ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានប្តេជ្ញាលើកស្ទួយ និងអភិវឌ្ឍទីក្រុងកម្ពុជាឱ្យស្អាត និងកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍ ខណៈក្រុងចំនួន៣របស់កម្ពុជា ទទួលបានជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤- ២០២៦ ។

តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី បានបញ្ជាក់ថា ជ័យលាភីនេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់អាស៊ាន ក្នុងការពង្រឹងផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ានឆ្នាំ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ដល់ភ្ញៀវទេសចរ និងបានស្នើគ្រប់ភាគីពាក់ព័ន្ធបន្តសហការចូលរួមអនុវត្តរាល់យុទ្ធនាការនានា ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន៣ រួមមាន : ១- ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ២- ក្រុងកែប (ខេត្តកែប) និង៣- ក្រុងកំពត (ខេត្តកំពត) ដែលទទួលបានជ័យលាភីក្នុងចលនាប្រឡង ប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤- ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងតាមរយៈសារលិខិតនេះថា ការប្រារព្ធទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៤ ធ្វើឡើងដើម្បីបំផុសការលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ ជាពិសេសយុវជនឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅសំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។
គោលបំណង ដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្ដាទីក្រុងរបស់អាស៊ាន ក៏ដូចជាជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដាទីក្រុង ឱ្យកាន់តែប្រសើរឡើង។ នេះសបញ្ជាក់ឱ្យឃើញពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់អាស៊ានក្នុងនាមជាអ្នកដឹកនាំរៀបចំនិងសម្របសម្រួលការអនុវត្តស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះទីក្រុងនៃខេត្តចំនួន៣ ដែលត្រូវបានបោះឆ្នោតគាំទ្រជា «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣» រួមមានទី១- ខេត្ត ព្រះសីហនុ ទី២- ខេត្តបាត់ដំបង និងទី៣- ខេត្តសៀមរាបផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃ គ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រនិងចូលរួមអនុវត្តឱ្យបានផុលផុស ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាពស្អាត និងបៃតង និងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សក្តិសមនឹងកិត្តិនាម «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content