ភ្នំពេញ ៖ នៅក្នុងដំណាក់កាលបោះផ្សាយមូលបត្ររដ្ឋ ធនាគារជាតិនៃកម្ពុជា ដើរតួនាទីជាក្នុងនាមជាអាណត្តិគាហក (Agent) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការបោះផ្សាយមូលបត្ររដ្ឋ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតួនាទីកំណត់ និងផ្តល់ព័ត៌មានចាំបាច់នានាពាក់ព័ន្ធនឹងចរិតលក្ខណៈនៃមូលបត្ររដ្ឋ។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា មូលបត្ររដ្ឋ សំដៅដល់បណ្ណសញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត បញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល។ ក្នុងន័យនេះ រដ្ឋាភិបាលជាអ្នកបោះផ្សាយមូលបត្ររដ្ឋ។
មូលបត្ររដ្ឋ រួមមាន បណ្ណរតនាគារ ដែលមានឥណប្រតិទានតិចជាងមួយឆ្នាំ សញ្ញាបណ្ណរតនាគារដែលមានឥណប្រតិទានចាប់ពីមួយឆ្នាំឡើងទៅ និងមូលបត្រផ្សេងៗ។ ចំពោះអត្រាគូប៉ុងទាបនេះគឺអាចដោយសារមានកត្តាមួយចំនួន រួមមាន មូលបត្ររដ្ឋគឺជាឧបករណ៍ដែលមានហានិភ័យទាបធៀបនឹងមូលបត្រសាជីវកម្មជាដើម។
ទីផ្សារដំបូង (Primary Market) សំដៅដល់ទីផ្សារដែលមូលបត្ររដ្ឋត្រូវបានបោះផ្សាយ និងដាក់លក់ជាសាធារណៈ។ ទីផ្សារបន្ទាប់ (Secondary Market) សំដៅដល់ទីផ្សារជួញដូរមូលបត្ររដ្ឋ ដែលបានបោះផ្សាយរួចហើយ។ សូមបញ្ជាក់ថា វិនិយោគិនជាបុគ្គលមិនអាចចូលរួមជាវមូលបត្រក្នុងទីផ្សារដំបូងបានទេ។
ក្នុងដំណាក់កាលដំបូងនេះ គឺមានតែគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាប៉ុណ្ណោះ ដែលអាចចូលរួមដេញថ្លៃមូលបត្ររដ្ឋក្នុងទីផ្សារដំបូង។ ស្ថាប័នដទៃទៀតដូចជា ក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម និងក្រុមហ៊ុនមូលបត្រជាដើម អាចចូលរួមដេញថ្លៃមូលបត្ររដ្ឋតាមរយៈគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលបានសិទ្ធិជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។
ធនាគារជាតិនៃកម្ពុជា ដើរតួនាទីជាក្នុងនាមជាអាណត្តិគាហក (Agent) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការបោះផ្សាយមូលបត្ររដ្ឋ។ ក្នុងនាមជាអាណត្តិគាហក (Agent) ធនាគារជាតិនៃកម្ពុជាមានតួនាទី និងភារកិច្ចដូចជា៖ ១/.រៀបចំកិច្ចពិភាក្សាជាមួយវិនិយោគិនគោលដៅ ២/.ផ្តល់យោបល់លើសេចក្តីព្រាងផែនការបោះផ្សាយ និងអនុវត្តផែនការ ៣/.រៀបចំបោះផ្សាយតាមវិធីសាស្ត្រដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៤/.ជូនដំណឹងពីលទ្ធផល ៥/.ទូទាត់ការប្រាក់ និងប្រាក់ដើម ៦/.សិក្សានិងផ្តល់យោបល់លើលក្ខខណ្ឌនៃការសងប្រាក់ដើមមុនកាលកំណត់ និង៧/.ចុះបញ្ជី និងរក្សាទុកមូលបត្ររដ្ឋ។
តួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ និងផ្តល់ព័ត៌មានចាំបាច់នានាពាក់ព័ន្ធនឹងចរិតលក្ខណៈនៃមូលបត្ររដ្ឋ រួមមាន៖ លេខកូដស្តង់ដា កាលបរិច្ឆេទ ទំហំ តម្លៃចារឹក និងអត្រាគូប៉ុងជាដើម ចូលរួមដេញថ្លៃនិងសម្រេចលើលទ្ធផលដេញថ្លៃ ទូទាត់ការប្រាក់តាមកាលកំណត់រៀងរាល់ ៦ខែម្តង និងទូទាត់ប្រាក់ដើមនៅថ្ងៃឥណប្រតិទាន ឬមុនថ្ងៃឥណប្រតិទាន។
មូលបត្ររដ្ឋត្រូវបានបោះផ្សាយឡើងដើម្បីបំពេញតម្រូវការហិរញ្ញប្បទានសាធារណៈរបស់រដ្ឋាភិបាល។ មូលបត្ររដ្ឋមានសារៈសំខាន់ជាច្រើន ដូចជា ៖ បំពេញតម្រូវការហិរញ្ញប្បទានសាធារណៈរបស់រដ្ឋាភិបាល រួមចំណែកពង្រឹងលំហរសារពើពន្ធ និងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល និងគាំទ្រគម្រោងអភិវឌ្ឍន៍អាទិភាព និងចាំបាច់នានា បង្កើតក្របខ័ណ្ឌយន្តការហិរញ្ញប្បទានជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន ជំរុញការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ដោយសារមូលបត្ររដ្ឋអាចមានតួនាទីដូចជា ៖ ជាឧបករណ៍សម្រាប់អនុវត្តនយោបាយរូបិយវត្ថុ ជាមូលដ្ឋានប្រៀបធៀប និងកំណត់ថ្លៃឧបករណ៍ហិរញ្ញវត្ថុក្នុងទីផ្សារ និងជាកត្តាជំរុញការធ្វើពិពិធកម្មប្រភពហិរញ្ញប្រទានក្នុងស្រុក។
ក្នុងដំណាក់កាលដំបូងទំហំនៃការបោះផ្សាយមូលបត្ររដ្ឋនៅមានទំហំតូច ប៉ុន្តែទំហំនៃការបោះផ្សាយមូលបត្ររដ្ឋកាន់តែច្រើន មូលបត្ររដ្ឋនឹងក្លាយជាឧបករណ៍នយោបាយរូបិយវត្ថុយ៉ាងសំខាន់សម្រាប់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ។
នយោបាយរូបិយវត្ថុវិត្ថារកម្ម ៖ ធនាគារកណ្តាលទិញមូលបត្ររដ្ឋពីទីផ្សារ ដោយចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ច។ ការចាក់បញ្ចូលនេះ អាចផ្តល់សាច់ប្រាក់បន្ថែម នឹងធ្វើឱ្យអត្រាការប្រាក់ឥណទាននៅលើទីផ្សារថយចុញ ដែលនឹងជំរុញការផ្តល់ឥណទាន ដូចជា សម្រាប់គាំទ្រការវិនិយោគ និងការប្រើប្រាស់ជាដើម។
នយោបាយរូបិយវត្ថុរឹតត្បិត ៖ ធនាគារកណ្តាលលក់មូលបត្ររដ្ឋទៅក្នុងទីផ្សារ ហើយស្រូបយកសាច់ប្រាក់មកវិញ។ ការស្រូបយកប្រាក់សាច់ប្រាក់ចូលមកធនាគារកណ្តាលវិញ អាចជួយបន្ថយសម្ពាធលើអត្រាប្តូរប្រាក់ ដូចជា ក្នុងករណីប្រាក់រៀលធ្លាក់ថ្លៃជាដើម ឬ ក្នុងគោលបំណងធ្វើឱ្យសាច់ប្រាក់ទំនេរថយចុះ ក្នុងសេដ្ឋកិច្ច ដែលនឹងអាចបង្កើនអត្រាការប្រាក់ឥណទាន សំដៅបន្ថយល្បឿនឥណទាន កុំឱ្យកើនឡើងលឿនពេកជាដើម។
គួររំលឹកផងដែរថា ធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមបោះផ្សាយ និងធ្វើការដេញថ្លៃមូលបត្ររដ្ឋ លើកទី១ ក្នុងទំហំទឹកប្រាក់១០០ពាន់លានរៀល (ជាង២៤លានដុល្លារអាមេរិក) នៅថ្ងៃទី០៧ ខែកញ្ញានេះ។ ការដេញថ្លៃមូលបត្ររដ្ឋលើកទី២ នេះ មានទំហំទឹកប្រាក់សរុប ២០០ ពាន់លានរៀល (ជិត៥០លានដុល្លារ) តម្លៃចារឹក ១លានរៀល, អត្រាកូប៉ុង ២.៤៤% ថេរ ដោយមានរយៈពេលទូទាត់រាល់៦ខែម្តង។ សូមបញ្ជាក់ថា គម្រោងផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងនេះគឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច ដែលរួមមានការអនុវត្តយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយក្ខវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានកំណត់រួចហើយ ចំនួន ២៥០ លានដុល្លារអាម៉េរិក និងគម្រោង ដែលនឹងកំណត់តាមក្រោយទៀតចំនួន ២៥ លានដុល្លារអាមេរិក ព្រមទាំងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលចំនួន ២៥ លានដុល្លារអាម៉េរិក៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/12/2024
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”