ភ្នំពេញ៖ ការចិញ្ចឹមកន្ធាយកំពុងក្លាយជាមុខរបរកសិកម្មមួយដែលមានសក្តានុពលនៅកម្ពុជា ខណៈតម្រូវការសាច់កន្ធាយកំពុងកើនឡើងនៅតាមភោជនីយដ្ឋាន និងទីប្រជុំជននានា ពិសេសកសិករអាចរកចំណូលជាង ១២,០០០ ដុល្លារ ពីការចិញ្ចឹមកន្ធាយប្រមាណ ៥,០០០ក្បាលក្នុងរយៈពេល ៦ ខែ ក្នុងស្រះមួយ។
លោក ចន បូរិន ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយកម្ពុជា ដែលមានទីតាំងនៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱ្យដឹងថា តម្លៃកន្ធាយបច្ចុប្បន្នមានប្រមាណ ៦ ទៅ ៨ ដុល្លារក្នុងមួយគីឡូក្រាម កើនពីប្រមាណ ៥ ដុល្លារក្នុងមួយគីឡូក្រាមកាលពីមុន។
លោក បូរិន បានចាប់ផ្តើមចិញ្ចឹមកន្ធាយតាំងពីឆ្នាំ ២០១៩ ដោយដំបូងចិញ្ចឹមត្រឹម ៥០០ ក្បាលក្នុងស្រះមួយសម្រាប់សាកល្បង។ ដោយសារកន្ធាយងាយស្រួលចិញ្ចឹម និងមានទីផ្សារល្អ លោកបានពង្រីកកសិដ្ឋានរហូតដល់ ២៤ ស្រះ នៅពេលបច្ចុប្បន្ន។
លោកបានពន្យល់ថា ស្រះដែលមានទំហំទទឹង ១០ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ អាចចិញ្ចឹមកន្ធាយបានជាមធ្យមប្រមាណ ៥,០០០ ក្បាល។ ក្នុងរយៈពេល ៦ ខែ កសិករអាចប្រមូលកន្ធាយលក់បានទម្ងន់សរុបជាមធ្យមប្រមាណ ២,៥ តោន។
ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ន ៦ ទៅ ៨ ដុល្លារក្នុងមួយគីឡូក្រាម កន្ធាយក្នុងស្រះមួយអាចបង្កើតចំណូលសរុបជាង ១២,០០០ដុល្លារ ក្នុងមួយវគ្គចិញ្ចឹម (តាមការប៉ាន់ប្រមាណរបស់ លោក បូរិន) ខណៈការចំណាយលើកូនកន្ធាយ ចំណី និងការថែទាំសុខភាពផ្សេងៗមានប្រមាណ ៥០ភាគរយ ឬប្រមាណ ៦,០០០ដុល្លារ។ ដូច្នេះ ប្រាក់ចំណេញអាចមានប្រមាណ ៦,០០០ដុល្លារ ក្នុងមួយស្រះ។
លោក បូរិន បាននិយាយថា តម្រូវការកន្ធាយមានខ្ពស់នៅតាមទីប្រជុំជន ជាពិសេសតំបន់ដែលមានប្រជាជនចិនរស់នៅច្រើន។ កសិដ្ឋានរបស់លោកមានកន្លែងលក់នៅភ្នំពេញ និងផ្គត់ផ្គង់ទៅអតិថិជននៅតាមខេត្តជាច្រើន ស្ទើរគ្រប់រាជធានី-ខេត្ត ដោយទីផ្សារខ្លាំងមាននៅកំពង់សោម សៀមរាប និងស្វាយរៀង។
សម្រាប់បច្ចេកទេសចិញ្ចឹម លោកបានណែនាំថា កសិករត្រូវរៀបចំស្រះឱ្យស្អាត ហ៊ុំព័ទ្ធដោយសំណាញ់ឱ្យបានជិត ដើម្បីការពារកន្ធាយចេញពីស្រះ ព្រមទាំងពិនិត្យគុណភាពទឹក ដូចជា កម្រិត pH កំហាប់អំបិល និងកំហាប់បាស ឱ្យស្របតាមស្តង់ដារ។ កសិករក៏ត្រូវដាំរុក្ខជាតិទឹកសម្រាប់ធ្វើជាជម្រកដល់កន្ធាយផងដែរ។
បន្ទាប់ពីរៀបចំស្រះរួច កសិករអាចយកកូនកន្ធាយដែលមានអាយុប្រមាណ២ខែមកចិញ្ចឹម និងផ្តល់ចំណីជាប្រចាំ។ បន្ទាប់ពីចិញ្ចឹមប្រមាណ៦ខែ កន្ធាយអាចប្រមូលលក់បាន ដោយមានទម្ងន់ប្រមាណ ០,៦ទៅ០,៨គីឡូក្រាមក្នុងមួយក្បាល។
លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បច្ចុប្បន្ន សាច់កន្ធាយមានតម្រូវការខ្ពស់នៅលើទីផ្សារ ជាពិសេសនៅតាមភោជនីយដ្ឋានក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានាតាមបណ្តាខេត្ត។
លោកបានឱ្យដឹងថា តម្រូវការកន្ធាយក៏ត្រូវបានជំរុញដោយអ្នកនិយមទទួលទានសាច់អណ្ដើកដែលងាកមកទទួលទានសាច់កន្ធាយជំនួសវិញ ខណៈអណ្ដើកជាប្រភេទសត្វកម្រ និងការជួញដូរសាច់អណ្តើកត្រូវបានច្បាប់ហាមឃាត់។
លោកបន្តថា ការចិញ្ចឹមកន្ធាយក្នុងស្រុកបច្ចុប្បន្នអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានប្រមាណតែ ៣០ទៅ៤០ភាគរយ ប៉ុណ្ណោះ ខណៈបរិមាណដែលនៅសល់ភាគច្រើនត្រូវបានឈ្មួញនាំចូលពីប្រទេសជិតខាង។
លោកបានលើកទឹកចិត្តឱ្យកសិករពិចារណាចិញ្ចឹមកន្ធាយជាអាជីវកម្មកសិកម្ម ដោយសារមានទីផ្សារល្អ និងជាប្រភេទផលិតផលដែលមានសក្តានុពលបន្ទាប់ពីបង្កង៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content