តើបេសកកម្ម៣ថ្ងៃនៅចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលអ្វីខ្លះ?

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញ នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ នៅទីក្រុងគុនមិញ ខេត្តយូណាន នៃ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បេសកកម្មរយៈពេល៣ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចំនួន ៣ ជំនួបទ្វេរភាគីជាមួយប្រមុខដឹកនាំប្រទេសចំនួន ២ ជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តយូណាន ជំនួបសម្តែងការគួរសម ជាមួយប្រធានក្រុមហ៊ុនបរទេសធំៗចំនួន ៧ និងពិធីសំណេះសំណាលជាមួយនិស្សិតនៃសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្របខ័ណ្ឌកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបើក និងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍»។

សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាគាំទ្រមូលបទខាងលើដោយបានកត់សម្គាល់ពីបញ្ហាប្រឈមនានាដែលកំពុងបន្តកើតមានបន្តបន្ទាប់។ សម្តេចធិបតី ក៏បានបញ្ជាក់អំពីបញ្ហាប្រឈមសកលដែលមានលក្ខណៈស្មុគស្មាញក្នុងអនុតំបន់មេគង្គ រួមមាន ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ ការគំរាមកំហែង ដល់ពាណិជ្ជកម្មសេរី និងហានិភ័យទាក់ទងនឹងអាកាសធាតុ ព្រមទាំងបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបភាពប្រឈមទាំងអស់នេះ។

សម្តេចធិបតី បានអបអរសាទរចំពោះវឌ្ឍនភាពដែលអនុតំបន់សម្រេចបាន និងគូសបញ្ជាក់ពីកាលានុវត្តភាពដើម្បីទាញយកផលប្រយោជន៍ពីការធ្វើឌីជីថលូបនីយកម្ម និងនវានុវត្តន៍ដើម្បីពង្រីកសក្តានុពលសម្រាប់សមាហរណកម្ម និងការតភ្ជាប់អនុតំបន់ឱ្យកាន់តែប្រសើរឡើង។ សម្តេចធិបតី ក៏បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទទួលយកបដិវត្តន៍ឌីជីថល ដើម្បីសម្រេចបាននូវគោលដៅនៃការកសាងរដ្ឋាភិបាល និងសង្គមឌីជីថលដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ បានអនុម័ត៖ យុទ្ធសាស្ត្រស្តីពីនវានុវត្តន៍សម្រាប់ការ អភិវឌ្ឍនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ និង សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលលើកទី៨ ដែលក្នុងនោះ ថ្នាក់ដឹកនាំទាំងអស់បានទទួលស្គាល់សមិទ្ធផលដែលសម្រេចបាននាពេលថ្មីៗ និងបានគូសបញ្ជាក់ពីទិសដៅអនាគត សម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរួម ក្នុងការកសាងអនុតំបន់ ដែលមានការរួបរួមគ្នា វិបុលភាព ចីរភាព និងបរិយាបន្ន កាន់តែប្រសើរឡើង។

ចំណែកក្របខ័ណ្ឌកិច្ចប្រជុំកំពូល ACMECS លើកទី១០៖ សម្តេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី ១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ»។ ក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី បានគូសបញ្ជាក់ថាបណ្តាប្រទេសACMECSគួរតែកំណត់យកនូវចក្ខុវិស័យ ប្រកបដោយមហិច្ឆតាមួយដើម្បីធ្វើសហថាមពល ផលិតកម្មស្បៀងតំបន់ឱ្យក្លាយជាមជ្ឈមណ្ឌលនាំចេញស្បៀង ដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសនៅក្នុងដំណាក់កាលដែលមានការរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក និងការកើនឡើងនៃតម្លៃទំនិញនាពេលថ្មីៗនេះ។ សម្តេចធិបតី ក៏បានអំពាវនាវឱ្យមានការប្រាស្រ័យទាក់ទងសកម្មបន្ថែមទៀតជាមួយដៃគូអភិវឌ្ឍន៍នានា និងការបង្កើតនូវមូលនិធិអភិវឌ្ឍន៍ ACMECS ឱ្យបានឆាប់ ដើម្បីជួយគាំទ្រ ដល់គម្រោងអាទិភាពជាច្រើនរបស់ ACMECS ដែលត្រូវការហិរញ្ញប្បទានជាចាំបាច់។

