បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សមាជិកមួយចំនួនរបស់សហភាពអឺរ៉ុបបានចាប់ផ្តើមបិទការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ក៏ដូចជាផលិតផលកសិកម្មផ្សេងទៀត ដោយសារកសិករក្នុងស្រុកកំពុងប្រឈមមុខនឹងការគំរាមគំហែងដែលពោរពេញទៅដោយការផ្គត់ផ្គង់ពីអ៊ុយក្រែន។
ថ្មីៗនេះ សមាជិកសហភាពអឺរ៉ុបមួយចំនួនបានលើកឡើងពីគោលបំណងការពារទីផ្សារក្នុងស្រុកពីភាពប្រឈមអស្ថិរភាព ដែលបណ្តាលមកពីការហូរចូលនៃទំនិញថោកៗពីអ៊ុយក្រែន ហើយកសិករក្នុងស្រុកមួយចំនួនបានរងការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងដោយសារតែការនាំចូលពីអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហានេះត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងបំផុតដោយសមាជិកប្លុកដែលមានព្រំដែនជាមួយអ៊ុយក្រែន ហើយសមាជិកមួយចំនួនផ្សេងទៀតបានចូលរួមក្នុងការទាមទារចំណាត់ការពីគណៈកម្មការអឺរ៉ុបជុំវិញការនាំចេញកសិផលរបស់អ៊ុយក្រែន ជាពិសេស ប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី ស្លូវ៉ាគី និងប៊ុលហ្គារី កំពុងបញ្ចុះបញ្ចូលអំពីការដាក់បញ្ចូលពន្ធឡើងវិញ។
ទន្ទឹមនឹងនេះទីក្រុង Warsaw ប្រទេសប៉ូឡូញ គឺជាអ្នកដំបូងគេដែលប្រកាសពីការហាមឃាត់បណ្តោះអាសន្នលើការនាំចូលមួយចំនួនពីប្រទេសជិតខាងរបស់ខ្លួន ខណៈដែលស្លូវ៉ាគីបាននិយាយថាខ្លួននឹងធ្វើដូចគ្នា ហើយបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតមួយចំនួនទៀតបានបង្ហាញថា ជំហានបែបនេះកំពុងស្ថិតក្រោមការពិចារណារបស់ពួកគេ។
គួរឲ្យបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យនាំចូលទំនិញផលិតផលកសិកម្មរបស់អ៊ុយក្រែន ដើម្បីជួយសម្រួលបញ្ហាហិរញ្ញវត្ថុរបស់ទីក្រុងគៀវ ដោយពន្ធគយ និងកូតាទាំងអស់ត្រូវបានដកចេញពីការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសសមាជិកទាំង ២៧ របស់ប្លុកនេះ ដើម្បីជំរុញការដឹកជញ្ជូនគ្រាប់ធញ្ញជាតិបន្ថែមទៀតទៅកាន់ទីផ្សារពិភពលោក។ យ៉ាងណាមិញ ការផ្គត់ផ្គង់លើសលប់បានធ្វើឲ្យមានការជាប់គាំងនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើត និងបង្កឲ្យមានការប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក។
ទោះជាយ៉ាងណាក្តី ទីក្រុងប្រ៊ូសែលបានបដិសេធការហាមឃាត់នេះដោយបានចាត់ទុកថាជា សកម្មភាពឯកតោភាគីលើពាណិជ្ជកម្មដែលជារដ្ឋ សមាជិកសហភាពអឺរ៉ុបមិនអាចទទួលយកបាន។ ស្របពេលនេះដែរ គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនបានអនុម័តកញ្ចប់ជំនួយដែលមានតម្លៃ ៥៦ លានអឺរ៉ូ (៦១ លានដុល្លារ) ដើម្បីគាំទ្រដល់កសិករនៅក្នុងប្រទេសជួរមុខដែលត្រូវដោះស្រាយផលវិបាកនៃទំនិញកសិកម្ម និងអាហារយ៉ាងច្រើនដែលនាំចូលពីអ៊ុយក្រែនមកកាន់ប្លុកនេះ។ ទោះយ៉ាងណាក៏ដោយ លុយនោះនឹងមិនគ្រប់គ្រាន់ទេសម្រាប់ដោះស្រាយបញ្ហានោះទេ។ យោងតាមការប៉ាន់ប្រមាណរបស់គណៈកម្មការអឺរ៉ុប កសិករមកពីប្រទេសប៉ូឡូញ រូម៉ានី ហុងគ្រី ប៊ុលហ្គារី និងស្លូវ៉ាគី បានខាតបង់ជាសរុបប្រហែល ៤១៧ លានអឺរ៉ូ (៤៥១ លានដុល្លារ) កាលពីឆ្នាំមុន ដោយសារតែការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិច្រើនពេកពីអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ វិធានការហាមឃាត់នេះត្រូវបានអនុវត្តដោយសមាជិកមួយចំនួនរបស់សហភាពអឺរ៉ុប អាចធ្វើឱ្យកង្វះខាតស្បៀងអាហារសកលកាន់តែខ្លាំងឡើង ជាពិសេសប្រសិនបើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅមិនត្រូវបានបន្ត។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចកាលពីខែកក្កដាឆ្នាំមុនរវាងរុស្ស៊ី- អ៊ុយក្រែន និងឈ្មួញកណ្តាលដោយអង្គការសហប្រជាជាតិ និងតួកគី ក្នុងគោលបំណងពង្រីកការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន ប៉ុន្តែនឹងផុតកំណត់នៅថ្ងៃទី១៨ ខែឧសភា ដោយសារភាពមិនច្បាស់លាស់អំពីលទ្ធភាពនៃការបន្ត។ មិនត្រឹមតែប៉ុណ្ណោះ ផលប៉ះពាល់នេះក៏នឹងធ្វើឱ្យគ្រាប់ធញ្ញជាតិរាប់លានតោនជាប់គាំងក្នុងប្រទេសអ៊ុយក្រែន ដែលអាចបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសក្រីក្រ។ លើសពីនេះ ការកាត់បន្ថយការផ្គត់ផ្គង់ទៅកាន់ទីផ្សារអាចនាំឱ្យតម្លៃឡើងថ្លៃ ខណៈដែលអង្គការសហប្រជាជាតិបានព្រមានកាលពីដើមខែនេះថា ពិភពលោកំពុងប្រឈមនឹងអសន្តិសុខស្បៀងក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក៕