ភ្នំពេញ ៖ ក្នុងគោលបំណងជួយលើកកម្ពស់វិស័យសំណង់នៅកម្ពុជា រាជរដ្ឋាភិបាលបានប្រកាសពីការលើកលែងអាករពិសេសចំនួន ៥ភាគរយ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកដោយចាត់ទុកជាបន្ទុករបស់រដ្ឋដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ក្នុងស្រុកឱ្យមានភាពល្អប្រសើរ។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះសហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកដែលចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេស ៥ភាគរយលើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុកសម្រាប់រយៈពេល០២ឆ្នាំ ដែលត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦។
តាមរយៈប្រកាសថ្មីនេះក្រសួងបានតម្រូវឱ្យសហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកទាំងអស់ ត្រូវអនុវត្តការតព្វកិច្ចមួយចំនួនដូចជា ១.ត្រូវដាក់លិខិតប្រកាសសារពើពន្ឋប្រចាំខែ និងប្រចាំឆ្នាំ រួមទាំងពន្ឋ-អាករដែលត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ឋគ្រប់គ្រងការប្រកាសតាមអនឡាញ (e-filling) របស់អគ្គនាយកដ្ឋានពន្ឋដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ២.ត្រូវកត់ត្រា និងថែរក្សាឯកសារបញ្ជីការគណនេយ្យ និងព័ត៌មាន ដែលទាក់ទងនឹងសម្មភាពអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ឋដារជាធរមាន។ ៣.ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល ផ្ទេរចំណេះដឹងនិ ងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យបានកាន់តែច្រើន និងល្អប្រសើរដើម្បីចូលរូមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។ ៤.ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជាការបង់ពន្ឋ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថានសង្គមជាដើម និង៥.ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពាក់ព័ន្ឋនឹងថ្លៃដើមសមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គមជាដើម។
លោក ពុត ចិន្ថារិទ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន អេអេសភី អេនធើប្រាយ និងជាប្រធានសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា មានប្រសាសន៍គាំទ្រចំពោះការលើកលែងពន្ឋ-អាករ៥% របស់ក្រសួងសេដ្ឋកិ្ចច និងហិរញ្ញវត្ថុ ដែលជាទស្សនវិ័ស័យច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការលើកកំពស់ការផលិតស៊ីម៉ង់ត៍ក្នុងស្រុកឱ្យកាន់តែមានភាពល្អប្រើសើរ។
លោកបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា មកទល់នឹងពេលបច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុកចំនួន៥កំពុងដំណើរការផលិត ហើយនឹងចាប់ផ្តើមដំណើរការក្រុមហ៊ុនថ្មីមួយបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ។
សូមជម្រាបថា គិតត្រឹមរយៈពេល១២ខែឆ្នាំ២០២៤ កន្លងទៅ កម្ពុជាផលិតបានស៊ីម៉ង់ត៍សរុបចំនួន ៧ ៣៨៤ ៤៦៦តោន ដែលក្នុងនោះក្រុមហ៊ុន CMIC ផលិតបានចំនួន ១ ៩២១ ៦១៦តោន, ក្រុមហ៊ុន SCG-KEM ផលិតបានចំនួន ២ ១៤៩ ០៧៤, ក្រុមហ៊ុន Conch ផលិតបានចំនួន ១ ៦៥២ ៥០០តោន, ក្រុមហ៊ុន HUAXIN ផលិតបានចំនួន ៩៩០ ២៨០តោន និងក្រុមហ៊ុន Thai Boon Roong ផលិតបានចំនួន ៦៧០ ៩៩៦តោន៕ អត្ថបទ ៖ ឈុនហ៊ាត