ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលជាវិធានការមួយឆ្លើយតបទៅនឹងកិច្ចប្រជុំជាបន្តបន្ទាប់ស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម ដូចមានក្នុងសេចក្តីប្រកាស។
វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានអបអរសាទរលើការសម្រេចនេះ ដោយបានបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំថាជាការបានទទួលផលល្អប្រសើរ និងមានពន្លឺឡើងវិញហើយ ដោយសារអ្នកនាំចូលសាច់បង្កកបានយកបេះដូងមកធ្វើការជាមួយនឹងសមាគម និងអ្នកចិញ្ចឹមសត្វក្នុងស្រុក។
លោក ស៊្រុន ពៅ បានបញ្ជាក់ថា ៖
«ដោយសារការនាំចូលរបស់គាត់ គាត់អាចផ្អាកការនាំចូលមួយរយៈសិន ដើម្បីធ្វើម៉េចជួយឱ្យសាច់បង្កកនៅក្នុងស្រុក ក៏ដូចជាជួយឱ្យកសិករយើងប្រឹងធ្វើម៉េចឱ្យគាត់រួចខ្លួនសិន ។ កុំគិតរឿងចំណេញខាត ឱ្យគាត់ដោះស្រាយទុក្ខលំបាកចំពោះមុខសិន។ ដោយឡែក ក្រសួង ស្ថាប័នពាក់ព័ន្ធវិស័យចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាវិស័យនាំចូល សុទ្ធតែបានដឹងឮនូវអ្វីដែលបានពិភាក្សាគ្នា នូវតម្លៃសម្រាប់តម្លៃជ្រូករស់ សាច់ជ្រូក ដែលពុះរួចជាចំហៀងយ៉ាងស្អាតក្នុងតម្លៃពីរដុល្លារបីកាក់ក្នុងមួយគីឡូក្រាម គឺស្មើនឹងតម្លៃ ១១៨០០ រៀលក្នុងមួយគីឡូក្រាម (១គីឡូមួយម៉ឺនមួយពាន់ប្រាំបីរយរៀល)»។
លោក ស្រ៊ុន ពៅ បានបញ្ជាក់ដែរថា ចំណុចមួយទៀត គឺសមាគម និងអ្នកចិញ្ចឹមបានស្នើទៅរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដោយផ្ដោតលើការផ្អាកការនាំចូលសាច់បង្កក សាច់សត្វ និងកម្តេចកម្ទី គ្រឿងក្នុង គឺគ្រប់ការនាំចូលបំណែកសាច់ជ្រូក មាន់ គោ ក្នុងរយៈពេល ៦ខែសិន។
លោកប្រធានសមាគមបានបញ្ជាក់ថា ៖
«ចាប់ពីខែមីនា គឺជាស្វ័យប្រវត្តិនឹងមិនមានគ្រឿងក្នុងនាំចូលទៀតទេ ហើយនេះជាចំណុចដែលបងប្អូនអ្នកចិញ្ចឹមសត្វ និងសមាគមចង់បាន ដោយយើងចង់ឱ្យមានច្បាប់ច្បាស់លាស់ ។ ពេលដែលអ្នកនាំចូលចង់នាំចូលត្រូវតែទទួលការអនុញ្ញាតពីក្រសួងកសិកម្មជាអ្នកអនុញ្ញាតចេញច្បាប់ ហើយវាជាការល្អមួយទាំងសមាគម និងកសិករដែលជាអ្នកចិញ្ចឹមចង់បានចំណុចទាំងនេះ»។
លោក ស្រ៊ុន ពៅ បានឱ្យដឹងថា ក្រុមហ៊ុនដែលមានសិទ្ធិនាំចូលសាច់បង្កកមានច្រើន មិនក្រោម៥០កន្លែងទេ។ សម្រាប់អ្នកចូលរួមកិច្ចប្រជុំ សុទ្ធតែខ្នាតធំៗប្រមាណជា១០ ក្រុមហ៊ុន បានសម្រេចទៅលើចំណុចខាងលើនេះ ទាំងសាច់មាន់ សាច់គោ សាច់ជ្រូក ដែលបន្ទាប់ពីកិច្ចប្រជុំនេះ សមាសភាពទាំងអស់បានឱ្យតម្លៃថាមានពន្លឺនៃក្ដីសង្ឃឹមហើយនៅក្នុងដើមឆ្នាំ២០២៤នេះ។
លោកបានបញ្ជាក់ថា ៖
«យើងសុំតែត្រឹមរួចខ្លួនសិននូវតម្លៃសាច់សត្វរបស់យើងដែលអាចឡើងថ្លៃដល់១ ម៉ឺន ឬ តម្លៃជាង១១០០០ យើងមានប្រាក់ចំណេញហើយ។ ទោះបីជាយ៉ាងណាក៏យើងត្រូវការរយៈពេលបញ្ចេញសាច់បង្កក សាច់ក្លាសេ ក្នុងស្តុកនេះរយៈពេលប្រមាណមួយខែសិនដែរ ព្រោះក្នុងស្តុកនៅសល់ច្រើន។ តែក្នុងរយៈពេលដែលដំណើរការ រាជរដ្ឋបាល ក៏បានអំពាវនាវដែរ បើអ្នកឯងលក់ឡើងថ្លៃពេកនោះ រដ្ឋាភិបាលនឹងបើកឱ្យនាំចូលវិញ។ ដូច្នេះយើងសុំឱ្យវិធានការនេះមានការអនុវត្តឱ្យបានរហ័ស ហើយក៏សុំឱ្យសាច់បង្កករបស់កសិករនឹងឡើងថ្លៃបន្តិចផងដែរ ដើម្បីឱ្យទទួលបានដល់ថ្លៃដើមផលិតរបស់ពួកគាត់»។