ថ្នាក់ដឹកនាំ ACMECS បានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ និងបានសម្រេចដាក់ឯកសារ «ទស្សនទានស្តីពីការគ្រប់គ្រងធនធានទឹកក្នុងអនុតំបន់មេគង្គ» ទៅក្នុងឧបសម្ព័ន្ធផែនការមេ ACMECS ឆ្នាំ២០១៩- ២០២៣ និងអនុម័តការដាក់បញ្ចូលប្រទេសណូវែលសេឡង់ទៅក្នុងក្រុមទីពីរ នៃដៃគូអភិវឌ្ឍន៍របស់ ACMECS។

សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងទៀតថា៖ក្របខ័ណ្ឌកិច្ចប្រជុំកំពូល CLMV លើកទី១១៖ សម្តេចធិបតី បានរំលេចថា៖ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការធានាបាននូវសុវត្ថិភាព សុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជន ព្រមទាំងការពារផលប្រយោជន៍ក្នុងតំបន់ ។ សម្តេចធិបតីបានអំពាវនាវឱ្យជំរុញវិស័យកសិកម្មជា អាទិភាពគន្លឹះ ដើម្បីទ្រទ្រង់និងលើកកម្ពស់ផលិតភាព និងទិន្នផល សម្រាប់សន្តិសុខស្បៀង និងបានគូសបញ្ជាក់ពី តម្រូវការក្នុងការខិតខំប្រឹងប្រែងនៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីជួយដល់សហគ្រាសធុនតូចនិងមធ្យម និង សារសំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ពីផែនការការងារទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត សំដៅដោះស្រាយឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV និងវិស័យអាទិភាពនានា។

ថ្នាក់ដឹកនាំ CLMV បានបញ្ចប់កិច្ចប្រជុំកំពូលដោយអនុម័តលើ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១១។ រីឯក្របខ័ណ្ឌនយោបាយ និងការទូត សម្តេចធិបតីត្រូវបានទទួលការធ្វើបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស នៅអាកាសយានដ្ឋានអន្តរជាតិ Changshui ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយតំណាងថ្នាក់ដឹកនាំខេត្ត មុននឹងអញ្ជើញទទួលជំនួបសម្តែងការគួរសមដោយ ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន និងជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេស នៅសណ្ឋាគារ Green Lake។

ជំនួបសម្តែងការគួរសមដោយអភិបាលខេត្តយូណាន៖ នៅក្នុងជំនួបនេះ សម្តេចធិបតី និងឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន វិស័យពាណិជ្ជកម្ម ការវិនិយោគ ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្តុះបណ្តាលព្រមទាំងវិស័យ​ទេស​ចរណ៍ ជាដើម។ក្នុងនោះ សម្តេចធិបតីបានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិនស្របពេលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការរវាងតំណាងក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងមន្ទីរការបរទេស នៃខេត្តយូណានជួបប្រជុំគ្នាឱ្យបានឆាប់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ចំណែក ឯកឧត្តម អភិបាលខេត្តយូណាន បានសន្យាពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍កាន់តែច្រើនថែមទៀតដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាននិងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិនទៅធ្វើទេសចរណ៍នៅប្រទេស កម្ពុជា ដែលមានគោលដៅទេសចរណ៍ដ៏សម្បូរបែប។

ចំពោះជំនួបទ្វេភាគីកម្ពុជា-មីយ៉ាន់ម៉ា៖ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើវិស័យ សំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម និងការតភ្ជាប់ប្រជាជននិងប្រជាជន។ នៅក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអរគុណកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួនក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីស្ថានការណ៍នយោបាយទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកល នាពេលខាងមុខរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ជាការឆ្លើយតប សម្តេចធិបតី សង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីសារសំខាន់ នៃកិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5-Point Consensus) របស់អាស៊ាន។

ជំនួបទ្វេភាគីកម្ពុជា-វៀតណាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្ត ស្វាយសៀមថ្មី) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗនេះ។ សម្តេចធិបតី បានគូសបញ្ជាក់អំពី ការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាការឆ្លើយតប ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ទោះបីជាប្រឈមនឹងសម្ពាធសេដ្ឋកិច្ចសកលក៏ដោយ។ ម្យ៉ាងទៀត កិត្តិសព្ទរបស់កម្ពុជានៅលើឆាកអន្តរជាតិក៏ត្រូវបានលើកកម្ពស់បន្ថែមទៀត។ សម្តេចធិបតីនិងឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ទៅលើវិស័យ សំខាន់ៗមួយចំនួន រួមមាន វិស័យទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពល ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក៏ដូចជាការអប់រំ យុវជន និងវប្បធម៌។

