ថុធាតុដើម ពូជដំណាំ ជី និងការកាត់បន្ថយថ្លៃអគ្គិសនី ជាដើម គឺជាការជួយប្រជាកសិករដោយប្រយោល ។
សូមជម្រាបថា មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀត៕