ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា វិស័យកសិកម្មរបស់កម្ពុជានៅតែបន្តភាពរឹងមាំ និងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បញ្ហាស្មុគស្មាញខាងផ្នែកភូមិសាស្ត្រនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ និងបានបញ្ជាក់ថា ខណៈពេលដែលពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុកាន់តែខ្លាំង បណ្តាលឱ្យមានវិបត្តិស្បៀងអាហារ ដែលញ៉ាំងឱ្យមានការព្រួយបារម្ភធ្វើឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ។
ក្នុងនោះជាក់ស្តែងអនុវិស័យដំណាំសម្រេចបាន ៣៦,៨១លានតោន កើនប្រមាណ ៦% ជាងឆ្នាំ២០២២ ដែលក្នុងនោះដំណាំស្រូវបាន១២,៤៩ លានតោន អតិរេកចំនួន ៦,៩៩ លានតោន។ កម្ពុជា ក៏បាននាំចេញផលិតផលកសិកម្មបានជាង ៨,៨២ លានតោន ដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់ លានដុល្លារអាមេរិក ទៅកាន់គោលដៅ ៧៨ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ ពាន់តោន កើនឡើងជាង ៣% ជាងឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ប្រជាកសិករនៅទូទាំងប្រទេសសប្បាយរីករាយ ដោយសារប្រាក់ចំណេញកើនឡើងពីការលក់ស្រូវបាន ក្នុងតម្លៃខ្ពស់ក្នុងឆ្នាំនេះ។
សម្តេចធិបតី ក៏បានកត់សម្គាល់ឃើញថា ក្នុងកិច្ចខិតខំប្រឹងប្រែង ការអភិរក្ស និងការបង្ក្រាបបទល្មើសជលផលទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយសម្តេចបានអបអរសាទរចំពោះកំណើននៃការប្រមូលផលត្រីទឹកសាប និងការទទួលផលជាវិជ្ជមានលើកទី១ រវាងការកើត និងការស្លាប់របស់សត្វផ្សោតទន្លេមេគង្គនៅក្នុងឆ្នាំ២០២៣កន្លងទៅ ។
ព្រមជាមួយគ្នានេះដែរ ការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ប្រជានេសាទក្នុងការលែងប្រភេទមច្ឆាកំពុងរងគ្រោះ និងកម្រទៅក្នុងធម្មជាតិ ហើយសម្តេចក៏សង្ឃឹមថា ស្មារតីបែបនេះនឹងបន្តអនុវត្តន៍នៅក្នុងស្រទាប់ប្រជាពលរដ្ឋ អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមនៅក្នុងការថែរក្សាធនធានធម្មជាតិ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមវន្តរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព សំដៅធានាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ។
នៅគ្រប់ដំណាក់កាលទាំងអស់ រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦សម្រាប់វិស័យកសិកម្ម កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលពាក់ព័ន្ធនឹងការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សា លំនឹងថ្លៃកសិផល ដែលនឹងសម្រួលដល់ខ្សែច្រវាក់តម្លៃ ផលិតផលកសិកម្ម និងធានាតុល្យភាពនៃការផ្គត់ផ្គង់និងតម្រូវការ ដើម្បីគាំទ្រដល់ការផលិតរបស់កសិករ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ដើម្បីដោះស្រាយបញ្ហា ប្រឈម ពាក់ព័ន្ធនឹងកង្វះបច្ចេកទេសរបស់កសិករ និងសហគមន៍នៅមូលដ្ឋាន៕