ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសរួមគ្នាមួយ ដោយជូនដំណឹងអំពីការសម្រេចបន្តហាមឃាត់ការនាំចូលថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កករយៈពេល ៦ខែថែមទៀតដោយគិតចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តែយ៉ាងណា វិធានការបន្តហាមឃាត់នេះ មិនអនុវត្តចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលនាំចូលទំនិញសម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់នាំចេញនោះឡើយ។
ការសម្រេចបន្តហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចេញ។ ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីផ្តើមនៃសត្វជ្រូកដែលអាចបរិភោគបាននៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគំរាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល០៦ខែបន្ថែមទៀតដែលមានសុពលភាពចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ខែមីនា ឆ្នាំ២០២៥លើមុខទំនិញដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយ ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានអបអរសាទចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលដែលគិតគូរដល់ជីវភាពរបស់ប្រជាកសិករ ត្បិតការនាំសាច់បង្កកនាពេលកន្លងមក បានជះឥទ្ធិពល និងផលអវិជ្ជមានដល់វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា។
លោក ស្រ៊ុន ពៅ បានបន្ថែមថា ការបន្តផ្អាកនាំចូលចំណែកសាច់បង្កក និងគ្រឿងក្នុង ៦ខែទៀតនេះ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកចិញ្ចឹមនៅក្នុងស្រុក ដែលចំណុចទាំងនេះហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធបានគិតគូរបានត្រឹមត្រូវ ។ លោកថា ការបិទផ្អាកការនាំចូលកន្លងមកនេះ កម្ពុជាមិនមានខ្វះខាតសាច់ទេ មានតែនៅសល់ថែមទៀតផង ។
ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាក៏អំពាវនាវឱ្យកសិករអ្នកចិញ្ចឹម ត្រូវចិញ្ចឹមសត្វតាមស្តង់ដាមួយដែលប្រកបដោយគុណភាពខ្ពស់ ។ ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ក៏បានស្នើសុំឱ្យសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ សុំចាត់វិធានការឱ្យបានតឹងរឹងបន្ថែមទៀត ខណៈលោកមើលឃើញថា រយៈ៦ខែកន្លងមក ដែលរាជរដ្ឋាភិបាលផ្អាកការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងនេះ ប៉ុន្តែនៅលើទីផ្សារនៅតែឃើញមានដាក់លក់ជាហូរហែនូវសាច់បង្កក ដែលក្រសួងបានហាមឃាត់នេះ៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content