ភ្នំពេញ ៖ ឆ្លងកាត់សង្គ្រាមក្នុងស្រុកដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ នៅទីបំផុតកម្ពុជាបានទទួលពន្លឺសន្តិភាពឡើងវិញក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំអស់រយៈពេលជាង៤០ឆ្នាំ។ ជាមួយនឹងកិច្ចខិតខំប្រែង និងការលះបង់របស់ប្រមុខរាជរដ្ឋាភិបាល និងការគាំទ្រពីសំណាក់បណ្តាប្រទេសជាដៃគូអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងដើរចេញពីបន្ទាត់ប្រទេសអភិវឌ្ឍតិចតួចជាបណ្តើរៗ ជាមួយនឹងការបង្ហាញនូវសមិទ្ធផលលេចធ្លោរ និងអស្ចារ្យជាច្រើន ទាំងភាពរីកចម្រើននៃសេដ្ឋច្ចសង្គមជាតិ ភាពរីកចម្រើននៃជីវភាពរបស់ប្រជាជន និងកិច្ចអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងស្អេកស្កះ។

ស្ថិតក្រោមដំបូលសន្តិភាព កម្ពុជាទទួលបានសិទ្ធិសាជាថ្មីក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ក្រោយការរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ កម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយការយកចិត្តទុកដាក់របស់ខ្លួនខ្លាំងលើកិច្ចការងារបែបការទូតនៃវិស័យកីឡា ហើយតាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលនេះ អាចនឹងក្លាយទៅជាបទពិសោធន៍ដ៏មានតម្លៃមួយសម្រាប់ពិភពលោកក្នុងការដោះស្រាយបញ្ហា និងភាពប្រឈម ជាពិសេសវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមានដោយសារឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី , វិបត្តិកូវីដ , បញ្ហាអតិផរណា, និងវិសមភាពពលរដ្ឋជាដើម។

តើស៊ីហ្គេមលើកទី៣២ ក្រោមម្លប់នៃសន្តិភាពនៅកម្ពុជា អាចឆ្លុះបញ្ចាំង និងផ្តល់បទពិសោធន៍សំខាន់កម្រិតណាដល់ពិភពលោកដែលកំពុងជួបវិបត្តិនាពេលបច្ចុប្បន្ននេះ?
តាមរយៈព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់មួយនេះ ប្រទេសជាសមាជិកដែលបានចូលរួមអាចរឹតបណ្តឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស បង្កើនការយល់ដឹង និងកិច្ចគោរពគ្នាទៅវិញទៅមក។ កីឡា គឺជាស្ពានតភ្ជាប់រវាងចំណងមិត្តភាព វប្បធម៌ សាសនា និងមនោគមវិជ្ជានយោបាយផ្សេងៗរវាងបណ្តាប្រទេស ក៏ដូចជាសមាសភាពដែលបានមកជួបជុំគ្នាយ៉ាងរីករាយ។ ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជាបានផ្តល់ឱកាសដល់បណ្តាប្រទេសក្នុងតំបន់ជួបជុំគ្នា ពង្រឹងទំនាក់ទំនង និងបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងទេពកោសល្យកីឡារបស់ពួកគេយ៉ាងពេញទំហឹង។

បន្ថែមពីនេះ ការយកចិត្តទុកដាក់របស់កម្ពុជាលើការអភិវឌ្ឍន៍កីឡាអាចរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងការដាក់បញ្ចូលទៅក្នុងសង្គមកីឡារួមក្នុងតំបន់។ កីឡាអាចផ្តល់អំណាចដល់បុគ្គលម្នាក់ៗ ជាពិសេសអ្នកដែលមកពីក្រុមដែលជួបការលំបាក និងខ្វះខាត ដើម្បីកែលម្អសុខភាព ការអប់រំ និងជំនាញសង្គមរបស់ពួកគេ។ ការវិនិយោគរបស់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ការលើកកម្ពស់កីឡាជាមូលដ្ឋាន និងការលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាល អាចផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលមិនត្រឹមតែអត្តពលិកឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រមូលផ្តុំជាសហគមន៍យ៉ាងទូលំទូលាយ ដែលជាចំណែកមួយយ៉ាងដ៏សំខាន់ក្នុងការជួយកាត់បន្ថយវិសមភាព និងធ្វើឱ្យប្រសើរឡើងនូវការរស់នៅក្នុងសង្គមមួយជាមួយគ្នា។
បន្ថែមពីនេះ ការរៀបចំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ចំពេលពិភពលោកកំពុងបន្តជួបវិបត្តិដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ជាង២ឆ្នាំ រួមជាមួយនឹងវិបត្តិផ្សេងៗមួយចំនួនទៀត ជាពិសេសការសាយភាយនូវឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីសង្គ្រាមរវាងអ៊ុក្រែន និងរុស្ស៊ី នោះ ក៏អាចជាបទពិសោធន៍ដ៏មានតម្លៃក្នុងការគ្រប់គ្រងវិបត្តិ និងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ។ ជាក់ស្ដែង ក្នុងគ្រាដែលបណ្តាប្រទេសមួយចំនួននៅលើពិភពលោកកំពុងប្រឈមនឹងការបន្តការរាតត្បាតនៃជំងឺកូវីដ ១៩ បានរំខានដល់ការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ ប៉ុន្តែសម្រាប់កម្ពុជាបានអនុវត្តនូវយុទ្ធសាស្ត្រសំខាន់ៗយ៉ាងសកម្ម រហូតអាចគ្រប់គ្រង់ និងចាកឆ្ងាយពីវិបត្តិកូវីដ ១៩ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ជាប្រវត្តិសាស្ត្រយ៉ាងមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត។

អ្វីដែលកាន់តែគួរឱ្យស្ញប់ស្ញែង និងមោទកភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក្រៅតែពីបទពិសោធន៍ដ៏មានសារៈសំខាន់ចំពោះសន្តិភាពពិភពលោកហើយនោះ ស្ថិតនៅក្រោមពាក្យស្លោកផ្សព្វផ្សាយដ៏មានអត្ថន័យ «កីឡា រស់នៅក្នុងសន្តិភាព» (SPORTS LIVE IN PEACE) កម្ពុជាប្រទេសតូច តែបេះដូងធំ ក៏ត្រូវបានចារឈ្មោះជាប្រវត្តិសាស្ត្រផងដែរក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមដំបូងគេបង្អស់ដែលទទួលរ៉ាប់រងលើរាល់ការចំណាយទាំងអស់សម្រាប់ប្រតិភូកីឡាមកពីគ្រប់ប្រទេសដែលជាសមាជិក រាប់ទាំងការធ្វើដំណើរ ការស្នាក់នៅ និងការហូចុកយ៉ាងបរិបូរណ៍ជាទីបំផុតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content