ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២ ៦៩៥កន្លែង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគដែលទទួលបានការអនុម័តគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រួមមាន ៖ ១. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។ ២. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ៣. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៤. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចំណែកគម្រោងទី៥ ក៏ជាគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់, កាបូប, និងស្បែកជើង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោងខេត្តតាកែវ។ ៨. គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (ធុងទឹកកក, ធុង និងប្រអប់រក្សាកម្ដៅ, និងទូកកៃយ៉ាក់) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ៩. គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ១០.គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងគ្រឿងបន្លាស់ នៅស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងចំណោមគម្រោងវិនិយោគនៅតាមបណ្តារាជធានីខេត្តដូចជាបានជម្រាបជូនខាងលើនេះ ជារួមមានគម្រោងនៅខេត្តកំពង់ស្ពឺចំនួន៥ , គម្រោងនៅក្នុងរាជធានីភ្នំពេញចំនួន២ , គម្រោងនៅក្នុងខេត្តតាកែវ ចំនួន២ និងគម្រោងនៅក្នុងខេត្តកណ្តាលចំនួន១។
គួររំលឹកថា ៖ ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារបានប្រមាណ ៣០៧ ០០០កន្លែង៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content