កំពង់ចាម ៖ ស្ថិតនៅក្នុងគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលដែលជំរុញការអភិវឌ្ឍន៍ផ្លូវនៅទូទាំងប្រទេសឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងគាំទ្រដល់កំណើនសេដ្ឋកិច្ច បច្ចុប្បន្នចំពោះតែគម្រោងស្ថាបនា និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម សម្រេចបានប្រមាណ៣២ភាគរយហើយ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក។ ជាក់ស្ដែង គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ សម្រេចបានលទ្ធផល ៣២,០១ភាគរយ។
សូមរំលឹកថា គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយប្រើរយៈពេលសាងសង់ចំនួន៤០ខែ ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែត្រ ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ មានប្រវែងសរុបស្មើ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន មានប្រវែងសរុប ១១៦ម៉ែត្រ លូរំដោះទឹកភ្លៀង លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញនិងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប…។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។
កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។

ជាមួយគ្នានេះ ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម ផន រឹម បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ហើយក៏ជាផ្នែកមួយជួយកាត់បន្ថយការហុយធូលី លើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវផងដែរ៕ វិន ឈុនហ៊ាត









វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content