ក្នុងឱកាសធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលប្រព្រឹត្តទៅនាខេត្តសៀមរាប អ្នកជំនាញអភិរក្សសត្វព្រៃជនជាតិអង់គ្លេសមួយរូបបានអំពាវនាវសុំការចូលរួមពីប្រជាជនគ្រប់រូប ក្នុងការស្រោចស្រង់វត្តមានសត្វព្រៃឡើងវិញ។

ក្នុងដំណើរទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ដែលមានការ ចូលរួមពីអ្នកតំណាងអង្គការអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថាន តំណាងក្រសួងបរិស្ថាន ក៏ដូចជាអ្នកសារព័ត៌មានមកពីស្ថាប័នខុសៗគ្នា លោក Nick Marx អ្នកជំនាញអភិរក្សសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសាទរ និងថ្លែងអំណរគុណជាខ្លាំងចំពោះឳកាសក្នុងការផ្សព្វផ្សាយ ពីបញ្ហាអន្ទាក់លើសត្វព្រៃដែលលោកតែតែជួបប្រទះកន្លងមក។
លោក Nick Marx ជាបុរសជនជាតិអង់គ្លេសដែលរួមចំណែកមួយផ្នែកធំក្នុងការជួយសង្គ្រោះសត្វព្រៃនៅកម្ពុជាជាង ២០ឆ្នាំមកនេះ បានកត់សម្គាល់ពីបញ្ហាដែលនៅតែចោទចំពោះជីវិតសត្វព្រៃគឺ «អន្ទាក់»។
លោក Nick Marx បានមានប្រសាសន៍ដូច្នេះថា ៖
“មូលហេតុដែលសត្វព្រៃស្ទើរតែអស់ពីកម្ពុជា គឺដោយសារតែអន្ទាក់ អ្នកចូលក្នុងព្រៃមិនមែនដាក់អន្ទាក់តែមួយទេ គេដាក់អន្ទាក់រាប់រយ ម្យ៉ាងទៀត អន្ទាក់មិនមែនចាប់តែសត្វមួយប្រភេទទេ គឺគេចាប់សត្វគ្រប់ប្រភេទទាំងអស់។”

ក្នុងនោះផងដែរ គម្រោងដោះលែងសត្វចូលទៅក្នុងឧទ្យានអង្គរ ជាគម្រោងមួយក្នុងការស្រោចស្រង់ វត្តមានសត្វព្រៃឡើងវិញ ដោយការកសាងជម្រកដែលមានសុវត្ថិភាពសម្រាប់ពួកគេរស់នៅ។
អ្នកជំនាញរូបនេះបានបន្តឱ្យដឹងទៀតថា ៖
“យើងធ្លាប់ដោះលែងសត្វចូលទៅក្នុងឧទ្យានអង្គរច្រើនប្រភេទដូចជា សត្វតូច ស្វាព្រាហ្មណ៍ ឈ្លូស សំពោច ឆ្មាដាវ កីងកុង ក្ងោក និងសត្វភេ…ពួកវារស់នៅក្នុងព្រៃអត់មានបញ្ហា បញ្ហាតែ១ គឺមនុស្សចាប់សត្វ។”
អ្វីដែលនាំឱ្យលោកមានការព្រួយបារម្ភគឺ ថ្មីៗនេះមានការលបលួចចូលដាក់អន្ទាក់សត្វនៅក្នុងតំបន់ឧទ្យានអង្គរនេះ ហើយជាលទ្ធផលសត្វភេញីមួយក្បាលបានស្លាប់។ ថ្វីត្បិតតែនេះជាករណីទី១ ប៉ុន្តែវាជាការគំរាមគំហែងដល់ការរស់នៅរបស់សត្វព្រៃ ខណៈដែលក្រសួងបរិស្ថាន អង្គការពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរជាតិអប្សារា ខិតខំថែរក្សាសុវត្ថិភាពក្នុងតំបន់នេះយ៉ាងតឹងរឹង។ បើទោះបីជាមានការល្បាតក្ដី ប៉ុន្តែនៅតែមានករណីខ្លះដែលមានចន្លោះប្រហោង ហើយដែលនេះគឺទាម ទារការចូលរួមពីប្រជាពលរដ្ឋបន្ថែមទៀត។

លោក Nick Marx បានលើកឡើងថា ៖
“ខ្ញុំសុំទាំងអស់គ្នាកុំដាក់អន្ទាក់ក្នុងព្រៃ ហើយខ្ញុំសុំរាជរដ្ឋាភិបាល ពង្រឹងច្បាប់លើការដាក់ពិន័យឲ្យខ្លាំងជាងមុន ដើម្បីការពារសត្វព្រៃពីអន្ទាក់ បើយើងអត់ធ្វើទេ សត្វព្រៃនឹងអស់ពីប្រទេសតែម្ដង។”
យ៉ាងណាមិញ អ្នកជំនាញរូបនេះក៏បានបង្ហាញពីគម្រោងក្នុងការដោះលែងសត្វបន្តទៀតដែរថា ៖
“យើងមានគម្រោងដោះលែងសត្វច្រើនទៀតដូចជានៅកោះកុង ប៉ុន្តែការដោះលែងយើងមិនអាចដោះលែងសត្វនៅកន្លែងតែ ១បាន នៅអង្គរយើងមិនអាចដោះលែងខ្លាឃ្មុំបានដោយសារព្រៃធំពេក ប៉ុន្តែនៅទីនេះព្រៃល្អ អាជ្ញាធរល្អ ដែលយើងអាចដោះលែងសត្វដូចជាស្វា និងឈ្លោះបាន ប៉ុន្តែសត្វមួយចំនួនទាល់តែព្រៃធំជាងនេះ។”
ដោយឡែក នៅក្នុងដំណើរការនៃការដោះលែងសត្វព្រៃ គឺលោកមិនដោះលែងភ្លាមទេ ដោយនឹងមានការដាក់សត្វនោះក្នុងទ្រុងក្នុងរយៈពេល ៥ ទៅ ៦ខែឲ្យពួកគេស្គាល់កន្លែងដែលត្រូវនៅសិន បន្ទាប់មកទើបលោក និងក្រុមការងារបើកទ្វារទ្រុងឲ្យសត្វទាំងនោះចូលទៅរស់នៅក្នុងព្រៃតែម្ដង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content