បរទេស ៖ យោងតាមរបាយការណ៍ហានិភ័យសកលពី Weforum បានបង្ហាញថា វិបត្តិនៃការឡើងថ្លៃតម្លៃរស់នៅគឺជាហានិភ័យពិភពលោករយៈពេលខ្លី ខណៈដែលបញ្ហាប្រែបម្រួលអាកាសធាតុគឺជាបញ្ហារយៈពេលវែង។ របាយការណ៍នេះត្រូវបានស្រាវជ្រាវឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Marsh McLennan និង Zurich Insurance Group ដោយមានការចូលរួមពីអ្នកជំនាញអំពីហានិភ័យទូទាំងពិភពលោក អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំឧស្សាហកម្មចំនួន ១ ២០០ នាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធកន្លងទៅនេះ។
ក្រោយការស្រាវជ្រាវគេបានរកឃើញថា ហានិភ័យសកលទាំងនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយរួមមានទាំងកង្វះថាមពល កង្វះការផ្គត់ផ្គង់ស្បៀងអាហារ ការឡើងថ្លៃខ្លាំងនៃតម្លៃរស់នៅ បំណុល ការរាតត្បាតកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបញ្ហាទាំងនេះបាននាំមកនូវវិបត្តិថាមពល អតិផរណា និងបញ្ហាសន្តិសុខស្បៀងអាហារ។ វិបត្តិទាំងនេះនឹងបន្តជាហានិភ័យនៅពីរឆ្នាំខាងមុខទៀត ដោយសារហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ការឡើងថ្លៃតម្លៃរស់នៅ និងវិបត្តិបំណុលនៅតែកើនឡើងសព្វថ្ងៃនេះ។
នាយកគ្រប់គ្រងនៅ Weforum លោកស្រី Saadia Zahidi បាននិយាយថា វិបត្តិថាមពល អាហារ បំណុល និងគ្រោះមហន្តរាយ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ទាំងក្នុងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍សុទ្ធតែជួបប្រទះបញ្ហាដូចៗគ្នា ហើយតំបន់ដែលងាយរងគ្រោះបំផុតគឺប្រឈមមុខនឹងវិបត្តិជាច្រើន។ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍មនុស្សគួរតែជាចំណុចស្នូលនៃក្តីបារម្ភរបស់មេដឹកនាំពិភពលោក ដើម្បីទប់ទល់នឹងបញ្ហានាពេលអនាគត។
ហានិភ័យរយៈពេលខ្លីបច្ចុប្បន្ននេះកំពុងគំរាមកំហែងដល់ដោះស្រាយសម្រាប់ហានិភ័យរយៈពេលវែង ដោយសារបញ្ហាធនាធានមនុស្សពាក់ព័ន្ធជាពិសេសទៅនឹង បញ្ហាបម្រែបម្រួលអាកាសធាតុ និងជីវចម្រុះ។ ការបរាជ័យក្នុងការកាត់បន្ថយបញ្ហាអាកាសធាតុ គឺជាហានិភ័យសកលដ៏ធំបំផុតក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយកង្វះនៃកិច្ចសហប្រតិបត្តិការនឹងនាំឱ្យមានការកើនឡើងនៃកំដៅផែនដី និងការបំបែកប្រព័ន្ធអេកូឡូស៊ី។ ដូចនេះ សកម្មភាពរួមគឺត្រូវមានជាចាំបាច់មុនពេលហានិភ័យឈានដល់ចំណុចកំពូល។
ភាពបរាជ័យក្នុងការកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ ការសម្របខ្លួន គ្រោះមហន្តរាយធម្មជាតិ ការបាត់បង់ជីវចម្រុះ និងការរិចរិលបរិស្ថាន បានក្លាយជាហានិភ័យចំនួន៥ ក្នុងចំណោមហានិភ័យកំពូលទាំង ១០ រួចទៅហើយ។ ការធ្វើចំណាកស្រុកដោយអចេតនាក្នុងទ្រង់ទ្រាយធំ ការបែងចែកសង្គម សន្តិសុខតាមអ៊ីនធឺណិត ជម្លោះលើភូមិសាស្ត្រសេដ្ឋកិច្ច និងការខូចខាតបរិស្ថានទ្រង់ទ្រាយធំ គឺជាហានិភ័យសកលកំពូលទាំង ១០ ផ្សេងទៀតក្នុងរយៈពេលវែង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរបាយការណ៍ក៏បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យធ្វើសកម្មភាពរួមគ្នា និងការសម្រេចចិត្តឲ្យមានតុល្យភាពទាំងក្នុងរយៈពេលខ្លី និងវែងផងដែរ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងអស់ គឺដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ចំណេះដឹងបច្ចេកវិទ្យា ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការវិនិយោគក្នុងការស្រាវជ្រាវ វិទ្យាសាស្ត្រ អប់រំ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content