ភ្នំពេញ ៖ នៅរយៈពេល៧ខែ ឆ្នាំ២០២៣នេះការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានទឹកប្រាក់ប្រមាណជាង ២ ៦០០លានដុល្លារអាមេរិក ធ្លាក់ចុះ១៩.២០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ទទួលបានពីការនាំចេញកសិផលមានចំនួន ២ ៦២៩ ៥៩៦ ៥២៤.៥៦ដុល្លារ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ៣១៣ ៧៤២ ៤២០ដុល្លារ តម្លៃពីការនាំចេញស្រូវមានចំនួន ៥០៤ ៧១៤ ៣៧២ដុល្លារ និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៨១១ ១៣៩ ៧៣២.៥៦ ដុល្លារ។

របាយការណ៍ខាងលើបានបញ្ជាក់ផងដែរថា រយៈពេល៧ខែឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤ ៥១៤ ៨៩៣,៧៤តោន (អង្ករចំនួន ៣៦២ ៧០៨,០០តោន ស្រូវចំនួន ១ ៥១០ ៨៥០,០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៦៤១ ៣៣៥,៧៤តោន) ទៅកាន់ទិសដៅ ៦៨ប្រទេស ដោយមានការថយចុះចំនួន -១៩,២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។
បើទោះជាការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ឃើញថាមានកំណើនចំនួន ៣,៣២% ដែលនេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ។ ការកើនឡើងនេះដោយសារតែ បច្ចុប្បន្ន ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថា តម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងតែហក់ឡើងជាបន្តបន្តាប់។

ម្លោះហើយ កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃនិងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content