ទាក់ទងនឹងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល GMS លើក ទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ សម្តេចធិបតី បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន និងធុរជនបរទេសជួបសម្តែងការគួរសមជាបន្តបន្ទាប់ក្នុងគោលបំណងទាក់ទាញការវិនិយោគបន្ថែមនៅកម្ពុជា រួមមាន ក្រុមហ៊ុន Zhengzhou chen’s sun ក្រុមហ៊ុន ZhongJiao Tongli ក្រុមហ៊ុន Guoxing Group Companies ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ក្រុមហ៊ុន Ju Wang Footwear Co., Ltd and Juhuiland Co., Ltd ក្រុមហ៊ុន Yunnan Investment Group និងក្រុមហ៊ុន Sailun Group។ ក្នុងនោះក្រុមហ៊ុន និងធុរជនបរទេសដែលបានជួបសម្តែងការគួរសមជាមួយ សម្តេចធិបតី សុទ្ធតែបានបង្ហាញពីបំណងបោះទុន វិនិ យោគថ្មី និងពង្រីកការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសវិស័យកសិកម្ម កសិ-ឧស្សាហកម្ម វាយនភណ្ឌ សួនឧស្សាហកម្មនិងរោងចក្រ ទេសចរណ៍ ថាមពលស្អាត ដំណាំកៅស៊ូ ដំឡូងមី ធុរេន ចេក ស្វាយ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រកែច្នៃផលិតផលកៅស៊ូ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានធានានូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះសម្រាប់ វិនិយោគិននៅកម្ពុជា។

ក្រៅពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានជួបសំណេះសំណាលជាមួយនិស្សិតនៃសមាគមកម្ពុជាដែលកំពុងសិក្សានៅខេត្ត យូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយក្តីស្រឡាញ់រាប់អាន ភាពកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។

គួរកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានមហាជោគជ័យនៃ បេសកកម្មការទូតក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។ បេសកកម្មនៅសាធារណរដ្ឋ ប្រជាមានិតចិនរបស់ សម្តេចធិបតី នាពេលនេះ គឺជាព្រឹត្តិកាណ៍ថ្មីមួយទៀតដែលធ្វើឱ្យកម្ពុជាកាន់តែលេចមុខមាត់ ខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។ សមិទ្ធផលការងារដ៏ធំធេងដែលរាជរដ្ឋាភិបាលទទួលបានក្នុង រយៈពេលជាង១ឆ្នាំមកនេះ បានផ្តល់ភាពកក់ក្តៅ និងធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមានមោទនភាព និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែល ជាម្ចាស់ឆ្នោត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

កិច្ចសន្ទនា​យុវជន​កម្ពុជា​-​ចិន ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​បញ្ញវន្តកាន់តែ​ស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

ភាពជាដៃគូរវាងប្រទេសកម្ពុជា និងប្រទេសចិន គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្លាស់ប្តូរបញ្ញា និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ស្របពេលពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការបែកខ្ចែកសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស

ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/05/2026

ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ ក្នុងរាជធានីភ្នំពេញ បាន​និងកំពុង​ចូលរួម​ចំណែក​ជំរុញ​ចរន្តសេដ្ឋកិច្ច​កម្ពុជាយ៉ាង​សំខាន់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/05/2026

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ នៅក្នុងរាជធានីភ្នំពេញ បាននិងកំពុង​ចូលរួម​ចំណែក​ជំរុញចរន្ត​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដោយបានសម្រួលដល់ការធ្វើ​ដំណើរផង សម្រួលដល់​ការ​ដឹកជញ្ជូនទំនិញរបស់ពរដ្ឋ​កាត់ផង និង​បន្ថយការ​កកស្ទះក្នុងរាជធានីភ្នំពេញ ក៏ដូចជា​ជំរុញចរន្ត​សេដ្ឋកិច្ច​ទូទាំងប្រទេសផងដែរ

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី