បរទេស៖ តម្លៃប្រេងនៅក្នុងសប្ដាហ៍នេះហាក់នៅរក្សាបានស្ថិរភាព ឬអាចឡើងក្នុងកម្រិតទាបបំផុត ប៉ុន្តែទីផ្សារនៅមានក្ដីព្រួយបារម្ភពីលទ្ធភាពដែលអាម៉េរិកអាចដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងរុស្ស៊ី និងការរារាំងនាវាដឹកប្រេងរបស់វេណេស៊ុយអេឡា ដែលសុទ្ធតែជាឧបសគ្គរារាំងដល់ការផ្គត់ផ្គង់ នេះបើយោងតាមសេចក្ដីរាយការណ៍ពីរ៉យទ័រ។
នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃបន្តិច ០,២% ឬ ៥៩,៨២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៤% ឬ ៥៦,១៥ ដុល្លារក្នុងមួយបារ៉ែល។
លោក Dennis Kissler អនុប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មនៅ BOK Financial បានលើកឡើងថា ទីផ្សារប្រេងឆៅកំពុងស្វែងរកការគាំទ្រផ្សេងទៀតប្រសិនបើការផ្គត់ផ្គង់ប្រេងរបស់វេណេស៊ុយឡាត្រូវបានបន្តរារាំង ហើយទំនងជានឹងធ្វើឱ្យផលិតកម្មនៅក្នុងតំបន់នោះត្រូវបានបិទដោយសារមិនមានគោលដៅនាំចេញ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងថា កិច្ចពិភាក្សាឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន កំពុងខិតទៅដល់គោលដៅមួយហើយ មុនពេលមានកិច្ចប្រជុំរបស់អាម៉េរិកជាមួយមន្ត្រីរុស្ស៊ីនៅចុងសប្តាហ៍នេះ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា អាម៉េរិក កំពុងរៀបចំទណ្ឌកម្មជុំថ្មីមួយទៀតលើវិស័យថាមពលរបស់រុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូមិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ប៉ុន្តែព័ត៌មាននេះមិនទាន់ច្បាស់លាស់នោះទេ។ យ៉ាងណាមិញ លោក Kissler បានលើកឡើងថា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែនមិនត្រូវបានសម្រេចនោះទេ ការវាយប្រហារលើរុស្ស៊ីនឹងកាន់តែកើនឡើង ជាពិសេសកន្លែងប្រតិបត្តិការប្រេង ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងឆាប់រហ័ស។
លើសពីនេះ ក្រុមអ្នកវិភាគ ING បានព្យាករណ៍ថា វិធានការបន្ថែមទៀតដែលកំណត់គោលដៅលើប្រេងរបស់រុស្ស៊ីអាចបង្កហានិភ័យដល់ការផ្គត់ផ្គង់ខ្លាំងជាងការប្រកាសរបស់លោក Trump ដែលរារាំងនាវាដឹកប្រេងរបស់វេណេហ្ស៊ុយអេឡាទៅទៀត។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួន ២៤ របស់រុស្ស៊ីដោយក្នុងនោះមាន ក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ី Tatneft និង Russneft ផងដែរ។ ING បានបន្ថែមថា ការរារាំងលើការផ្គត់ផ្គង់ប្រេងពីវេណេហ្ស៊ុយអេឡាអាចប៉ះពាល់ដល់ការនាំចេញប្រេង ៦ សែនបារ៉ែលក្នុងមួយថ្ងៃ ដែលភាគច្រើនទៅកាន់ប្រទេសចិន។ ប្រេងឆៅរបស់វេណេស៊ុយអេឡាមានចំណែកប្រហែល ១% នៃការផ្គត់ផ្គង់សកល។ គួរឲ្យបញ្ជាក់ដែរថា កាលពីសប្តាហ៍មុន ឆ្មាំឆ្នេរសមុទ្រអាម៉េរិកបានស្ទាក់ចាប់កប៉ាល់ដឹកប្រេងរបស់វេណេហ្ស៊ុយអេឡា ដែលជាវិធានការមិនធ្លាប់មានពីមុនមក ហើយក៏កំពុងរៀបចំផែនការហាមឃាត់បែបនេះបន្ថែមទៀតផងដែរ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content