សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀតក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ហើយរហូតដំណាច់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏ជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្មចំនួន ២៥០នាក់ ដើម្បីពង្រាយតាមឃុំ ជួយកសិករដែលមានបញ្ហាផ្នែកបច្ចេកទេសលើការដាំដុះ និងការចិញ្ចឹមសត្វ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖
«កសិកម្ម គឺដាក់ចេញនូវយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយកសិផល រកទីផ្សារ រកលំនឹងផលកសិកម្ម នៅកម្រិតសមរម្យ។ ខ្ញុំនិយាយហើយថា ដើររកវិនិយោគិនភាគច្រើន គឺផលិតផលកសិកម្មរបស់យើង។ យើងបានត្រៀមកញ្ចប់ ១០០លានដុល្លារ និងអាចវិភាជថវិកាបន្ថែម បើសិនមានតម្រូវការ ដើម្បីអន្តរាគមន៍ឱ្យទាន់ពេលវេលាក្នុងការធានានូវតម្លៃកសិកផលក្នុងកម្រិតណាមួយដែលយើងអាចធ្វើទៅបាន»។
សម្តេចបានថ្លែងបន្តថា ៖
«ខ្ញុំទៅគ្រប់កន្លែងទាំងអស់ គឺដើរទាក់ម៉ូយ ទៅប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន ជាមួយប្រធានាធិបតីកូរ៉េ ប្រជុំជាមួយមេដឹកនាំប្រទេសអាស៊ាន បង្កើតទំនាក់ទំនង និងពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផលយើង ហើយនៅចិនថ្ងៃមុនក៏ដូចគ្នា គឺបើកទីផ្សារអង្ករថែមទៀត ហើយការបើកនេះមិនមែនខ្ញុំនាំចេញអង្ករទេ គឺដើម្បីកសិករ រកទីផ្សារដើម្បីឱ្យគាត់ យើងហៅគេទៅវិនិយោគបន្ថែម ដើម្បីបង្កើតសេដ្ឋកិច្ចឱ្យយើងរីកចម្រើន»។

ជាមួយគ្នានេះ សម្តេចធិបតីបានលើកឡើងថា នៅពេលសម្តេចបានជួបជាមួយប្រទេសនានា ដូចជា ហ្វីលីពីន ឥណ្ឌាជាដើម តែងតែស្នើឱ្យមានការបើកជើងហោះហើរបន្ថែមមកកម្ពុជា ដើម្បីឱ្យមានទំនាក់ទំនងសេដ្ឋកិច្ច បង្កើតឱ្យភ្ញៀវទេសចរទៅលេងប្រទេសកម្ពុជាច្រើន ដើម្បីហុចផលដល់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ៖
«និយាយរួមដើរទាក់ម៉ូយនេះមិនមែនទាក់ម៉ូយសម្រាប់ខ្ញុំទេ គឺទាក់ម៉ូយសម្រាប់ប្រជាពលរដ្ឋ ហើយនេះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល តាំងពីសម្តេចតេជោក៏ដូចជាគ្នា ឥឡូវនេះយើងដូចគ្នា គឺត្រូវធ្វើយ៉ាងណា ដើរមែនចំណាយពេលវេលាជិះយន្តហោះ២០ម៉ោងមែន ប៉ុន្តែមិនឱ្យខាតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទេ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ សម្តេច បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលវេទិកានេះរៀបចំឡើងដោយធុរជនអាមេរិក និងកម្ពុជា ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។
សម្តេចធិបតី បានបន្ថែមថា ការងារក្នុងវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមិនត្រឹមតែរកទីផ្សារជូនពួកគាត់ទេ ថែមទាំងត្រៀមនូវថិវកាមួយចំនួន សម្រាប់ជួយធានាថ្លៃឱ្យបានសមរម្យ ហើយថែមទាំងរុញមន្ត្រីជំនាញ ជួយដល់ពួកគាត់ថែមទៀត។
សម្តេចធិបតី បានបញ្ជាក់ថា សម្តេចតេជោ បានអនុម័តតាំងពីអាណត្តិមុន ឥឡូវនេះ ពីនេះដល់ចុងឆ្នាំត្រូវរើស ២៥០នាក់ ហើយឆ្នាំបន្ទាប់រើសបន្ថែមទៀត ដើម្បីរុញទៅមូលដ្ឋាន រកមន្ត្រីកសិកម្មដើម្បីនៅជាមួយប្រជាពលរដ្ឋក្នុងឃុំតែម្តង ដើម្បីជួយដល់ជំនាញប្រជាកសិករ ក្នុងការដាំដុះ ចិញ្ចឹមសត្វនេះជាកិច្ចការសំខាន់។

សូមបញ្ជាក់ថា វិស័យកសិកម្មបានរួមចំណែកជាង ២២ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) កម្ពុជា។ កាលពីឆ្នាំ២០២២កម្ពុជានាំចេញជាផ្លូវការនូវផលិតផលកសិកម្មចំនួន ៨,៦ លានតោន ដែលស្មើនឹងតម្លៃសរុបជិត ៥ពាន់លានដុល្លារ ទៅទីផ្សារអន្តរជាតិ ។ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ក្រសួងកសិកម្មបានអនុវត្តប្រកបដោយការទទួលខុសត្រូវ ខ្ពស់នូវផែនការ និង សកម្មភាពការងារ ដែលបានគ្រោងទុក និង បានជំរុញ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។ នេះបើតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content