កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ជោគវាសនារួម ក្នុងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយ ក្រៅពីការផ្ដល់ជំនួយឥតសំណង មិត្តចិនក៏បានផ្ដល់នូវឥណទានសម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅឯពិធីបើកការដ្ឋានស្ថាបនាគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ដែលមានការចូលរួមពីសំណាក់ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្ដេចតេជោ បានថ្លែងថា សមិទ្ធផលនេះមិនមែនធ្លាក់ពីលើមេឃទេ តែវាបានមកពីការខិតខំប្រឹងប្រែងរបស់យើង ក្នុងនឹងក៏សូមបញ្ជាក់ផងដែរថា មិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាក់ទងជាមួយនឹងផ្លូវ ស្ពាន ដែលយើងបានធ្វើរយៈពេលកន្លងទៅ។ ដែលក្នុងនោះមកដល់ពេលនេះមិត្តចិន បានចូលរួមចំណែកជួយសាងសង់ផ្លូវយើងមានចំនួន ៣០ ខ្សែ ដែលមានប្រវែងជាង ៣០០០គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ជិត ២ ០០០ លានដុល្លារអាមេរិក និងកំពុងសាងសង់ចំនួន៣ខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណជា ៥០០លានដុល្លារអាមេរិក។ ឯស្ពានធំៗមានចំនួន៩ ដែលបានកសាងរួច និងកំពុងសាងសង់បន្តនោះ។
សម្ដេចតេជោ បានគូសបញ្ចាក់ថា ជោគវាសនារួមក្នុងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ហើយដែលមិត្តចិនក្រៅពីការផ្ដល់ជំនួយឥតសំណង មិត្តចិនក៏បានផ្ដល់នូវឥណទានសម្បទានសម្រាប់អភិវឌ្ឍកម្ពុជា។ រឿងនេះបានកើតចេញ និងមើលឃើញជាក់ស្តែនៅតាមសមិទ្ធផលទាំងអស់ ដែលបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋយើង។
សម្ដេចតេជោ បានលើកឡើងមិនត្រឹមតែពីការអភិវឌ្ឍផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រធំៗ ដែលមានខ្នាតធំ សម្រាប់បណ្តាខេត្តនានា ហើយនឹងទាក់ទងវិស័យដទៃទៀត មិត្តចិនបានជួយអភិវឌ្ឍន៍នារយៈពេលកន្លងទៅ។
សម្ដេចតេជោបានមានប្រសាសន៍ថា គ្រាន់តែក្នុងឆ្នាំ ២០២២ នេះ គឺយើងមានកិច្ចការជាច្រើនដែលបានធ្វើជាមួយគ្នា និងកំពុងធ្វើ។ ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀតនឹងត្រូវបើកការដ្ឋាននៅចុងឆ្នាំនេះ ហើយនិងដើមឆ្នាំក្រោយដែលហេដ្ឋារចនាសម្ព័ន្ធទាំងនោះសុទ្ធតែជាហិរញ្ញប្បទានរបស់មិត្តចិនរបស់យើង។
សម្តេចតេជោ នឹងត្រូវចុះទៅខេត្តកំពតថ្ងៃទី៣០ បើកការដ្ឋានផ្លូវមួយទៀតនៅខេត្តកំពត។ ដើមឆ្នាំក្រោយសម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្ដម Wang Wentian (ដើមឆ្នាំ២០២៣) សម្តេចត្រូវធ្វើដំណើររួមគ្នាទៅខេត្តក្រចេះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងថ្ងៃទី០៩ ខែមករា ត្រូវបើកការដ្ឋាន នៅខេត្តកំពង់ចាម ដែលមានការដ្ឋានធំៗពីរ ដែលជាសមិទ្ធផលថ្មី និងជាផលប្រយោជន៍របស់ប្រជាពលរដ្ឋរបស់យើង៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content